មជ្ឈិមបូព៌ា៖ ស្ថានការណ៍សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាបានហក់ឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបើកការវាយប្រហារយោធាដាក់គ្នាទៅវិញទៅមក ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កិច្ចចរចាបន្តបទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី១ ខែមិថុនានេះ។
បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាម៉េរិកបានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមអាកាសកម្ទេចប្រព័ន្ធការពារអាកាស ស្ថានីយបញ្ជាការ និងទីតាំងដ្រូនរបស់អ៊ីរ៉ង់ដើម្បីសងសឹកនឹងការដែលអ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូនអាម៉េរិកលើដែនទឹកអន្តរជាតិកាលពីចុងសប្ដាហ៍។
ជាការឆ្លើយតបភ្លាមៗ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីក និងបង្ហោះដ្រូនវាយប្រហារសំដៅទៅលើមូលដ្ឋានទ័ពដែលមានកងទ័ពអាម៉េរិកឈរជើងនៅក្នុងប្រទេសកូវ៉ែត។ សំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពាសពេញទីក្រុងកូវ៉ែតខណៈប្រព័ន្ធការពារអាកាសរបស់អាម៉េរិក និងកូវ៉ែត បានបើកការបាញ់ស្ទាក់ចាប់មីស៊ីលបាលីស្ទីកចំនួន ២គ្រឿងរបស់អ៊ីរ៉ង់បានជោគជ័យ ដោយមិនបណ្តាលឱ្យមានទាហានអាម៉េរិកណាម្នាក់រងរបួសនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថែមទាំងបានបង្ហោះវីដេអូបាញ់មីស៊ីល ដែលមានបិទរូបប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ជាមួយសារព្រមានថា «រហូតដល់ទាហានអាម៉េរិកចុងក្រោយចាកចេញពីតំបន់នេះ»។
ស្របពេលដែលជម្លោះយោធានេះកំពុងផ្ទុះឡើង អ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវថាមពលដ៏សំខាន់របស់ពិភពលោក បង្កឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងបង្កើតជាក្តីបារម្ភពីវិបត្តិខ្វះខាតស្បៀងអាហារ ដោយសារតែការផ្គត់ផ្គង់ជីគីមីពីតំបន់ឈូងសមុទ្រត្រូវបានកាត់ផ្តាច់។ ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញក្តីសង្ឃឹមលើបណ្តាញសង្គមថា ការចរចានឹងអាចទៅរួចក្តី ប៉ុន្តែភាគីអ៊ីរ៉ង់បានចោទប្រកាន់អាម៉េរិកថា តែងតែផ្លាស់ប្តូរជំហរ និងធ្វើការចរចាក្នុងបរិយាកាសមិនទុកចិត្តគ្នា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ៕
ចែករំលែកព័តមាននេះ