កំពូល CEO សហរដ្ឋអាមេរិកជាច្រើនរូបនឹងរួមដំណើរជាមួយលោក ត្រាំ ទៅប្រទេសចិន
សហរដ្ឋអាមេរិក ៖ កំពូលមហាសេដ្ឋី លោក Elon Musk និងលោក Tim Cook នាយកប្រតិបត្តិក្រមហ៊ុន…
សហរដ្ឋអាមេរិក ៖ កំពូលមហាសេដ្ឋី លោក Elon Musk និងលោក Tim Cook នាយកប្រតិបត្តិក្រមហ៊ុន…
សហរដ្ឋអាមេរិក ៖ កំពូលមហាសេដ្ឋី លោក Elon Musk និងលោក Tim Cook នាយកប្រតិបត្តិក្រមហ៊ុន Apple ត្រូវបានរាយការណ៍ថា ស្ថិតក្នុងចំណោមនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនអាមេរិកប្រមាណ ១៧នាក់ ដែលនឹងរួមដំណើរជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ១៣ដល់១៥ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមប្រភពពី BBC និង Reuters បានចេញផ្សាយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថានឹងដឹកនាំ CEO ឧស្សាហកម្មពាណិជ្ជកម្ម និងបច្ចេកវិទ្យាកំពូលៗជាច្រើនរូបក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នៅសប្តាហ៍នេះ ហើយបើតាមមន្ត្រីសេតវិមានម្នាក់បានប្រាប់ BBC ថា CEO អាមេរិក ១៧រូប នឹងចូលរួមជាមួយលោក ត្រាំ ក្នុងដំណើរទស្សនកិច្ចនេះ។
ដំណើរទស្សនកិច្ចនេះ ត្រូវបានអ្នកជំនាញមើលឃើញថាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សហរដ្ឋអាមេរិក ដោយសារលោក ត្រាំ នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ចំពេលភាពតានតឹងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរបាននិងកំពុងកើនឡើង។
ក្រៅពីលោក Elon Musk មកពីក្រុមហ៊ុន Tesla និង SpaceX និងលោក Tim Cook មកពីក្រុមហ៊ុន Apple និងលោក Larry Fink មកពីក្រុមហ៊ុន BlackRock ក៏រួមមានទាំង CEO មកពីក្រុមហ៊ុនជាច្រើនទៀតផងដែរដូចជា ៖
លោកស្រី Dina Powell McCormick ប្រធាន និងជាអនុប្រធានក្រុមហ៊ុន Meta
លោក Kelly Ortberg ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing
លោក Ryan McInerney នាយកប្រតិបត្តិក្រុមហ៊ុន Visa
លោក Stephen Schwarzman នាយកប្រតិបត្តិក្រុមហ៊ុន Blackstone
លោក Brian Sikes នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Cargill
លោកស្រី Jane Fraser នាយកប្រតិបត្តិក្រុមហ៊ុន Citi
លោក Jim Anderson នាយកប្រតិបត្តិក្រុមហ៊ុន Coherent
លោក Henry Lawrence Culp នាយកប្រតិបត្តិក្រុមហ៊ុន GE Aerospace
លោក David Solomon នាយកប្រតិបត្តិក្រុមហ៊ុន Goldman Sachs
លោក Jacob Thaysen នាយកប្រតិបត្តិក្រុមហ៊ុន Illumina
លោក Michael Miebach ប្រធានក្រុមហ៊ុន Mastercard
លោក Sanjay Mehrotra នាយកប្រតិបត្តិក្រុមហ៊ុន Micron
លោក Cristiano Amon ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Qualcomm
ដោយឡែក លោក Chuck Robbins ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Cisco ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ប៉ុន្តែលោកមិនអាចទៅចូលរួមបាន ដោយសារជាប់រវល់រៀបចំ និងការប្រកាសរបាយការណ៍ចំណូលរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមហ៊ុនផ្ទាល់។
ទោះយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺអវត្តមានរបស់លោក Jensen Huang ប្រធានក្រុមហ៊ុន Nvidia ដែលក្រុមហ៊ុនរបស់លោកជាចំណុចក្តៅនៃការប្រកួតប្រជែងគ្នារវាងអាមេរិក និងចិនលើបន្ទះឈីបកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត (AI)។ ស្របពេល BBC បានព្យាយាមទាក់ទងទៅខាង Nvidia ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះ៕



ចែករំលែកព័តមាននេះ