ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​បង្ហាញ​សុទិដ្ឋិនិយម​ ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ចិន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ តប​តាម​ការ​អញ្ជើញ​របស់​បក្សកុម្មុយនិស្ត​ចិន​ (CPC) សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) និង​ជា​ប្រធាន​ព្រឹទ្ធសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦​នេះ​ ។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ លោក​បណ្ឌិត យង់ ពៅ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​សម្តេច​នឹង​លើក​ឡើង​ពី​ការ​ជំរុញ​ឱ្យ​ប្រទេស​ថៃ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ ដែល​ធ្លាប់​មាន​កន្លង​មក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពិតប្រាកដ មាន​សន្តិភាព ស្ថេ​រ​ភាព​យូ​អង្វែង ឬ​ដាក់​កំហិត​កុំឱ្យ​ថៃ​ប្រើប្រាស់​លេស​ផ្សេង​ៗ​ទៅ​លើ​បញ្ហា​ដំណោះស្រាយ​ ។

លោក​បណ្ឌិត​បញ្ជាក់​ថា ​៖ «​ខ្ញុំ​រំពឹង​ថា សម្ដេច​តេ​ជោ ដែល​គ្រោង​ជួប​ជាមួយ​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង ឬ​ជំនួប​សម​ភាគី​ផ្សេង​ទៀត នឹង​ជជែក​គ្នា​លើ​បញ្ហា​ជំ​លោះ​ព្រំដែន​កម្ពុជា និង​ថៃ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ថៃ ត្រូវ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ឱ្យ​បាន​ខ្ជាប់ខ្ជួន និង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ​ ឆ្នាំ​២០២៥ ឱ្យ​ខាន​តែ​បាន ហើយ​កុំឱ្យ​ប្រទេស​ថៃ ចេះ​តែ​ប្រើប្រាស់​លេស​ច្រើន ទៅ​លើ​បញ្ហា​ដំណោះស្រាយ​»​ ។

លោក​បណ្ឌិត​បន្ថែម​ថា ​៖ «​ខ្ញុំ​យល់​ឃើញ​ថា ចិន​ពិតជា​មាន​ឥទ្ធិពល​នយោបាយ​ទាំង​នយោបាយ​ជាមួយ​ប្រទេស​ថៃ ទាំង​ជាមួយ​ប្រទេស​កម្ពុជា ខ្ញុំ​គិត​ថា នេះ​ជា​ចំណុច​មួយ ដែល​សម្ដេច ហ៊ុន សែន នឹង​មិន​ភ្លេច​ក្នុង​ការ​លើក​ឡើង​នៅ​ក្នុង​ពេល​ ដែល​សម្ដេច​បាន​ជួប​ដៃគូរ​សន្ទនា​សម​ភាគី​របស់​សម្ដេច​នោះ​ទេ​» ​។

ចិន​ចូល​ចិត្ត​ធ្វើ​ការងារ​បែប​បតំបែន ត្រជាក់ និង​ទន់ភ្លន់ ប៉ុន្តែ​ច្បាស់លាស់​ប្រកាន់​នូវ​ភាព​ត្រឹមត្រូវ និង​ប្រាកដប្រជា មិន​រា​ថយ គឺ​តែងតែ​ដាក់​គោលដៅរ​ត់ទៅ​មុខជា​និច្ច ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី នេះ​ជា​វិធី​របស់​ចិន ​ដែល​លោក​បណ្ឌិត​បាន​មើលឃើញ​ ។

ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​ចិន គឺជា​ទំនាក់​ទំនងជា​ប្រពៃណី​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដែល​ឆ្លុះ​បញ្ចាំង​បាន​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ទិដ្ឋភាព​សម័យ​ថ្មី សម័យ​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច នរោត្តម សីហ​នុ មក​ដល់​សម័យ​តេ​ជោ ហ៊ុន សែន និង​សម័យ​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត គឺ​កាន់​រីក​ចម្រើន កាន់តែ​រឹង​មាំ ហើយ​ឥឡូវ​ក្លាយជា​ទំនាក់ទំនង​មិត្តភាព​ដែកថែប និង​ត្បូង​ពេជ្រ​ថែម​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត យង់ ពៅ​ ។

លើស​ពី​នេះ លោក​បណ្ឌិត​បាន​កត់សម្គាល់​ឃើញ​ថា ប្រទេស​ទាំង​ពីរ​តែងតែបាន​បង្ហាញ​ជំហរ​គាំពារ​គ្នា ប្រគៀក​ស្មាន​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​សកល​ជា​ច្រើន ជា​ពិសេស​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ប្រែប្រួល​នយោបាយ​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ​សកល​ដ៏​ផុយ​ស្រួយ ដោយ​ប្រទេស​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ភ្ជាប់​នូវ​វាសនា​រួម​គ្នា​ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទៀត​សោ​ធ សមាសភាព​គណៈប្រតិភូរ​មេ​ដំណើរ​សម្តេច​តេ​ជោ​រួម​មាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​រាជរដ្ឋាភិបាល​ ។

បើ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ស៊ី ជី​ន​ពីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​បញ្ឈប់​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​ចិន ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​លោក លី ឈាង នាយក​រដ្ឋមន្ត្រី​ចិន និង​លោក ចាវ ឡី​ជី ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន ​។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​ក៏​នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​។

ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​របស់​សម្តេច​តេ​ជោ បាន​សបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​បន្ត​រឹតចំណង និង​លើកកម្ពស់​មិត្តភាព​ដែកថែប ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត​ ៕