ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​​អន​ឡាញស្គេម​​មួយ​សំបុកទៀត​​នៅ​ក្នុងភូមិ​គ្រឹះ​កូនប្រុស​លោក​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ​ឃាត់ខ្លួន​ជនបរទេស​និង​ខ្មែរ​៣៤​នាក់ 

43 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជនបរទេស​ចម្រុះ​ជាតិ​សាស​ន៏​ស្រី​-ប្រុស មាន​ទាំង​ជនជាតិ​ខ្មែរ​ផង​ប្រមាណ​​៣៤​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ជាមួយនឹង​វត្ថុ​តាង​ជា​ច្រើន ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​​ «​​​អន​ឡាញស្គេម​​»  កាលពី​ថ្ងៃ​ទី​០១ មិថុនា  ដែល​ពួក​គេ​សំងំ​លាក់ខ្លួន​យ៉ាង​សុខ​ស្រូល​នៅ​ក្នុងភូមិ​គ្រឹះ​ដ៏​ធំ​របស់​មន្ត្រី​យោធា​ផ្កាយ​១​ម្នាក់ ស្ថិត​នៅ​ភូមិ​រំចេក​៥  សង្កាត់​រតនៈ  ក្រុង​បាត់ដំបង ​។

​របាយ​ការ​ណ៍​​របស់​សមត្ថកិច្ច  ក៏​ដូច​ជា​មន្ត្រី​ដទៃ​ៗ​ទៀត ដែល​បាន​ចុះ​បង្ក្រាប​ក្រុម ​«​​អន​ឡាញស្គេម​​»​នេះ  មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​ភូមិ​គ្រឹះ ដែល​បង្កប់​ក្រុម​ «​​​អន​ឡាញស្គេម​​»​មួយ​សំបុក​នោះ​ទេ​ ។​ ប៉ុន្តែ​ប្រភព​ខាង ក្រៅ​របងភូមិ​គ្រឹះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា  ភូមិ​គ្រឹះ​ដ៏​ធំ​ស្គឹ​ម​ស្កៃ​នោះ​មាន​ម្ចាស់​ឈ្មោះ អូន សុខ​សិលា  ភេទ​ប្រុស  ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​១ នៅ​ក្នុង​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ហើយ​ក៏​ជា​កូនប្រុស​បង្កើត​របស់​លោក​មេបញ្ជា​ការ​​ភូមិភាគ​នេះ​ដែរ​ ។

​លោក ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្តបាត់ដំបង​ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរា​គម​ន៍​​ផ្ទាល់​បំពេញការងារ​ពេញ​មួយ​ថ្ងៃ នៅ​ក្នុងភូមិ​គ្រឹះ​លោក​ផ្កាយ​១ ដែល​បង្កប់​ក្រុម​ «​​​អន​ឡាញស្គេម​»​នោះ ជាមួយ​លោកស្រី ព្រះរាជអាជ្ញា​រង រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ផង មិន​បាន​លើក​ទូរស័ព្ទ​ទេ  នៅ​ពេល​កោះសន្តិភាព​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម នៅ​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា ជុំវិញ​ករណី​ខាងលើ​នេះ​ ។

​ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​ខាងក្រៅ​របង​ទីតាំង​បាន​និយាយ​ថា  ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​​ជាតិ​សាស​ន៏​ចំនួន​២៧​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន​០៧​នាក់ ដែល​ជា​សន្តិសុខនៅ​មាន​វត្ថុ​តាង​ជា​ច្រើន​ទៀត​ដែល​គេ​សង្ស័យ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង ​«​​អន​ឡាញស្គេម​​» ​។

​ប្រភព​ដដែល​បាន​បង្ហើប​ប្រាប់​ដែរ​ថា ​បើ​តាម​ការ​សាកសួរ​បឋម​នៅ​កន្លែង​កើតហេតុ ​ពួក​ក្រុម ​«​ស្គេម​» ​ទាំងនោះ  ទំនង​ទើប​មក​ជួល​ស្នាក់​នៅ​បាន​ប្រ​​ហែល​ពី​០២ ​ទៅ​០៣ថ្ងៃមុន​ពេល​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​តែ​ប៉ុណ្ណោះ​ ។

​បើ​ពិនិត្យ​មើល​សកម្មភាព និង​ឧ​បករ​ណ៏ ឬ​សម្ភារដែល​ពួក​គេ​ដឹក​យក​ទៅ​ស្ដុក​ទុក​នៅ​តាម​បន្ទប់ក្នុងភូមិ​គ្រឹះ​នោះ  ក្រុម​នេះ​​អាច​ត្រៀម​ផែនការ​ណ៍​​បើក​ដំណើរការ​ «​​​អន​ឡាញស្គេម​​» ខុស​ច្បាប់  មិនមែន​គ្រាន់តែ​ជា​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ដើម្បី​លាក់ខ្លួន​នោះ​ទេ  ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បាន​មុន​ពេល​បទល្មើស​«​ឆបោក​»​កើតឡើង​ ។ 

​ពាក់ព័ន្ធ​នឹង​ការ​ជួល​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​ឲ្យ​ជនបរទេស​ចម្រុះ​ជាតិ​សាស​ន៍​​ស្នាក់​នៅ​នេះ កោះ​សន្តិភាព​មិន​អាច​ទាន់​អាច​ស្វែងរក​ការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ គឺ​លោក​ឧត្តមសេនីយ៍​ត្រី អូន សុខ​សិលា  បាន​ទេ ​គិត​ត្រឹម​​ម៉ោង​១​រសៀល​ថ្ងៃ​ទី០២ មិថុនា​ នេះ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័​ត៌​មានដែល​កោះសន្តិភាព​ទ​ទូល​បាននៅ​ថ្ងៃ​ដដែល​នេះ​ដែរ​​បាន​ឲ្យ​ដឹង​ថា  លោក អូន សុខ​សិលា បាន​ចាក​ចេញពីផ្ទះនា​ប៉ុន្មាន​ថ្ងៃមុន​នេះ    បន្ទាប់​ពី​លោក​បាន​ជួល​ផ្ទះ​​ឲ្យ​ជនបរទេស​ស្នាក់​នៅ ដោយ​លោក​មាន​បេសកកម្ម​ចេញ​ទៅ​រៀន​នៅ​ក្រៅប្រទេស ​។

ដោយឡែក ពាក់ព័ន្ធ​នឹង​ក្រុម​ជនបរទេស និង​សន្តិសុខ​ជនជាតិ​ខ្មែរ រួម​ជាមួយ​វត្ថុ​តាង​នានា នៅ​ក្នុងភូមិ​គ្រឹះ​វិញ បើ​យោង​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ចដែល​កោះសន្តិភាព​ទ​ទួល​បាន​៖ មាន​ជនបរទេស​ចម្រុះ​ជាតិ​សាស​ន៏ និង​ជនជាតិ​ខ្មែរ​ជា​សន្តិសុខ ដែល​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ​ សរុប​ចំនួន​៣៤​នាក់  ក្នុង​នោះ​មាន​៖  ១-​ជនជាតិ​សេ​រ៉ា​ឡេ​អូន​ចំនួន​០១​នាក់ (​ប្រុស​)  ២-​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ចំនួន​០២​នាក់ (​ស្រី​១ ប្រុស​១)   ៣-​ជនជាតិ​នី​ស្សេរី​យ៉ា​ចំនួន​០១​នាក់ (​ប្រុស​)  ៤-​ជនជាតិ​ហ្វី​លី​ពី​ន​ចំនួន​២៣​នាក់ (​ស្រី​០៨​នាក់​» និង ៥-​ជនជាតិ​ខ្មែរ​ចំនួន​០៧​នាក់ (​ប្រុស ជា​សន្តិសុខ​)​ ។

​ចំណែក​វត្ថុ​តាង​មួយ​ចំនួន​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ក្នុង​អំពើ​ «​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ហើយ​ត្រូវ​បាន​ដកហូត​រួម​មាន​៖   ១-​កុំព្យូទ័រ​ចំនួន​៣៩​គ្រឿង    ២-​ធុង PC ចំនួន​០២  ៣-​អាយ​ផេ​ត​ចំនួន​១៩​គ្រឿង  ៤-​ទូរស័ព្ទ​ដៃ​ចំនួន​៣៦​គ្រឿង​ ។   រួម​នៅ​មាន​សម្ភារ​ប្រើប្រាស និងឧ​បករ​ណ៍​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​ក្រុម​ជនបរទេស និង​សន្តិសុខ​ខ្មែរ  រួម​ជាមួយនឹង​វត្ថុ​តាង​ទាំងអស់​ ដែល​បាន​ដកហូត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ ។

​ដោយឡែក ចំពោះ​ម្ចាស់​ភូមិ​គ្រឹះ​ដែល​ផ្ដល់​ទីតាំង​ឲ្យ​ក្រុម ​«​​​អន​ឡាញស្គេម​​» ជ្រកកោន គេ​មិន​ទាន់​ដឹង​ថា ត្រូវ​សមត្ថកិច្ច​អញ្ជើញ​ឲ្យ​ចូលខ្លួន​បំភ្លឺ ឬ​បន្ត​នីតិវិធី​បែប​ណា​នោះ​ទេ ? ព្រោះ​ត្រង់​ចំណុច​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោកស្នងការ​បាន​នៅឡើយ​ មក​ទល់​​នឹង​ម៉ោង​ចេញផ្សាយ​នេះ​ ៕