រាជធានីភ្នំពេញ ៖ គ្រោងឆ្អឹងមនុស្សម្នាក់ គេពុំទាន់ដឹងថា ជាមនុស្សប្រុស ឬស្រី ត្រូវបានគេប្រទះឃើញច្រកថង់ខ្មៅ នៅក្នុងទំនរសំរាម ក្បែរចិញ្ចើមផ្លូវ ខណៈពេលដែលប្រជាពលរដ្ឋប្រមូលសំរាមច្រកថង់ខ្មៅ ដើម្បីយកទៅបោះចោល ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅតាមមហាវិថីមហាឧបាសិកា ឌី ប៉ុក ស្ថិតនៅក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពលរដ្ឋ ដែលជាម្ចាស់ឃ្លាំងនៅក្បែរនោះក៏បានអោយបុគ្គលិក ប្រមូលសំរាម ដែលគេបោះចោលនៅកៀនឃ្លាំងច្រកថង់ខ្មៅ ដើម្បីយកទៅបោះចោលស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស ច្រកនៅថង់ខ្មៅ រួចក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យ ។
តាមព័ត៌មានឱ្យដឹងទៀតថា សពមនុស្សខាងលើបានរលួយនៅសល់តែគ្រោងឆ្អឹង ដែលគេសង្ស័យថា ត្រូវបានគេសម្លាប់ នៅកន្លែងណាមួយ ហើយរុំភួយ និងស្កុត ច្រកថង់ខ្មៅ យកទៅបោះចោលនៅគំនរសំរាម ក្បែរចិញ្ចើមផ្លូវខាងលើ។ សពអាចជាមនុស្សប្រុស ដែលបានស្លាប់រាប់ខែមកហើយ រលួយសល់តែគ្រោងឆ្អឹង ។
បន្ទាប់ពីមានការភ្ញាក់ផ្អើល នៅវេលាយប់ថ្ងៃដដែលនេះ ស្ត្រីម្នាក់ដែលបាត់ដំណឹងប្តី ជាមួយម៉ូតូកង់បី កាលពីជាងមួយខែមុន បានទៅដល់កន្លែងប្រទះឃើញគ្រោងឆ្អឹងមនុស្សម្នាក់ច្រកថង់ខ្មៅក្បែរចិញ្ចើមផ្លូវ ដោយសង្ស័យថា សាកសពនេះ អាចជាប្តីរបស់ខ្លួន។ ទោះជាយ៉ាងណា ស្ត្រីរូបនេះ ចាត់ទុកថា ជាការសង្ស័យតែប៉ុណ្ណោះ ដោយស្នើសុំសមត្ថកិច្ចធ្វើការពិនិត្យ DNA គ្រោងឆ្អឹងសាកសពនេះ ។
គួរបញ្ជាក់ថា អ្នករត់កង់បីដែលបាត់ខ្លួន ឈ្មោះថុន វិចិត្រ អាយុ៣៣ឆ្នាំ មានទីលំនៅបុរីចេនឡា ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញហើយបានបាត់ខ្លួន និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីស្ត្រីជាប្រពន្ធ និងក្រុមគ្រួសារបានស្វែងរកអ្នកសារព័ត៌មានផ្សព្វផ្សាយនិងឡាយពីដំណឹងដ៏សោកសៅនេះ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា បុរសជាអ្នករត់ម៉ូតូកង់បីរូបនោះបានបាត់ខ្លួននៅវេលាម៉ោង ប្រមាណ២រំលងអាធ្រាត្រ ចូលថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦ដោយពុំអាចទាក់ទងបាន ខណៈពេលដែលគាត់បានចេញទៅរត់ម៉ូតូកង់៣នៅពេលយប់ ប្រចាំនៅម្តុំផ្សារដីហុយ ។
តាមស្ត្រីជាប្រពន្ធបានអោយដឹង ថា “ទម្លាប់ប្ដី ទោះរវល់យ៉ាងណា ក៏គាត់ផ្ញើរ Sticker តបវិញដែរ តែពេល នេះចូលមើលហើយស្ងាត់សូន្យ សង្ស័យថា អ្នកដែលកំពុងកាន់ទូរស័ព្ទនោះ មិនមែនជាប្ដីគាត ឡើយ”។ បន្ទាប់ពីបាត់ខ្លួនក្រុមគ្រួសារនិងសាច់ញាតិបងប្អូនក៏បានស្វែងរកហើយនៅវេលារសៀលថ្ងៃទី ២៤ខែមេសាក៍បានទទួលដំណឹងថា ម៉ូតូកង់បីមួយគ្រឿងត្រូវបានគេដុតកម្ទេចចោលក៏ចុះទៅមើលទើបដឹងថា ម៉ូតូកង់បីនោះជាម៉ូតូកង់បីរបស់ប្ដី តែសំណល់ខ្មោចម៉ូតូកង់៣បាន ម៉ាស៊ីន ដៃនិងកង់។
តាមនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅ បានឲ្យដឹងថា សំណល់ ម៉ូតូកង់បី ដែលត្រូវគេដុតចោលនោះត្រូវបានអ្នកនេសាទប្រទះឃើញកាលពី វេលាម៉ោងប្រមាណជាង ៨ព្រឹក ថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦នៅ ដីវាលមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លុះក្រោយមកនៅវេលារសៀលទើបទើបដឹងដំណឹងដល់ក្រុមគ្រួសាររួចមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យជួយរកប្ដីរបស់ខ្លួនដែលជាម្ចាស់កង់បីរហូតមកដល់ថ្ងៃននេះអ្នករត់ម៉ូតូកង់៣នោះបានបាត់ដំណឹងរកពុំទាន់ឃើញនៅឡើយ៕

















ចែករំលែកព័តមាននេះ