ទីក្រុងតៃប៉ិ៖ ថ្ងៃនេះកោះតៃវ៉ាន់ជួបនឹងឧបទ្ទវហេតុធ្លាក់យន្តហោះយោធានៅពេលហ្វឹកហ្វឺនដើម្បីត្រៀមទប់ទល់នឹងលទ្ធភាពនៃការវាយលុកពីសំណាក់កងទ័ពចិននាពេលអនាគត។ ហេតុការណ៍ធ្លាក់យន្តហោះនោះបណ្ដាលឱ្យអាកាសយានិក២នាក់ស្លាប់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ។ យន្តហោះម៉ាកធី៣៤ (T-34) ធ្លាក់នៅម៉ោង៨:០៨ព្រឹកនៅចុងភាគខាងជើងនៃផ្លូវហោះហើរនៃមូលដ្ឋានទ័ពអាកាសកាងសាន (Gangshan) នៃកំពង់ផែកាវស៊ឹង។

កងទ័ពអាកាសតៃវ៉ាន់បានបង្កើតក្រុមការងារស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះហើយ។ អាកាសយានិកដែលស្លាប់ទាំង២នាក់នោះមិនត្រូវគេបញ្ចេញអត្តសញ្ញាណទេ។ គេបានត្រឹមតែបង្ហើបឱ្យដឹងអំពីឋានន្តរស័ក្ដិរបស់ពួកគេតែប៉ុណ្ណោះ។ ប្រធានាធិបតីតៃវ៉ាន់ លោកឡៃឈីងតឹ ថ្លែងថាលោកសោកស្ដាយយ៉ាងខ្លាំងនៅពេលទទួលដំណឹងនេះ និងនៅពេលឮថាមានមនុស្សស្លាប់យ៉ាងដូច្នេះ។ លោកចាត់ទុកអាកាសយានិកទាំង២ជាអ្នកក្លាហាន និងអរគុណពួកគេចំពោះការពលីជីវិត និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ជាតិតៃវ៉ាន់។

អ្នកនាំពាក្យកងទ័ពអាកាសសូមមិនផ្ដល់សេចក្ដីលម្អិតពាក់ព័ន្ធនឹងហេតុការណ៍នេះទេ។ កងទ័ពអាកាសតៃវ៉ាន់ប្រើប្រាស់យន្តហោះម៉ាស៊ីនតែមួយសម្រាប់ការហ្វឹកហ្វឺនអាកាសយានិករបស់ខ្លួន។ យន្តហោះនេះត្រូវបានផ្ទេរទៅឱ្យកោះតៃវ៉ាន់តាំងពីឆ្នាំ១៩៨៤។ កាលពីខែមករាក៏មានករណីធ្លាក់យន្តហោះផងដែរ។ កាលនោះ យន្តហោះអែហ្វ១៦ (F-16) បានធ្លាក់ចូលទឹកសមុទ្រនៃកោះតៃវ៉ាន់ភាគខាងកើតនៅពេលកំពុងហ្វឺកហ្វឺនយោធា។ គេគិតថាអាកាសយានិកទំនងជាបានចុចគន្លឹះឆ័ត្រយោងដើម្បីរំដោះខ្លួនចេញពីយន្តហោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ គាត់នៅតែបាត់ដំណឹងសូន្យឈឹង៕ ប្រភព៖ Arab News
ចែករំលែកព័តមាននេះ