ខេត្តព្រៃវែង ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានបុរស២នាក់ ល្បួងលួងលោមនាំទៅមើលល្ខោន រួចក៏ចាប់រំលោភបូក រហូតបានសម្រេចចំនួនពីរដង ហើយត្រូវឪពុកម្ដាយក្មេងស្រីដឹង ក៏ប្ដឹងសមត្ថកិច្ចចាប់ក្របួចជនសង្ស័យបានភ្លាមៗតែម្ដង ។
ករណីចាប់រំលោភបូក លើក្មេងស្រីនេះ បានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១ មិថុនា នៅចំណុចភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
យុវតីរងគ្រោះមានឈ្មោះ ហសហ អាយុ១៣ឆ្នាំ នៅក្នុងស្រុកស៊ីធរកណ្តាល ចំណែកជនសង្ស័យទី១.ឈ្មោះ ខេន សេងឃា អាយុ ២២ឆ្នាំរស់នៅភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល និងទី២.ឈ្មោះ ង គឹមឡុង អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃឈៀងទី១ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះ នៅក្នុងភូមិមានគេលេងល្ខោនបាសាក់ ហើយជនសង្ស័យ បាននាំគ្នាមកបបួលយុវតីរងគ្រោះ ទៅមើលល្ខោនជាមួយគ្នា។ ដោយនឹកឃើញថា ជាអ្នកស្គាល់គ្នា យុវតីរងគ្រោះ បានព្រមទៅជាមួយ តែពេលយប់ជ្រៅបន្តិច ជនសង្ស័យទាំង២ ក៏ល្បួងក្មេងស្រីរងគ្រោះ ចេញពីមើលល្ខោនទៅដល់គុម្ពោតព្រៃស្ងាត់ រួចធ្វើសកម្មភាពចាប់រំលោភបូក រហូតបានសម្រេចទាំង២នាក់ ។
ក្រោយពីរំលោភយុវតីរងគ្រោះ បានសម្រេចហើយ ជនសង្ស័យទាំង២ មិនអស់ចិត្ត ក៏បាននាំនាងទៅផ្ទះសាច់ញាតិរបស់គេ ឈ្មោះ ផន ធឿន នៅភូមិព្រៃទឹង ហើយរំលោភបូកនៅក្នុងបន្ទប់លើផ្ទះ បានសម្រេចម្តងទៀត ។
ចំណែកឪពុកម្តាយយុវតីរងគ្រោះ ពេលបាត់កូនស្រី យប់ជ្រៅហើយមិនឃើញមកផ្ទះវិញ ក៏ចេញតាមរករហូតបានឃើញ ដឹងរឿងកូនស្រី ត្រូវគេចាប់រំលោភ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បាននៅយប់នោះតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ដោយសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការបន្តទៅតាមនិតិវិធី ៕


ចែករំលែកព័តមាននេះ