ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត អំពាវនាវឱ្យរួមគ្នាថែរក្សាកិត្តិនាម «ទុរេនកំពត» និងមរតកនំចំណីម្ហូបអាហារក្នុងស្រុក

3 ម៉ោង មុន
  • កំពត

ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា ផ្លែ​ឈើ នំចំណី ម្ហូបអាហារ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពត មានឱជារស​ឆ្ងាញ់​ពិសារ​ណាស់ ហើយ​វា​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​លេង​ខេត្តកំពត ក្នុង​រដូវ​កាល​បៃតង​នេះ​។ ដូច្នេះ សូម​កសិករ អ្នក​ផលិត សហគមន៍ និង​អាជីវករ​ទាំងអស់ ចូលរួម​ថែរក្សា​កិត្តិយស កិត្តិនាម​ទុរេន​កំពត និង​កេរដំណែល​នំចំណី ម្ហូបអាហារ​ទាំងនេះ​ឲ្យ​បាន​ល្អ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ កសិកម្ម និង​ផ្សព្វផ្សាយ​អត្តសញ្ញាណ​ម្ហូបអាហារ និង​ផលិតផល​ក្នុងស្រុក​របស់​ខេត្តកំពត​ឱ្យ​កាន់តែ​ទូលំទូលាយ​។
.
ថ្លែង​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ «​មរតក​ផ្លែ​ឈើ និង​នំចំណី​កំពត​» ក្រោម​ប្រធានបទ «​រសជាតិ​ទុរេន​កំពត និង​កិត្យានុភាព​ទេសចរណ៍​រដូវ​កាល​បៃតង​» នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦ នៅ​បរិវេណ​សួនច្បារ​ទល់មុខ​ផ្សា​រវិ​ថី​ម្ហូបអាហារ ខេត្តកំពត លោក​អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា ទុរេន​កំពត និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត បាន​ក្លាយជា​អត្តសញ្ញាណ​ដ៏​លេចធ្លោ ដែល​មិន​ត្រឹមតែ​ផ្ដល់​ចំណូល​ដល់​កសិករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កេរ្តិ៍ឈ្មោះ​ខេត្តកំពត​នៅ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ផង​ដែរ​។

ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​កសិករ សហគមន៍​ផលិតកម្ម និង​អាជីវករ​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​គុណភាព​ផលិតផល អនាម័យ សុវត្ថិភាព​ចំណីអាហារ និង​ភាព​ស្មោះត្រង់​ក្នុង​ការ​ធ្វើ​អាជីវកម្ម ដោយ​មិន​ត្រូវធ្វើ​អ្វី​បណ្តោយ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិត្តិនាម ដែល​បាន​កសាង​ឡើងជា​ច្រើន​ឆ្នាំ​កន្លង​មក​នោះ​ឡើយ​។ ជា​ពិសេស ត្រូវ​រួម​គ្នា​ថែរក្សា​ម៉ាក​សញ្ញា និង​អត្តសញ្ញាណ​របស់​ទុរេន​កំពត​ឲ្យ​នៅ​តែ​មាន​ភាព​ល្បីល្បាញ និង​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់​។
.
ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​មិន​ត្រឹមតែ​ជា​ឱកាស​សម្រាប់​ផ្សព្វផ្សាយ និង​លក់​ផលិតផល​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍ វប្បធម៌ និង​កេរដំណែល​ម្ហូបអាហារ​របស់​ប្រជាពលរដ្ឋ​ខេត្តកំពត ដែល​បាន​បន្ត​រក្សា និង​បន្សល់​ទុក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ចូលរួម​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍​នំចំណី​បែប​បុរាណ និង​មុខម្ហូប​ប្រពៃណី​ខ្មែរ ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន ដើម្បី​បង្កើន​តម្លៃ​ផលិតផល​ក្នុងស្រុក បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល និង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​មូលដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

 សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍ «​មរតក​ផ្លែ​ឈើ និង​នំចំណី​កំពត​» ក្រោម​ប្រធានបទ «​រសជាតិ​ទុរេន​កំពត និង​កិត្យានុភាព​ទេសចរណ៍​រដូវ​កាល​បៃតង​» នឹង​បន្ត​តាំង​បង្ហាញ និង​លក់​ផលិត​រហូត​ដល់​ថ្ងៃស្អែក​មួយ​ថ្ងៃ​ទៀត ៕