ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចំនួន​២ អំពាវនាវ​កុំ​បញ្ចូល​​កិច្ច​«​សំពះ​ផ្ទឹម​ចងដៃ​» ក្នុង​ពិធី​ភ្ជាប់ពាក្យ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​និង​ក្រសួង​ធម្មការ និង​សាសនា​បាន​អំពាវនាវ​កុំឱ្យ​មានការ​បញ្ចូល​រៀបចំ​កិច្ច​”​សំពះ​ផ្ទឹម​ចងដៃ​”​នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ ដែល​ខុស​ទំនៀមទំលាប់​ខ្មែរ​។

យោង​តាម​សេចក្តី​អំពាវនាវ​របស់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ក្រសួង​ធម្មការ និង​សាសនា​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦​បាន​លើក​ឡើង​ថា ដូនតា​របស់​យើង​បាន​បន្សល់​ទុក​នូវ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ​ផូរផង់ សម្រាប់​អនុ​ជន​ជំនាន់​ក្រោយ​ប្រតិបត្តិ​តរៀង​មក​។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​អភិរក្ស ថែរក្សា​ការពារ​វប្បធម៌ ប្រពៃណី និង​សាសនា​ឱ្យ​មាន​ភាពរឹងមាំ​និង​រីក​ចម្រើន​ជា​បន្តបន្ទាប់​។

ប្រភព​បាន​លើក​ឡើង​ទៀត​ថា នា​ពេល​កន្លង​មក ប្រជាជន យើង​មួយ​ចំនួន​បាន​ប្រារព្ធ “​ពិធី​ភ្ជាប់ ពាក្យ​”​កូនចៅ ដោយ បញ្ចូល​“​កិច្ច​សំពះ​ផ្ទឹម ចងដៃ​”​នៅ​ក្នុង​ពិធី​នេះ ហើយ​ក៏​មាន​ប្រជាជន​ខ្លះ​បាន​ប្រើប្រាស់​ឯកសណ្ឋាន​សម្គាល់​មន្ត្រីរាជការ សញ្ញា​ស័ក្តិ និង​រូប​សញ្ញា​រដ្ឋបាល មក​ប្រើប្រាស់​នៅ​ក្នុង​កិច្ច​ពិធី​មួយ​ចំនួន​នៃ​មង្គលការ​ផង​ដែរ​។

ការ​រៀបចំ​ពិធី​បែប​នេះ បាន និង​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទម្រង់​ដើម​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍ និង​មិនមែន​ជា​ទំនៀម ទម្លាប់​ដូនតា​ខ្មែរ​ពី​បុរាណ​យើង​ទេ ព្រោះថា​កិច្ច​សំពះ​ផ្ទឹម​ចងដៃ​ត្រូវ​បាន​រៀបចំ​តែ​ក្នុង​ថ្ងៃ​នៃ​ពិធី​មង្គលការ តែ​ប៉ុណ្ណោះ រីឯ​ឯកសណ្ឋាន​សម្គាល់​មន្ត្រីរាជការ សញ្ញា​ស័ក្តិ និង​រូប​សញ្ញា​រដ្ឋបាល ក៏​មិនមែន​ជា​សម្លៀក​បំពាក់​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ពិធី​មង្គលការ​នោះ​ដែរ​។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ក្រសួង​ធម្មការ​និង​សាសនា សូម​បញ្ជាក់​ជូន​សាធារណជន​ថា ទម្រង់​ដើម នៃ​អាពាហ៍ពិពាហ៍ ឬ​មង្គលការ គឺជា​ពិធី​បង្កប់​ទៅ​ដោយ​ទស្សនវិជ្ជា​អប់រំ សីលធម៌ និង​គុណ​តម្លៃ​វប្បធម៌​ដ៏​ឧត្តុង្គឧត្តម ជា​ពិសេស​ការ​ផ្តល់​តម្លៃ​ដល់​ស្ត្រី​ជា​ធំ​។ ទម្រង់​នៃ​កិច្ច​នីមួយ​ៗ​ត្រូវ​បាន​ដូនតា​ខ្មែរ​រៀបចំ​ឡើង​យ៉ាង​ត្រឹមត្រូវ និង​មាន លំដាប់លំដោយ​ច្បាស់លាស់ ដោយ​បែងចែក​ដាច់​ពី​គ្នា​រវាង “​ពិធី​ភ្ជាប់ពាក្យ​” និង “​ពិធី​មង្គលការ​”​។

អត្ថន័យ​ពិធី​ភ្ជាប់ពាក្យ (​ឬ​ស្តីដណ្តឹង​)៖ គឺជា​ដំណាក់កាល​ដំបូង​នៃ​ការ​ព្រម ព្រៀង​គ្នា​រវាង​ចាស់ទុំ​ទាំង​សងខាង ទុកដាក់​កូនចៅ​ភ្ជាប់​សាច់​ភ្ជាប់​ឈាម​ឱ្យ​បានជា​គូស្រករ​នឹង​គ្នា​ក្នុង​ពេល​ខាង មុខ​។ នៅ​ក្នុង​កិច្ច​ពិធី​ភ្ជាប់ពាក្យ ទំនៀម ទម្លាប់ បុរាណ​ខ្មែរ​មាន​តែ​កិច្ច​ចែចូវ​ស្តីដណ្តឹង ជូន​វត្ថុ​បញ្ចាំចិត្ត​(​បំពាក់​ចិញ្ចៀន​) និង​ពិសា​ស្លា​បញ្ជាប់ពាក្យ (​ពិសា​ស្លា​ភ្ជាប់ពាក្យ​) ប៉ុណ្ណោះ​។ ឯ​សាមីខ្លួន​ប្រុស​ស្រី មិន​ទាន់​ក្លាយជា​ប្តី​ប្រពន្ធ​ពេញ​លក្ខណៈ​តាម​ច្បាប់ និង​ប្រពៃណី​នៅឡើយ​ទេ​។

ខ្លឹមសារ​កិច្ច​សំពះ​ផ្ទឹម​និង​ចងដៃ​៖ គឺជា​ការ​សែនព្រេន​ដល់​ជីដូន​ជីតា​មេបា​ទាំង សងខាង ផ្សំផ្គុំ​សាមីខ្លួន ប្រុស​ស្រី​ជា​ប្តី​ប្រពន្ធ ដែល​មាន​ញាតិ​មិត្ត​ទាំង សង ខាង​បាចផ្កា​ស្លា​ឱ្យ​ពរ​ជ័យ​ទទួល ស្គាល់​ជា​ប្តី​ប្រពន្ធ​ស្រប​តាម​ប្រពៃណី តរៀង ទៅ​។

ប្រពៃណី​ទំនៀមទម្លាប់​បុរាណ​ខ្មែរ​យើង គ្មាន​កិច្ច​សំពះ​ផ្ទឹម​ចងដៃ​នៅ​ក្នុង​ថ្ងៃ​ស្តីដណ្តឹង​ភ្ជាប់ពាក្យ​នោះ​ទេ ហើយ​ការ អនុវត្ត​របស់​ប្រជាជន​មួយ​ចំនួន​កន្លង​មក មិន​ស្រប​តាម​លំ​អាន​ក្បួន​ប្រពៃណី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ដើម នៃ​ពិធី​មង្គលការ​ខ្មែរ​យើង​។

ជាមួយ​គ្នា​នេះ ការ​ប្រើប្រាស់​ឯក​ស​ណ្ឋា ន​សម្គាល់​មន្ត្រីរាជការ សញ្ញា​ស័ក្តិ និង​រូប​សញ្ញា​រដ្ឋបាល ក៏​ជា សកម្មភាព​គួរ​ចៀសវាង ពីព្រោះ​ជា​ឯកសណ្ឋាន​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​ផ្លូវការ​និង​ការ​បំពេញការងារ ដែល​របៀប ប្រើប្រាស់​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ព្រះរាជក្រឹត្យ​ស្តី​ពី​សញ្ញា​ស័ក្តិ និង​ឯកសណ្ឋាន​នៃ​សមាជិក​រាជរដ្ឋាភិបាល និង អនុរដ្ឋលេខាធិការ និង​ព្រះរាជក្រឹត្យ​ស្តី​ពី​រូប​សញ្ញា​រដ្ឋបាល សញ្ញា​ស័ក្តិ និង​ឯកសណ្ឋាន​មន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រី គ្រប់គ្រង​រដ្ឋបាល និង​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ ព្រមទាំង​សេចក្តីណែនាំ​នានា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ឯកសណ្ឋាន​នេះ​។

ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ក្រសួង​ធម្មការ​និង​សាសនា សូម​អំពាវនាវ​ដល់​អ្នក​សម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និង​អ្នក​ប្រកប​អាជីព​ពាក់ព័ន្ធ​នឹង​ពិធី​មង្គលការ​ទាំងអស់ ចូលរួម​គោរព​ប្រតិបត្តិ​នូវ​កិច្ច​ពិធី អា​ពា ហ៍​ពិពាហ៍​ទៅ​តាម​លំ​អាន​ក្បួនច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​សូម​ពិនិត្យ​លើ​ការ​ប្រើប្រាស់​សម្លៀក​បំពាក់​ប្រពៃណី ឱ្យ​ត្រូវ​ទៅ​តាម​ប្រភេទ​ពិធី​។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង ក្រសួង​ធម្មការ​និង សាសនា សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​និង​អ្នក​ពាក់ព័ន្ធ សាធារណជន​ទូទៅ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រៀបចំ​អាពាហ៍ពិពាហ៍ កូនចៅ ជា​ពិសេស​យុវជន​ជំនាន់​ក្រោយ​ត្រូវ​សិក្សា​ស្វែង​យល់​ពី​ទំនៀម ទម្លាប់​ប្រពៃណី និង​ចូលរួម​សហការ គោរព និង​ថែរក្សា​តម្លៃ​វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង​ឱ្យ​បាន​គង់វង្ស និង​រុងរឿង​ជា​និច្ច​និរន្តរ៍​៕