ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ការ​លើកកម្ពស់​សមធម៌​យេ​ន​ឌ័​រ និង​ការងារ​ដែល​គិតគូរ​លើ​ការ​ថែទាំ​»

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ លោក​ជំទាវ សុវណ្ណ វ​ណ្ណា​រតន៍ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី «​ការ​លើកកម្ពស់​សមធម៌​យេ​ន​ឌ័​រ និង​ការងារ​ដែល​គិតគូរ​លើ​ការ​ថែទាំ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: និង​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត ប្រមាណ ៣៥​នាក់ នៅ​សណ្ឋាគារ Sun & Moon Riverside រាជធានី​ភ្នំពេញ ​។

វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ឡើង​ដោយ​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា លើក​ទី​៨ សម្រាប់​ឆ្នាំ​២០២៣-២០២៧ រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ក្នុង​គោលបំណង​ពង្រឹង​ការ​យល់​ដឹង និង​សមត្ថភាព​របស់​មន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​បញ្ហា​សមភាព​យេ​ន​ឌ័​រ ការ​ទប់ស្កាត់​ការ​រើសអើង និង​អំពើ​ហិង្សា​ផ្អែក​លើ​យេ​ន​ឌ័​រ​នៅ​កន្លែងធ្វើការ ព្រមទាំង​ការ​លើកកម្ពស់​ការងារ​ថែទាំ​ដែល​មាន​លក្ខណៈ​បរិ​យា​បន្ន និង​ប្រកបដោយ​សមធម៌​ ។

លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ដែល​បាន​បន្ត​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការងារ​សមរម្យ​នៅ​កន្លែងធ្វើការ​ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង កាបូប និង​ផលិតផល​ធ្វើ​ដំណើរ គឺជា​វិស័យ​ស្នូល​មួយ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដែល​ផ្តល់​ការងារ​ដល់​កម្មករ​-​និយោជិត​រាប់​លាន​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ជាង ៧០​ភាគរយ នៃ​កម្មករ​-​និយោជិត​សរុប​។ ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នេះ បាន​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច លើកកម្ពស់​ជីវភាព​គ្រួសារ កាត់​បន្ថយ​ភាព​ក្រីក្រ និង​ពង្រឹង​ការ​អភិវឌ្ឍ​សង្គម ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​យេ​ន​ឌ័​រ ដូច​ជា ការ​រើសអើង ការ​បៀតបៀន​ផ្លូវភេទ ភាព​មិន​ស្មើគ្នា​ក្នុង​ឱកាស​ដឹកនាំ និង​បន្ទុក​ការងារ​ថែទាំ​ក្នុង​គ្រួសារ​ដែល​ភាគច្រើន​ធ្លាក់​លើ​ស្ត្រី​ ។

ទន្ទឹម​នេះ លោក​ជំទាវ​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ «​ការងារ​ថែទាំ​» តាម​រយៈ​ការ​ចែករំលែក​ការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ថែទាំ ការ​ពង្រីក​សេវា​ថែទាំ​ដែល​មានគុណ​ភាព និង​ការ​បង្កើត​គោលនយោបាយ​គាំទ្រ​គ្រួសារ​។ លោក​ជំទាវ​ក៏​បាន​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ កសាង​សមត្ថភាព និង​រួម​គ្នា​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ដើម្បី​ធានា​ថា​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​មាន​លក្ខណៈ​បរិ​យា​បន្ន និង​មិន​ទុក​នរណា​ម្នាក់​ចោល​។ បន្ថែម​ពី​នេះ លោក​ជំទាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វគ្គ​បណ្តុះបណ្តាល​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤-២៥ ខែមិថុនា​នេះ ផ្តល់​ចំណេះដឹង បទ​ពិសោធ និង​គំនិត​ថ្មី​ៗ​ដល់​អ្នកចូលរួម​ទាំងអស់ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​ ៕