ខេត្តស្វាយរៀង ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅផ្ទះជួល ស្រុកចន្ទ្រា ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រកាសនាព្រឹកថ្ងៃទី០២ ខែមិថុនានេះ ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលរបស់លោក សុខ ដាវី ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន០៤នាក់ ស្រី០១នាក់ (ជនជាតិចិន០១នាក់ ប្រុស, ជនជាតិវៀតណាម០៣នាក់ ស្រី០១នាក់)។
ចំពោះប្រតិបត្តិការខាងលើនេះ ដកហូតសម្ភារៈពាក់ព័ន្ធនឹងបទល្មើសរួមមានៈ កំព្យូទ័រយួរដៃ , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសបានក្រុមការងារបិទស៊ីល បិទទីតាំងបណ្ដោះអាសន្ន ៕




ចែករំលែកព័តមាននេះ