បារាំង-រុស្ស៊ី ៖ កងម៉ារីនបារាំង កាលពីថ្ងៃទី៣១ ឧសភា បានចាប់នាវាដឹកប្រេង១គ្រឿងមកពីរុស្ស៊ី ក្នុងឱកាសនៃប្រតិបត្តិការមួយនៅឯនាយសមុទ្រក្នុងមហាសមុទ្រអត្លង់ទិក ជាមួយការជួយទ្រទ្រង់របស់ដៃគូជាច្រើន ក្នុងនោះមានអង់គ្លេសដែរ។ នេះបើតាមការប្រកាស កាលពីថ្ងៃទី១ មិថុនា តាមបណ្ដាញសង្គមX របស់ប្រមុខរដ្ឋបារាំងលោកអេមម៉ានុយអែលម៉ាក្រុង ។

ក្នុងសារមួយជាមួយបណ្ដារូបភាពនៃការចាប់នាវានោះ លោកម៉ាក្រុងបន្តថា វាជាការមិនអាចទទួលយកបានចំពោះការប្រើនាវាដែលពង្វាងទណ្ឌកម្មអន្តរជាតិ រំលោភបំពានច្បាប់សមុទ្រ ហើយយកប្រាក់ទៅធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ចាប់តាំងពីជាង៤ឆ្នាំមកហើយ ។ នេះជាការស្ទាក់ចាប់នាវាដឹកប្រេងលើកទី៤ហើយរបស់បារាំង ដែលចូលរួមក្នុងការតស៊ូប្រឆាំងកងនាវាខ្មោចរុស្ស៊ី ។
រុស្ស៊ីបានប្រើប្រាស់កងនាវាដឹកប្រេងដែលពួកលោកខាងលិចហៅកងនាវាខ្មោចនោះ ដែលមាននាវាច្រើនរយគ្រឿង ដើម្បីពង្វាងទណ្ឌកម្មពួកលោកខាងលិច មកពីសង្គ្រាមនៅអ៊ុយក្រែន។ បារាំងនិងប្រទេសលោកខាងលិចដទៃទៀត បានចូលរួមប្រឆាំងកងនាវាខ្មោចនោះដែលប្រឆាំងនឹងទណ្ឌកម្ម។

មានប្រតិកម្មតបចំពោះការចាប់នាវាដឹកប្រេងរុស្ស៊ីនោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីឌ្រីប៉េស្កូវថ្លែងថា
រុស្ស៊ីចាត់ទុកសកម្មភាពទាំងនោះថាខុសច្បាប់ ។ នោះជាអំពើចោរប្លន់ហើយយើងមិនយល់ស្របតាមទាំងស្រុងជាមួយគំនិតដែលថា ការចាប់នាវានេះធ្វើស្របតាមច្បាប់អន្តរជាតិទាំងស្រុង។
នាវាដឹកប្រេងដែលបារាំងចាប់លើកមុនមាននាវាឈ្មោះDEYNAដែលចាប់ក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីខែមីនា និងនាវាឈ្មោះGRINCH ចាប់ក្នុងសមុទ្រមេឌីទែរ៉ាណេដែរកាលពីខែមករា ដោយនាវាទាំង២គ្រឿងនោះត្រូវបានដោះលែងវិញកាលពីខែកុម្ភៈ ក្រោយពីបង់ប្រាក់ពិន័យច្រើនលានអឹរ៉ូ ៕

ចែករំលែកព័តមាននេះ