រាជធានីភ្នំពេញ ៖ រដ្ឋបាលខណ្ឌកំបូល បានឱ្យដឹងថា លទ្ធផល នៃការដោះស្រាយបណ្តឹង ពាក់ព័ន្ធនឹងករណីគ្រូបង្រៀននៅសង្កាត់ស្នោរ ខណ្ឌកំបូល ភាគីទាំងពីរ បានឯកភាព ស្រុះស្រួលគ្នា តាមការសម្របសម្រួលរបស់លោកអភិបាល ខណ្ឌកំបូល ។
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំសម្រុះសម្រួល នៅទីតាំងជាក់ស្តែងដោយ មានការចូលរួមពីគូភាគីផងដែរ ។
ផ្អែកតាមការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល គូភាគីបានឯកភាពគោរពតាមគោលការណ៍ចំនួន ៥ចំណុច ដូចខាងក្រោម ៖
១. ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្ស ដែលមករៀន ឱ្យមានសណ្តាប់ធ្នាប់ល្អ
២. កែសម្រួលសំឡេងរំខានខាងក្នុង កុំឱ្យមានសំឡេងរំខានទៀត (យកក្រណាត់រុំជើងតុ កៅអី)
៣. ណែនាំសិស្ស ក្នុងពេលរៀនចប់ឱ្យប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញ
៤. ស្នើសុំឱ្យអ្នកជិតខាង មានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ
៥. អាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្ស ដែលមករៀន ។
រដ្ឋបាលខណ្ឌកំបូល ក៏សូមបញ្ជាក់ជូនផងដែរថា រដ្ឋបាលខណ្ឌកំបូល តែងយកចិត្តទុកដាក់ក្នុងការសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពុំមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ ។
គួរបញ្ជាក់ថា តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង ឃើញថា ទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោងចាប់ពីម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:០០នាទី ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹង ពុំមានចេតនាប្តឹង ដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុចមួយចំនួន ដែលរំខានដល់ការរស់ប្រចាំថ្ងៃប៉ុណ្ណោះ ដោយមូលហេតុកន្លងមក សិស្សដែលមករៀនចតកង់ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្ស ដែលរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និងជិះកង់ម៉ូតូទៅវិញទៅមក ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺ ប្រចាំកាយ និងមានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្ករជាសំឡេងរំខាន ដែលកន្លងមកឈ្មោះ ឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឱ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែក ឈ្មោះ ចាន់ សុភា ដែលជាគ្រូបើកទីតាំងបង្រៀនគួរក្រៅម៉ោង បានលើកឡើងថា កន្លងមក លោកក៏បានណែនាំដល់សិស្សដែលមករៀនគួរតាមសំណូមពររបស់ម្ចាស់បណ្ដឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឱ្យបាន ដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួន ក៏ពុំស្តាប់តាមការណែនាំឡើយ។ មានការគាំទ្រ យន្តការ ដោះស្រាយជម្លោះនៅមូលដ្ឋាន ក្រៅ ប្រព័ន្ធតុលាការ ៕














ចែករំលែកព័តមាននេះ