ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់រថយន្តធុនធ្ងន់០៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ នៅខេត្តពោធិ៍សាត់

3 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅ​វេលា​យប់​ថ្ងៃ​ទី​៣១ ដល់​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ក្រុមការងារ​ពិសេស ដឹកនាំ​ដោយ​លោក ឯក រដ្ឋ អនុ​រដ្ឋលេខា​ធិការ និង​ជា​ប្រធាន​ក្រុម សហការ​ជាមួយ​មន្ត្រី​ស្ថានីយ​ឃ្លាំងមឿង បាន​ចុះ​បង្ក្រាប​យានយន្ត​ធុន​ធ្ងន់​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​នៅ​ចំណុច​២​ទីតាំង​ផ្សេង​គ្នា ដោយ​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖

-​នៅ​ផ្លូវជាតិ​លេខ​៥៥ គីឡូម៉ែត្រ​លេខ​៣ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ២​គ្រឿង ប្រភេទ​សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ភ្លៅ​៦ ដោយ​ផ្ទុក​ទម្ងន់​សរុប ៨៧​តោន និង ៩០​តោន គិត​ជា​ទម្ងន់​លើស​ស្មើនឹង ៤២​តោន និង ៤៥​តោន ។

-​នៅ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩១ និង​គីឡូម៉ែត្រ​លេខ​១៩២ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ៤​គ្រឿង ប្រភេទ​រថយន្ត​ភ្លៅ​៤ ដោយ​ផ្ទុក​ទម្ងន់​សរុប​ចន្លោះ​៣៨​តោន ដល់ ៤៥​តោន គិត​ជា​ទម្ងន់​លើស​ស្មើនឹង​៨​តោន រហូត​ដល់ ១៥​តោន ៕