ជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល បញ្ជូនសំណុំរឿងឈើហុបក្រឡាប់ជាង៤០ម៉ែត្រគូបទៅកាន់តុលាការ ក្រោយរកមិនឃើញម្ចាស់
- ក្រចេះ
ខេត្តក្រចេះ ៖ មន្ត្រីជំនាញនៃសង្កាត់រដ្ឋបាលព្រៃឈើស្នួល បាននិងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តក្រចេះ ពាក់ព័ន្ធនឹងករណីរថយន្តសណ្តោងដឹកឈើហុបខុសច្បាប់មួយគ្រឿង ដែលបានក្រឡាប់នៅលើដងផ្លូវ ក្នុងភូមិសាស្ត្រស្រុកស្នួល ប្រសិនបើគ្មានបុគ្គលណាម្នាក់ចូលខ្លួនមកបង្ហាញឯកសារច្បាប់ត្រឹមត្រូវនោះទេ ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយពេលកើតហេតុការណ៍ក្រឡាប់ កម្លាំងជំនាញបានប្រមូល និងដឹកជញ្ជូនឈើហុបទាំងនោះ ទៅរក្សាទុកជាបណ្តោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ។
តាមការរាប់ជាក់ស្តែង ឈើហុបទាំងនោះមានចំនួន៧២ដើម ចែកចេញជា៣ប្រភេទ គឺឈើស្រឡៅឈ្លិក និងប្រាំដំឡេង ដែលតាមការសន្និដ្ឋាននិងវាយតម្លៃបឋម មានមាឌសរុបប្រហែលជាង៤០ម៉ែត្រគូប។

គួររំលឹកថា រ៉ឺម៉កសណ្ដោងដឹកឈើហុបខាងលើ ត្រូវបានគេប្រទះឃើញក្នុងស្ថានភាពក្រឡាប់ កាលពីវេលាម៉ោង ៥:៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្សារ K3 ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ អ្វីដែលធ្វើឱ្យសមត្ថកិច្ចដាក់ការសង្ស័យខ្លាំង លើភាពមិនប្រក្រតីនៃបទល្មើសនេះ គឺនៅកន្លែងកើតហេតុ គេមិនឃើញមានអ្នកទទួលខុសត្រូវ ឬតៃកុងរថយន្តនោះឡើយ សូម្បីតែក្បាលរថយន្តដែលជាអ្នកសណ្តោង ក៏ត្រូវបានគេជម្លៀសចេញពីទីតាំង ដើម្បីបំបាត់ដានបាត់ស្រមោលផងដែរ ។
ប្រភពបង្ហើបពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះមួយរូបបានឱ្យដឹងថា រថយន្តនិងឈើហុបទាំងនោះ ត្រូវបានគេដឹកចេញពីក្រុមហ៊ុន «វិជ្ជរី» ក្នុងភូមិសាស្ត្រស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដោយឆ្លងកាត់តាមច្រកជ័យឃ្លាំង ស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណងបន្តនាំចេញទៅកាន់ប្រទេសវៀតណាម ។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ផ្លូវការណាមួយពីមន្ត្រីសមត្ថកិច្ច អំពីប្រភពដើមនៃព្រៃឈើ ក្រុមហ៊ុនពាក់ព័ន្ធ ឬការអនុញ្ញាតឱ្យនាំចេញនោះឡើយ ។ ស្ថិតក្នុងរូបភាពជាក់ស្តែងនៅកន្លែងកើតហេតុដែលគេឃើញសុទ្ធតែឈើហុបមូល ផ្អែកលើច្បាប់ស្តីពីព្រៃឈើ និងបទប្បញ្ញត្តិរដ្ឋបាលព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា ឈើដែលចាត់ទុកថាស្របច្បាប់ អាចកាប់រំលំ ដឹកជញ្ជូន និងនាំចេញបាន លុះត្រាតែមានការត្រួតពិនិត្យ និងវាយត្រាត្រឹមត្រូវទៅតាមដំណាក់កាលជាធរមានចំនួន៤ ចំណុច រាប់ចាប់តាំងពីឈើឈរនៅក្នុងព្រៃ រហូតដល់ច្រកព្រំដែន។
ត្រាទី១-ការវាយត្រាសម្គាល់ដើមឈើឈរ (មុនពេលកាប់) មុននឹងកាប់ ជំនាញរដ្ឋបាលព្រៃឈើត្រូវចុះ ពិនិត្យ និងវាយត្រាលើដើមឈើនៅក្នុងប្លង់អាជីវកម្ម (Coupe) ដែលបានអនុម័ត ដើម្បីបញ្ជាក់ថា ឈើនោះស្ថិតក្នុងបញ្ជីអនុញ្ញាតឱ្យកាប់ មិនមែនជាប្រភេទឈើហាមឃាត់ ឬនៅក្នុងតំបន់ការពារ ។ ក្រុមហ៊ុនត្រូវមានផែនការគ្រប់គ្រងព្រៃឈើ និងសៀវភៅបន្ទុកអាជីវកម្ម អនុម័តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ត្រាទី២-ការវាយត្រាសម្គាល់ឈើមូល (ក្រោយពេលកាប់ និងវាស់វែង) ក្រោយកាប់រំលំ និងកាត់កង់រួច ឈើត្រូវឆ្លងកាត់ការវាស់វែង និងវាយត្រានៅឯលានប្រមូលផ្តុំបណ្តោះអាសន្នក្នុងព្រៃ ។ ត្រានេះ វាយលើមុខកាត់ឈើ ដើម្បីបញ្ជាក់ពីលេខកូដ ប្រវែង និងមាឌ(ម៉ែត្រគូប) ពិតប្រាកដ រួចកត់ត្រាចូលក្នុងសៀវភៅបញ្ជីឈើមូល ដើម្បីគណនាប្រាក់សួយសារជូនរដ្ឋ។
ត្រាទី៣-ត្រាដោះលែង ឬត្រាបង់សួយសាររួច (ដើម្បីដឹកជញ្ជូន)មុននឹងដឹកចេញពីព្រៃទៅកាន់រោងចក្រកែច្នៃ ឬដេប៉ូ ម្ចាស់ឈើត្រូវបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ។ ត្រានេះបញ្ជាក់ថាឈើបានបង់សួយសារ និងបុព្វលាភរួចរាល់ ដោយភ្ជាប់មកជាមួយ «លិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើ» (លិខិតឆ្លងផ្លូវ ឬ PC – Permis de Circulation) ចេញដោយរដ្ឋបាលព្រៃឈើ។ ឈើដែលគ្មានត្រានេះ និងគ្មានលិខិត PC ត្រូវចាត់ទុកជាឈើខុសច្បាប់ ។

ត្រាទី៤-ត្រាត្រួតពិនិត្យសម្រាប់ការនាំចេញ (Export)ជាដំណាក់កាលចុងក្រោយសម្រាប់ការនាំចេញទៅក្រៅប្រទេស ដើម្បីពិនិត្យភូតគាមអនាម័យ ប្រភពដើម និងការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិ (ដូចជា CITES បើជាឈើកម្រ)។ ម្ចាស់ត្រូវមាន «លិខិតអនុញ្ញាតនាំចេញ» ពីក្រសួងពាណិជ្ជកម្ម, វិញ្ញាបនបត្រប្រភពដើមទំនិញ (Form A/CO) និងឆ្លងកាត់ការវាយត្រាពីមន្ត្រីគយ និងរដ្ឋបាលព្រៃឈើនៅច្រកចេញ។
យោងតាមច្បាប់ស្តីពីព្រៃឈើ និងអនុក្រឹត្យនានា ព្រះរាជាណាចក្រកម្ពុជាមាន ការហាមឃាត់ដាច់ខាតលើការនាំចេញឈើមូល (Log) និងឈើអារជារូបរាងដើម ទៅក្រៅប្រទេស។ ការនាំចេញអាចធ្វើទៅបាន តែចំពោះផលិតផលឈើកែច្នៃសម្រេច ឬពាក់កណ្តាលសម្រេច ដែលមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល និងបំពេញកាតព្វកិច្ចពន្ធគយត្រឹមត្រូវតែប៉ុណ្ណោះ។ រាល់ការរំលងដំណាក់កាលវាយត្រាណាមួយ ឬគ្មានលិខិត PC នឹងត្រូវដកហូតជាសម្បត្តិរដ្ឋ និងប្រឈមទោសទណ្ឌ ។

ទាក់ទិននឹងសកម្មភាពដឹកជញ្ជូនឈើនេះប្រភពពីសមត្ថកិច្ចបានរំលឹកថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ កម្លាំងសមត្ថកិច្ចធ្លាប់បានធ្វើការឃាត់រថយន្តខ្នាតធំៗដឹកជញ្ជូនឈើចំនួន ៧គ្រឿង ម្តងរួចមកហើយ នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ នៅក្នុងប្រតិបត្តិការនាគ្រានោះ មានបុគ្គលម្នាក់ឈ្មោះ ណាង សង្កូវ ជាអ្នករ៉ាប់រងរត់ផ្លូវ និងចេញមុខចរចា ដោយដំបូងឡើយគេថា លិខិតឆ្លងផ្លូវ (PC) បានហួសសុពលភាព។ ប៉ុន្តែ ក្រោយមក ក៏បានអះអាងប្រាប់ក្រុមសារព័ត៌មានថា បានធ្វើការបន្តសុពលភាពលិខិត PC រួចរាល់ហើយ ភ្លាមៗនោះរថយន្តដឹកឈើទាំង ៧គ្រឿង ក៏ត្រូវបានបើកបរចាកចេញទៅយ៉ាងរលូន ។
បច្ចុប្បន្ន ចំពោះករណីឈើហុបជាង៤០ម៉ែត្រគូប ដែលក្រឡាប់នៅស្រុកស្នួលនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពុងបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីស្វែងរកការពិត និងអ្នកទទួលខុសត្រូវមកផ្តន្ទាទោសតាមច្បាប់ព្រៃឈើជាធរមាន ៕








ចែករំលែកព័តមាននេះ