ខេត្តឧត្តរមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់បទឈប់បាញ់ដោយផ្ទាល់ នៅតំបន់ព្រំដែនវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ។

ជាក់ស្តែងក្រសួងការពារជាតិ បានប្រកាសនារសៀលថ្ងៃទី២៥ ខែមិថុនានេះថា ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩:៣៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន ។

គួរបញ្ជាក់ផងដែរថា ទីតាំងទាំងនេះ សុទ្ធសឹងតែជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែង របស់ប្រជាជនស្លូតត្រង់កម្ពុជា ដែលត្រូវបានខូចខាតខ្ទេចខ្ទាំយ៉ាងដំណំ មិនអាចរស់នៅ និងប្រើប្រាស់បាន ដោយសារការវាយប្រហារប្រដាប់អាវុធជាបន្តបន្ទាប់ដោយមិនរើសគោលដៅរបស់កងកម្លាំងយោធាថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាបន្តអំពាវនាវយ៉ាងម៉ឺងម៉ាត់នូវភាពចាំបាច់ក្នុងការអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួន និងជាបន្ទាន់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលមានស្រាប់ដ៏ទៃទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស ការវិលត្រឡប់ទៅរកប្រក្រតីភាព និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ៕









ចែករំលែកព័តមាននេះ