ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទុរេន​នៅ​ចិន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​ការ​នាំ​ចូល​កើនឡើង​យ៉ាង​គំហុក

1 ម៉ោង មុន

ប្រទេស​ចិន ៖ តម្លៃ​ផ្លែ​ទុរេន​នៅ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​ការ​កើនឡើង ជំរុញ​ដោយ​ការ​នាំ​ចូល​កាន់តែ​ច្រើន ការ​ដឹក​ជញ្ជូន​កាន់តែ​លឿន ចំ​ពេល​រដូវ​កាល​ប្រមូល​ផល​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី VnExpress នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦​។

ទិន្នន័យ​ពី​ទីផ្សារ​បោះ​ដុំ និង​អ្នក​លក់រាយ​ចិន​បង្ហាញ​ថា ទុរេន​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ មាន​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន​ពី ១០ ទៅ ២០ %​។ បើ​កាសែត China Daily បាន​រាយការណ៍​ថា នៅ​តាម​កន្លែង​ខ្លះ ទុរេន​ដែល​ធ្លាប់​លក់​ក្នុង​តម្លៃ​រហូត​ដល់ ៤០០ យន់ ឬ ៥៩ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ផ្លែ ឥឡូវនេះ​មាន​តម្លៃ​ក្រោម ១០០ យន់ ឬ ១៤ ដុល្លារ​ទៅ​វិញ ដែល​បង្ក​ឱ្យ​មានការ​ជជែក​ដេញដោល​យ៉ាង​ផុសផុល​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​អំពី​ភាព​ងាយ​រកបាន​ដោយ​ស្រួល​នូវ​ផ្លែ​ទុរេន ដែល​ពី​មុន​មាន​តម្លៃ​ថ្លៃ និង​ពិបាក​រក​ទិញ​។

នៅ​ទីផ្សារ​បោះ​ដុំ Xinfadi ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ២៦ ខែឧសភា ឆ្នាំ​២០២៦ កន្លង​ទៅ ទុរេន​ពូជ​ខ្នើយ​មាស ឬ ម៉ា​ន់​ថង (Monthong) របស់​ថៃ ដែល​ជា​ពូជ​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​នោះ មាន​តម្លៃ​ជា​មធ្យម​កន្លះ​គីឡូ​ត្រឹម ២៤,១៥ យន់ ឬ ៣,៥៦ ដុល្លារ ពោល​ធ្លាក់​ចុះ​ដល់ ១៤ % បើ​ធៀប​នឹង​ដើម​ខែមេសា​កន្លង​ទៅ​។ ក្រុម​អ្នក​លក់រាយ​ក៏​បាន​ចាប់ផ្តើម​បញ្ចុះតម្លៃ​លក់​បន្ត​ជូន​ដល់​អតិថិជន ទៅ​តាម​តម្លៃ​បោះ​ដុំ​ដែល​បាន​ធ្លាក់​ថ្លៃ​នោះ​ផង​ដែរ​។

បើ​តាម​សម្តី​របស់​លោក He Huaxin ប្រធាន​ក្រុម​សហគមន៍​ទិញ​ទំនិញ​នៅ​ផ្សារ​លក់ដុំ Xinfadi បានឱ្យ​ដឹង​ថា «​បរិមាណ​លក់​សរុប​បាន​កើនឡើង​ជាង ២០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ទុរេន​មក​ពី​ប្រទេស​ជា​ច្រើន​ឥឡូវនេះ​កំពុង​ចូល​មក​កាន់​ទីផ្សារ​ចិន ដោយ​ពូជ​ទុរេន​វៀតណាម​បង្ហាញ​ពី​សន្ទុះ​កំណើន​ខ្លាំង​ជា​ពិសេស​»​។

គួរ​បញ្ជាក់​ថា ចិន គឺជា​ប្រទេស​នាំ​ចូល និង​ទទួលទាន​ផ្លែ​ទុរេន​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​ចំនួន​ប្រហែល ៨២% នៅ​ទូ​ទាំង​ពិភពលោក​។ តម្រូវការ​កើនឡើង​បាន​ជំរុញ​ឱ្យ​អ្នក​ផលិត​នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ប្រទេស​ថៃ និង​វៀតណាម ពង្រីក​ការ​ដាំ​ដុះ និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ​៕