ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិតជាក្មេងទំនើ.ង៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ បានឱ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន ទណ្ឌិត​ជា​ក្មេង​ទំនើង​ចំនួន​៧៩០​នាក់ បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​សកម្ម ក្នុង​ការ​ដាំ​ដុះ​បន្លែ ចិញ្ចឹមសត្វ ចាក់​គម្រប​លេណដ្ឋាន និង​សំណង់​បេតុង​ផ្សេង​ៗ ដើម្បី​គាំទ្រ​ដល់​កម្លាំង​ជួរ​មុខ កំពុង​ឈរជើង​ការពារ​អធិបតេយ្យ​ជាតិ បន្ទាប់​ពី​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​ប្រែ​ទី​៤ និង​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ ។

សូម​ជម្រាប​ជូន​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​, អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ចាត់ចែង​ផ្ទេរ​ទណ្ឌិត​ជា​ក្មេង​ទំនើង​ភេទ​ប្រុស ចំនួន ៧៩០​នាក់ ពី​បណ្តា​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​-​ខេត្ត ទៅ​អនុវត្ត​ទោស​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​គោលដៅ​ចំនួន​២ រួម​មាន ៖ មណ្ឌល​អប់រំ​កែប្រែ​ទី​៤ (​ខេត្តពោធិ៍សាត់​) ចំនួន​៦៥១​នាក់ និង​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ ចំនួន​១៣៩​នាក់ ។

ផ្អែក​តាម​របាយការណ៍​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ (​ខេត្តពោធិ៍សាត់​) និង​ពន្ធនាគារ​ខេត្តឧត្តរមានជ័យ ទណ្ឌិត​ជា​ក្មេង​ទំនើង​ខាងលើ​នេះ បាន​អនុវត្ត​យ៉ាង​សកម្ម ស្រប​តាម​នូវ​វិធានការ​នានា​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ក្នុង​គោលបំណង​បង្កើន​ការ​អប់រំ​កែប្រែ​ស្តារ​នីតិសម្បទា តាម​រយៈ​ការ​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​កសាង​សមត្ថភាព​ជំនាញ​ផ្ទាល់ខ្លួន​ផង ដើម្បី​បុព្វហេតុ​បម្រើ​ជាតិ និង​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ផង​ដែរ ។

កម្មវិធី​បណ្តុះបណ្តាល​ខាងលើ​នេះ ត្រូវ​បាន​អនុវត្ត​ឡើង​ក្រោម​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធ​ពី​មន្ត្រី​ជំនាញ​កសិកម្ម និង​មន្ត្រី​ជំនាញ​ផ្នែក​កសាង​គម្រប​លេណដ្ឋាន ។

ទន្ទឹម​នឹង​នេះ ដើម្បី​រួមចំណែក​កសាង​សង្គម​ជាតិ​មួយ​ដ៏​មាន​តម្លៃ និង​ពោរពេញ​ដោយ​សក្តានុពល អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ត្រូវ​ជៀសវាង​ឱ្យ​ដាច់​ស្រឡះ​ពី​«​អបាយមុខ​» ទាំងឡាយ ព្រោះ​វា​ជា​ផ្លូវ​នៃ​ក្តី​វិនាស និង​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​អនាគត​ដ៏​ភ្លឺស្វាង​របស់​យើង ហើយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នៅ​តែ​បន្ត​បោសសម្អាត​ឱ្យ​អស់ ដោយ​មិន​ត្រូវ​ប្រលែង​ដៃ​ឡើយ ចំពោះ​ក្រុម​ក្មេង​ទំនើង​៕