ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​​១​យប់! ស្លា.ប់​៤​នាក់ ​របួ.សធ្ងន់​២​នាក់ ក្នុង​គ្រោះថ្នា.ក់​​ចរាចរណ៍ ៤​ករណី​ផ្សេងគ្នា នៅ​ខេត្តព្រៃវែង

1 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៤​នាក់​បាន​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៤​ករណី​ផ្សេង​ពី​គ្នា នៅ​ក្នុង​យប់​ថ្ងៃ​ទី ៣១ ឧសភា​។

ករណី​ទី​១-បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី​យប់ ថ្ងៃ​ទី ៣១ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ១១ ត្រង់​ចំណុច​ភូមិ​ព្រៃខ្លា​ទី​១ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ដោយ​ម៉ូតូ​១​គ្រឿង ម៉ាក់​វ៉េវ ពណ៌​ខ្មៅ បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ន វ៉ា ភេទ​ប្រុស អាយុ 40 ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រាច បាន​បើក​ទៅ​បុក​ម៉ូតូ​សណ្ដោងរ​ម៉ក ( ម៉ូតូ​លក់​បបរមាន់ ) ពីក្រោយ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​បើក​ម៉ូតូរ​ម៉ក​ឈ្មោះ ថន ស្រី​អូន អាយុ 44 ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។

ករណី​ទី​២-បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី​៣១ ឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ១១ ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ ( ក ) ស្រុក​ស្រុក​ពាម​រក៍ ត្រង់​ចំណុច​ខាង​មុខ​មន្ទីរ​សម្រាក​ព្យាបាល និង សម្ភព ញឹក ឌឹ​មន​រ៉ា ដោយ​ម៉ូតូ​ឌ្រី​ម​សង់​១​គ្រឿង បើកបរ​ដោយ​ឈ្មោះ​យឺន ភក្ត្រា ភេទ​ប្រុស អាយុ 18 ឆ្នាំ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ បាន​បើក​ទៅ​បុក​រថយន្ត​មួយ​គ្រឿង ម៉ាក​លុ​ច​ស៊ី​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២CI ៩៩៨៧ ដែល​កំពុង​ថយ​ចេញពី​មន្ទីរពេទ្យ មក​កាត់​ទទឹង​ថ្នល់ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​។

ករណី​ទី​៣-បាន​កើតឡើង​កាលពី​វេលា​ម៉ោង 10 និង ៥៥​នាទី​យប់ ថ្ងៃ​ទី ៣១ ឧសភា នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ក្នុង​ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ដោយ​ម៉ូតូ​ហុងដា​១​គ្រឿង ពណ៌​ខ្មៅ​បើកបរ​ដោយ​ឈ្មោះ គឹ​ម ហុង ភេទ​ប្រុស អាយុ 55 ឆ្នាំ រស់នៅ​ភូមិ​បឹង​ផ្សោត ឃុំ​ពាម​មាន​ជ័យ ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​វ៉េវ ពណ៌​ក្រហម បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​វ៉េវ ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ជន​បង្ក​បាន​រង​របួសធ្ងន់​។

ចំណែក​ករណី​ទី​៤-បាន​កើតឡើង​នៅ​វេលា​ម៉ោង ៤ ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១ មិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្ដេច ដោយ​ជន​សតិ​មិន​គ្រប់​ម្នាក់​ឈ្មោះ តុល សុ​គា ភេទ​ប្រុស អាយុ 46 ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ជ​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ក្នុង​ពេល​កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ហើយ​រថយន្ត​បង្ក បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​សាកសព​ជន​រង​គ្រោះ​នៅ​លើ​ផ្លូវ​កន្លែង​កើតហេតុ​។

សរុប​មក ក្នុង​ពេល​ត្រឹមតែ​១​យប់ ខេត្តព្រៃវែង​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៤ ករណី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ និង​រង​របួសធ្ងន់​២​នាក់ នៅ​លើ​ទីតាំង​៤​កន្លែង​ផ្សេង​ពី​គ្នា​ ៕​