សមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធវីឡាមួយកន្លែង ឃាត់ខ្លួនជនបរទេស២៧នាក់ និងខ្មែរ០៧នាក់ ពាក់ព័ន្ធក្រុមអនឡាញស្គេម
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ជនបរទេសមានប្រុសមានស្រីចំនួន២៧នាក់ និងជនជាតិខ្មែរចំនួន០៧នាក់ (សន្តិសុខ) ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តបាត់ដំបងចុះទៅឃាត់ខ្លួន នៅព្រឹកថ្ងៃទី០១ មិថុនា ខណៈដែលពួកគេកំពុងសំងំស្នាក់នៅដោយលួចលាក់នៅក្នុងវីឡាដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ នេះបើតាមព័ត៌មានបឋមដែលសមត្ថកិច្ចបានរាយការណ៍ ។

ប្រភពដដែលបានឲ្យដឹងថា គេមិនទាន់ដឹងថា តើជនបរទេសទាំងនោះ មានជនជាតិអ្វីខ្លះនោះឡើយទេ? គេគ្រាន់តែដឹងថា ក្នុងចំណោមជនបរទេសដែលត្រូវឃាត់ខ្លួនមានសរុបចំនួន២៧នាក់ ក្នុងនោះ មានស្ត្រីចំនួន០៩នាក់ ហើយក៏មានជនជាតិខ្មែរចំនួន០៧នាក់ដែរ ដែលជាសន្តិសុខការពារជនបរទេស ។

ក្រុមនេះ ត្រូវបានសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹង «អនឡាញស្គេម» ដែលបែកសំបុកមកពីតំបន់ប៉ោយប៉ែត ។ សមត្ថកិច្ចមិនទាន់ទម្លាយព័ត៌មានជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់បង្ហាញវត្ថុតាងដែលត្រូវរឹបអូសដែរ ។ ប៉ុន្តែសមត្ថកិច្ចបាននាំខ្លួនជនបរទេសទាំងនោះ រួមទាំងសន្តិសុខខ្មែរ០៧នាក់ផង ទៅកាន់ស្នងការខេត្ត ចាត់ការតាមនីតិវិធី ខណៈមន្ត្រីជំនាញនៅបន្តត្រូតពិនិត្យ និងឆែកឆេរភូមិគ្រឹះដ៏ធំស្កឹមស្កៃនោះនៅឡើយ ។
យ៉ាងណា នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ដែលកោះសន្តិភាពទទួលបានពីកន្លែងកើតហេតុ ៕



ចែករំលែកព័តមាននេះ