ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់ដូចក្នុងរឿង ! ឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីបើកឡានដោះស្លាកលេខរត់គេចពីសមត្ថកិច្ច និងបុកយានយន្តជាច្រើននៅក្រុងព្រះសីហនុ

1 ម៉ោង មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ពាក់ព័ន្ធ​ករណី​រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ដេញ​តាម និង​ឃាត់​បាន​នៅ​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឱ្យ​ដឹង​ថា ករណី​នេះ​កើតឡើង បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ព័ត៌មាន​សុំ​អន្តរាគមន៍​ពី​ម្ចាស់​រថយន្ត ដោយ​សង្ស័យ​ថា រថយន្ត​របស់​ខ្លួន​ត្រូវ​បាន​បុគ្គល​ផ្សេង​យក​ទៅ​ប្រើប្រាស់ ដោយ​បាន​ដោះ​ស្លាក​លេខ​ចេញ និង​មិនមែន​ជា​អ្នក​ជួល​រថយន្ត​ស្របច្បាប់​នោះ​ទេ ។

ក្រោយ​ទទួល​ព័ត៌មាន សមត្ថកិច្ច​ជំនាញ​នៃ​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ម្ចាស់​រថយន្ត​តាមដាន​ទីតាំង និង​បាន​ព្យាយាម​ឃាត់​រថយន្ត​ខាងលើ ដើម្បី​ត្រួតពិនិត្យ ។ ទោះជា​យ៉ាងណា អ្នកបើកបរ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ទេ ថែម​ទាំង​បាន​ព្យាយាម​បើករថយន្ត​គេចខ្លួន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់​លើ​ផ្លូវ​សាធារណៈ ដោយ​បាន​បុក​យានយន្ត​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រឿង និង​បើក​កៀរ​កម្លាំង​សមត្ថកិច្ច​ថែម​ទៀត​ផង ។

ក្នុង​គោលបំណង​បញ្ឈប់​សកម្មភាព​គ្រោះថ្នាក់ និង​ការពារ​សុវត្ថិភាព​សាធារណៈ សមត្ថកិច្ច​បាន​ប្រើ​វិធានការ​ចាំបាច់ ដោយ​ផ្ទុះអាវុធ​ឡើង​សំដៅ​បំបែក​កង់​រថយន្ត ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​បន្ត​បើក​គេចខ្លួន រហូត​ដល់​សមត្ថកិច្ច​ជំនាញ​អន្តរាគមន៍​ឃាត់​បាន នៅ​ចំណុច​លើ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ឈ្មោះ LIN XIN ភេទ​ប្រុស ជនជាតិ​ចិន ត្រូវ​បាន​ឃាត់ខ្លួន និង​នាំ​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ។ ការ​ត្រួតពិនិត្យ​ជាបឋម​ក្នុង​រថយន្ត មិន​បាន​រក​ឃើញ​វត្ថុ​សង្ស័យ ឬ​សម្ភារៈ​ខុសច្បាប់​ណាមួយ​ឡើយ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អំពាវនាវ​ដល់​សាធារណជន​កុំ​មានការ​ភាន់ច្រឡំ និង​សូម​ទទួលយក​ព័ត៌មាន​ពី​ប្រភព​ផ្លូវការ​ច្បាស់លាស់ ៕