អាជ្ញាធរខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យតាមខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ដ្ររាជធានី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៦ កន្លងទៅ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានបន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយ ចំនួន ក្នុងគោលដៅបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី៥ ខែមករាឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែ
មិថុនា ឆ្នាំ២០២៦ ។

លោកស្រីថ្លែងថា ក្នុងប្រតិបត្តិការរយៈពេល ១ថ្ងៃនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១ ៣៥៤នាក់(ស្រី៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន១៦នាក់ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។ ជារួម ក្រុមការងារពុំបានឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឡើយ ។

លោកស្រីអ្នកនាំពាក្យបន្តថា ដោយឡែកនៅខណ្ឌ៧មករា ក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ចំនួន១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅផ្លូវលេខ១៣៤ ភូមិ៣ សង្កាត់វាលវង់ រួមមាន កុំព្យូទ័រឡេបថប ៤គ្រឿង ម៉ូនីទ័រ១គ្រឿង និងទូរស័ព្ទដៃ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ ។

រីឯនៅខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន៤កន្លែង នៅក្នុងបុរី ផេន សៀ ស្ថិតក្នុងសង្កាត់ស្វាយប៉ាករួចមក បានរកឃើញមានសម្ភារៈគួរឱ្យសង្ស័យមួយចំនួនធំ នៅក្នុងផ្ទះលេខ ៨I ផ្លូវលេខ P១ និងផ្ទះលេខ ៨D ផ្លូវលេខ P០៣ រួមមាន ទូរស័ព្ទដៃចំនួន៣១៧គ្រឿង កុំព្យូទ័រ All In One ចំនួន៤០គ្រឿង ម៉ូនីទ័រចំនួន៦គ្រឿង និងធុង CPU ចំនួន៣គ្រឿង តែមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ ។

ចំណែកគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានរកឃើញជនបរទេសចំនួន៩នាក់ ស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន៦នាក់ និងផុតទិដ្ឋាការ៣នាក់) ។ ដោយករណីមិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល និងគ្មានមុខរបរច្បាស់លាស់ ជនបរទេសទាំង៩នាក់ខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ដ ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្រោយពីពិនិត្យរួច វត្ថុតាងរួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ បានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ ០៣អនក្រ.បក សរុបចំនួន៤ទីតាំង មានមនុស្សចំនួន៥នាក់ គិតជាទឹកប្រាក់សរុបចំនួន ២០លានរៀល ៕


ចែករំលែកព័តមាននេះ