ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​ម្នាក់​បើក​បង្រៀន​កួរ​នៅផ្ទះ​ ត្រូវ​អ្នក​ជិតខាង​២​នាក់​ប្ដឹង​ថា​រំខាន អ្នក​ប្ដឹង​រង​ការ​រិះគ.ន់​ដូច​ទឹកបា.ក់​ទំនប់

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ លោកគ្រូ​ម្នាក់​បាន​បើក​បង្រៀន​កួរ​ពិសេស​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ប្រមាណ​៣០​នាក់​នៅផ្ទះ​របស់​ខ្លួន​ស្ថិត​នៅផ្ទះ​លេខ​H៧B ផ្លូវ​លេខ​៧ បុរី​DL ភូមិ​ពង្រ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ស្រាប់តែ​មាន​អ្នក​ជិតខាង​២​នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ សង្កាត់​និង​ខណ្ឌ​ខាងលើ​ជួយ​រក​ដំណោះស្រាយ ដោយ​បាន​អះអាង​ថា រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ក្រោយ​កើតរឿង​ប្ដឹងផ្ដល់​គ្នា​នោះ ខាង​លោកគ្រូ​បង្រៀន​បាន​យក​លិ​ខិ​ត​អញ្ជើញ​របស់​សាលា​ខណ្ឌ​កំ​បូល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​បាន​លោក​បណ្ឌិត​គិ​ន ភា យក​ទៅ​បង្ហោះ​បន្ត​លើ​ផេ​ក​ផ្ទាល់ខ្លួន​លោក ។ ព្រមទាំង​អម​ដោយ​ការ​បញ្ចេញ​មតិយោបល់​លើ​រឿង​នេះ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​ប្រមាថកាតទៀន​ដល់​អ្នក​ប្ដឹង​គ្រូបង្រៀន​នោះ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដូច​ទឹកបាក់​ទំនប់ ។

លោកគ្រូ​បង្រៀន​ខាងលើ​ឈ្មោះ​ចាន់ សុភា មាន​ទីលំនៅ​ទីតាំង​កើតហេតុ​ខាងលើ ដោយឡែក​បុគ្គល​២​រូប​ដែល​ជា​អ្នក​ប្ដឹង​នោះ​ម្នាក់​ឈ្មោះ​ឡេ​ង ដា​រ៉ា និង​ម្នាក់​ទៀត​ឈ្មោះ​លី សុខ​ជា ពួក​គាត់​ទាំង​២​នាក់​នេះ​គឺជា​អ្នក​រស់នៅ​ជិតខាង​លោកគ្រូ​បង្រៀន​រូប​នោះ​ដែរ ។

អាជ្ញាធរ​បាន​ប្រាប់​ថា ទីតាំង​នោះ​បាន​បើក​បង្រៀន​កួរ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទៅ​១២ ដោយ​ចាប់​បង្រៀន​ពី​វេលា​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៨​យប់​ជា​រៀងរាល់ថ្ងៃ ហើយ​បង្រៀន​៣​វគ្គ ដែល​ក្នុង​១​វគ្គ​ៗ​មាន​សិស្ស​១០​នាក់​ប៉ុណ្ណោះ ។ ដោយឡែក​សិស្ស​ដែល​ទៅ​រៀន​នោះ​មានការ​រត់​លេង ឬ​យក​បាល់​ទៅ​លេង និង​ការ​និយាយ​គ្នា​ខ្លាំង​ៗ ព្រមទាំង​មាន​សម្លេង​អូស​តុ កៅអី​ឮ​ៗ ផង ទើប​អ្នក​ជិតខាង​ទាំង​២​នាក់​ខាងលើ យល់​ថា​ជា​ការ​រំខាន​ដល់​ខ្លួន ក៏​កើត​ទៅ​ជា​រឿង​ប្ដឹងផ្ដល់​គ្នា​តែ​ម្ដង​ទៅ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​មក​រដ្ឋបាល​សង្កាត់​ស្នោរ បាន​អញ្ជើញ​ភាគី​ទាំងអស់​ទៅ​ជួប​សម្របសម្រួល​គ្នា​នៅ​សាលាសង្កាត់ ហើយ​ពេល​នោះ​អ្នក​ប្ដឹង​ទាមទារ​ឲ្យ​បិទ​ទីតាំង​ខាងលើ​ឈប់​ឲ្យ​បង្រៀន ប៉ុន្តែ​ភាគី​លោកគ្រូ​បង្រៀន​មិន​ព្រម​សុខចិត្ត​នោះ​ទេ ដោយ​អះអាង​ថា គាត់​មិន​បាន​ខុស​រហូត​បិទ​ទីតាំង​របស់​គាត់​ឡើយ ។

ដោយឡែក​រដ្ឋបាល​សង្កាត់​ស្នោរ​ក៏​មិន​មាន​សិទ្ធិ​បិទ​ថ្នាល​បណ្ដុះ​ចំណេះវិជ្ជា​នេះ​បាន​ដែរ ទើប​ពេល​នោះ​ដោះស្រាយ​អត់​ចប់ ហើយ រដ្ឋបាល​សង្កាត់ ក៏​បាន​បញ្ជូ​ន​សំណុំរឿង​មួយ​នេះ​ទៅ​កាន់​រដ្ឋបាល​សាលា​ខណ្ឌ​កំ​បូល ដើម្បី​ដោះស្រាយ​បន្ត​ទៀត ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ត​ទៀត​ថា ក្រោយមក​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​រដ្ឋបាល​សាលា​ខណ្ឌ​កំ​បូល ក៏​បាន​ចុះ​ទី​ពិនិត្យ​ទីតាំង​នោះ​និង​ធ្វើការ​ដោះស្រាយ​១​ជំហាន​រួច​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ត្រូវ​គ្នា ទើប​ចេញ​លិខិត​១​ទៀត​អញ្ជើញ​ភា​គី​ទាំង​សងខាង ដើម្បី​ជួប​ដោះស្រាយ​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦​ខាង​មុខ ។ បន្ទាប់​មក​លោកគ្រូ​បង្រៀន​រូប​នោះ​បាន​យក​លិខិត​អញ្ជើញ​របស់​រដ្ឋបាល​ខណ្ឌ​កំ​បូល​នោះ ទៅ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​លោក​បណ្ឌិត គិ​ន ភា ក៏​បាន​យក​លិខិត​អញ្ជើញ​នោះ​ទៅ​បង្ហោះ​នៅ​លើ​ផេ​ករប​ស់លោក​បន្ត​ទៀត ។

លោក​គិ​ន ភា ក៏​បាន​សរសេរ​សារ​បន្ថែម​ដូច្នេះ​ថា «​គេ​បើក​ខារ៉ាអូខេ បើក​បន​ល្បែង បើកហាង​ផឹកស៊ី មិន​ព្រម​នាំ​គ្នា​ប្ដឹង ទៅ​ប្តឹង​គ្រូបង្រៀន​បើក​បង្រៀន​កួរ​ក្មេង​ៗ ស្រុក​នេះ​បើ​មិន​រលាយ​ទើប​ចម្លែក» ។ បន្ទាប់​ពី​ការ​បង្ហោះ​របស់​លោក បាន​ធ្វើ​ឲ្យ​មហាជន​ឃើញ​ហើយ​ចូល​ទៅ​ខ​មិន​រិះគន់​ទៅ​លើ​បុគ្គល​២​នាក់​ដែល​អ្នក​ប្ដឹង​គ្រូបង្រៀន​នោះ​យ៉ាង​ចាស់ដៃ ដូច​ទឹកបាក់​ទំនប់ ។

ក្រោយ​ពេល​រឿង​នេះ​ផ្ទុះ​ខ្លាំង​តាម​ប​ញ្ដា​ញ​សង្គម​នោះ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ លោក​ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំ​បូល បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ខណ្ឌ​របស់​ខ្លួន រួម​ទាំង​មន្ត្រី​រដ្ឋបាល​សង្កាត់​ស្នោរ និង​មេ​ភូមិ​ពង្រ ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ​អញ្ជើញ​ភាគី​ទាំង​២​ជួប​ដោះស្រាយ​គ្នា​នៅ​មុន​ថ្ងៃ​កំណត់​តែ​ម្ដង ។ ខណៈនោះ​ភាគី​គ្រូបង្រៀន​បាន​សុំ​ទោស​អ្នក​ជិតខាង​ទាំង​២​របស់​ខ្លួន ហើយ​ជា​លទ្ធផល​បាន​ដោះស្រាយ​គ្នា​ចប់​រឿង ដោយ​ភាគី​ជម្លោះ​ទាំង​២​បាន​ឯកភាព​ទទួលយក​នូវ​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖ ១,​លោក​ចាន់ សុភា​(​គ្រូបង្រៀន​) ធ្វើការ​កែសម្រួល​ទីតាំង​ចំណត​កង់ ម៉ូតូ​និង​ណែនាំ​សិស្ស​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ។

២,​កែសម្រួល​សម្លេង​រំខាន​ខាងក្នុង កុំ​ឲ្យ​មាន​សម្លេង​រំខាន​ទៀត ត្រូវ​យក​ក្រណាត់​រុំ​ជើង​តុ​កៅអី​កុំ​ឲ្យ​អូស​ឮ​ទៀត ៣, ណែនាំ​សិស្ស​នៅ​ពេល​បង្រៀន​ចប់​ឲ្យ​ប្រញាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ៤,​ស្នើ​សុំ​ឲ្យ​អ្នក​ជិតខាង​មានការ​យោគយល់​អធ្យា​ស្រ័យ​គ្នា ក្លាយជា​អ្នក​ជិតខាង​ល្អ ៥, លោក​អភិបាល​ល​ខណ្ឌ​កំ​បូល បាន​ណែនាំ​ឲ្យ​អាជ្ញាធរ សង្កាត់​និង​ភូមិ​តាមដាន​សកម្មភាព​ក្មេង​ៗ(​សិស្ស​) ថា​តើ​អនុវត្ត​តាម​លក្ខខណ្ឌ​ខាងលើ​ឬ​អត់ ៕