រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានព្រមានទៅកាន់អ្នកប្រឆាំង ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ឬត្រកូល«ហ៊ុន» បើហ៊ានងើបមួយ វ៉ៃមួយ ហើយសម្តេចអះអាងថា ត្រកូលសម ឬ សៅរ៍ ឬអាទិត្យ មិនទាន់មកដឹកនាំរាជរដ្ឋាភិបាលនោះទេ គឺមានតែកូនចៅបក្សទេវតាទេ ទើបដឹកនាំរាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចនៅពិនិត្យមើលអគារថ្មី នៃអគ្គនាយកដ្ឋានពន្ធដារដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖« អ្នកដែលនិយាយឡើងអាចអីផ្តួលត្រកូនហ៊ុន សូមផ្តាំទៅ ចាំទៅ! «…» អ្នកណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាល ងើបមួយវ៉ៃមួយ អ្នកដែលធ្វើនយោបាយ ដោយសន្តិវិធី ដែលមិនប៉ុនប៉ងផ្តល់រំលំខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង សារជូនអ្នកឯងមិនច្រើននោះទេ» ។

សម្តេចតេ ជោ ហ៊ុន សែន បានបន្តថា អ្នកដែលនៅតែបន្តនិយាយថា ត្រូវតែផ្តួលត្រកូនហ៊ុន អញ សូមផ្តាំទៅពួកអស់អែងឲ្យច្បាស់ថា វាមិនទាន់ដល់វេនពួកអស់អែងនោះទេ គឺមានតែក្រុមវ៉ូងទេវតា កូនទេវតាដែលមានសិទ្ធិកាន់អំណាចបន្ត ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ដោយផ្តាំទៅក្រុមប្រឆាំងថា ប្រសិនបើសម្តេចធិបតី ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសបានក៏មិនមានត្រកូលហ៊ុនដឹកនាំបាន ក៏មិនទាន់ដល់វេនត្រកូលសម ឬត្រកូល សុខ ឬត្រកូលសៅ អាទិត្យដែរ ។ អត់ទេ គឺមានតែត្រកូលទេវតា គឺគណបក្សប្រជាជន ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើក្រុមប្រឆាំងនៅតែប្រហើនទៀត សម្តេចក៏មិនញញើតដៃ ក្នុងការកំចាត់ដែរ ៕
ចែករំលែកព័តមាននេះ