បោសសម្អាតទ្រង់ទ្រាយធំ ! ១១ថ្ងៃកម្ពុជាបណ្តេញជនបរទេសជិត៣ពាន់នាក់ពាក់ព័ន្ធឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យាទៅស្រុកវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនបរទេស២,៨៤៧នាក់ មាន២៩សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាទៅស្រុកវិញ ។

ប្រភពបានលើកឡើងថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ទី៣១ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេ នីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន២,៨៤៧នាក់ ស្រី៣៤៨នាក់ មាន២៩សញ្ជាតិ រួមមាន ៖ យូហ្គង់ដា កាមេរូន ហ្គាណា លីបេរីយ៉ា ប្រេស៊ីល ប៉ាគីស្ថាន នេប៉ាល់ ជប៉ុន ហ្វីលីពីន រវ៉ាន់ដា នីហ្សេរីយ៉ា បង់ក្លាដេស ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្គីណេ អាមេរិក ចិនតៃវ៉ាន់ សិង្ហបុរី ឥណ្ឌា វៀតណាម ប៉េរូ កេនយ៉ា ហ្ស៊ីមប៉ាវេ ឡាវ រុស្សី កូរ៉េ និងជនជាតិស្រីលង្កា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនោះមានជនជាតិចិន៨៣៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ត្រូវបានបណ្ដេញ ចេញតាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនជាតិមីយ៉ាន់ម៉ា ៧៥នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិតេជោ និងមានជនជាតិវៀតណាម ២៨២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ។

ប្រភពបានលើកឡើងទៀតថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជា ការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោត ឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយ ហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕







ចែករំលែកព័តមាននេះ