ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​អន្តរក្រសួង ចុះ​ពិនិត្យ​ផ្ទះ​ប្រជាពលរដ្ឋនៅ​មាត់ទន្លេ​ក្នុង​ឃុំ​ព្រែក​ខ្សាយ ដែល​រង​ការ​ខូចខាត​ដោយសារ​​បា.ក់​ស្រុត​ច្រាំង​ទន្លេ

13 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី 25 ខែមិថុនា មន្ត្រី​ជំនាញ​អន្តរក្រសួង​ជា​ច្រើន​រូប ដែល​មក​ពី​ក្រសួង​រ៉ែ​ និង​ថាមពល ក្រសួងបរិស្ថាន និង​ក្រសួង​ធនធានទឹក បាន​ចុះ​ពិនិត្យ​មើល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន 6 គ្រួសារ នៅ​ឃុំ​ព្រែក​ខ្សាយ (ខ) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ ។ ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ដែល​រង​ផល​ប៉ះពាល់​បាន​ឲ្យ​ដឹង​ថា ដី​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​របស់​ពួក​គាត់ បាន​ចាប់ផ្ដើម​ស្រុត​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ដោយ​ស្រុត​ម្ដង​បន្តិច​ៗ ទើប​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដី​បាន​ស្រុត​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួក​គាត់ ត្រូវ​ប្រេះ​ហែក​ជញ្ជាំង ធ្នឹម និង​ការ៉ូ​បាត​ផ្ទះ ខូច​ស្ទើរ​ទាំងស្រុង ហើយ​ត្រូវ​បង្ខំចិត្ត​រើស​ទ្រព្យសម្បត្តិ​សំខាន់​ៗ យក​ទៅ​ដាក់​ផ្ញើ​ផ្ទះ​បងប្អូន​បណ្ដោះអាសន្ន ព្រោះ​ខ្លាច​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​ ។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ដី​ច្រាំង​ទ​នេ្ល ក្រោយ​ផ្ទះ​របស់​ពួក​គាត់​បាក់​ស្រុត គឺ​ដោយសារ​មាន​សា​ឡង់​ធំ​ៗ បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ ក្រោយ​ផ្ទះ​របស់​ពួក​គាត់ ហើយ​កន្លង​មក ពួក​គាត់​ធ្លាប់​បាន​នាំ​គ្នា​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ និង​បាន​ថត​សកម្មភាព​ក្រុម​សា​ឡង់​កំពុង​បូម​ខ្សាច់ បង្ហោះ​នៅ​ក្នុង facebook ផង​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​សោះ​ ។

ទោះជា​ម្ចាស់ផ្ទះ​ទាំងនោះ​លើក​ឡើង​បែប​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​ជំនាញ​រ៉ែ​ខេត្តព្រៃវែង​បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​រ៉ែ បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​ជា​ច្រើន​ថ្ងៃ ជា​លទ្ធផល​រក​ឃើញ​ថា ទីតាំង​នៅ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាក់​ស្រុត​នោះ ពុំ​មានការ​លួច​បូម​ខ្សាច់​ឡើយ ហើយ​ខាង​ក្រសួង​ និង​ខេត្ត ក៏​មិន​ដែល​បាន​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ណាមួយ បូម​ខ្សាច់​នៅ​ទីតាំង​នោះ​ដែរ​ ។ ប៉ុន្តែ​ទីតាំង​នោះ មាន​សា​ឡង់​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន global resources បាន​មក​ឈប់​ចត​សំរាក​នៅ​ទីនោះ ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ចោទ​ថា​គេ​មក​លួច​បូម​ខ្សាច់ តាម​ពិត​មិនមែន​ទេ ​។

ទោះជា​យ៉ាងណា​ក៏​ដោយ មន្ត្រី​ជំនាញ​អន្តរក្រសួង ដែល​បាន​ចុះ​មក​ពិនិត្យ​ផ្ទាល់​បាន​អះអាង​ថា និង​សិក្សា​ស្រាវជ្រាវ​យ៉ាង​លម្អិត ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត ដែល​ធ្វើ​ឲ្យ​មានការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ នៅ​ចំណុច​ទីតាំង​នេះ ហើយ​រក​វិធានការ​ដោះស្រាយ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​តទៅ​ទៀត​ ៕​