ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​ឆ្លង​ចេត្រ ​ទំនៀមទម្លាប់ ដ៏​មាន​អត្ថ ន័យ​របស់​អ្នក​ស្រុកតំបន់​អង្គរ​ ពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួមច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ

1 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​យើង​ស​ង្គេ​ត​ឃើញ​ថា នៅ​ក្នុង​អំឡុង​ដំណាច់​ខែចេត្រ​ចូល ទៅ​ខែ​ពិសាខ​នេះ ឃើញ​ថា តាម​បណ្តា​វត្ត​មួយ​ចំនួន នៅ​ក្នុង​ខេត្តសៀមរាប បាន​ប្រារ​ព្វ​ធ្វើ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ជា​បន្តបន្ទាប់ ព្រោះ​ពិធីបុណ្យ​នេះ…

ខេត្តសៀមរាប ​៖ ​យើង​ស​ង្គេ​ត​ឃើញ​ថា នៅ​ក្នុង​អំឡុង​ដំណាច់​ខែចេត្រ​ចូល ទៅ​ខែ​ពិសាខ​នេះ ឃើញ​ថា តាម​បណ្តា​វត្ត​មួយ​ចំនួន នៅ​ក្នុង​ខេត្តសៀមរាប បាន​ប្រារ​ព្វ​ធ្វើ​ពិធីបុណ្យ​ឆ្លង​ចេត្រ​ជា​បន្តបន្ទាប់ ព្រោះ​ពិធីបុណ្យ​នេះ ជា​ទំនៀម​ទំ​ម្លា​ប់ ដ៏​មាន​អត្ថន័យ​សម្រាប់​ពួក​គាត់​។​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦​នេះ គណៈកម្មការ និង​ព្រះសង្ឃ វត្ត​ប្រាសាទអណ្តែត (​ហៅ​វត្តស​ន្លោ​ង​) ស្ថិត នៅ​ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ឆ្លង​ចេត្រ ទៅ​តាម​ទំនៀម​ទំ​ម្លា​ប់​របស់​ពួក​គាត់​។

ព្រះ​គ្រូ​វិចិត្រ​ធម្ម​វិសុទ្ធ ប៉យ ប៉ ព្រះ​គ្រូ​ចៅ អធិការ​វត្ត​ប្រាសាទអណ្តែត បាន​មាន​ថេរៈ​ដីកា​ឱ្យ​ដឹង​ថា​ពិធី​ឆ្លង​ចេត្រ​នេះ​សម្រាប់​វត្ត​ប្រាសាទ អណ្តែត តែងតែ​ធ្វើ​ឡើងជា​បន្តបន្ទាប់​តាំងពី​បុរាណកាល​មក​។

ហើយ​សម្រាប់​ឆ្នាំ​នេះ ឃើញ​ថា ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ច្រើន​ជាង​បណ្តា​ឆ្នាំ​មុន​ៗ បាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​ចេត្រ​នេះ ដោយ​ក្រៅពី​កម្មវិធី​សាសនា និង​ជំនឿ ក៏​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ផង​ដែរ​។ ព្រះ​អង្គ​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ នៅ​ក្នុង​ខេត្ត​សៀម​រាប នៅ​មាន​វត្ត​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​នៅ​មាន​រៀបចំ​ពិធីបុណ្យ​ឆ្លង​ចេត្រ​នេះ​។

​ដូចនេះ ដោយសារ​តែ​ជា​ទំនៀមទម្លាប់ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ផង​នោះ ព្រះ​អង្គ​ចង់ឱ្យ​ពុទ្ធបរិស័ទ​រួម​គ្នា​ថែរក្សា​ពិធី បុណ្យ​ឆ្លង​ចេត្រ ដែល​ជា​ទំនៀមទម្លាប់ ដ៏​មាន​អត្ថន័យ​របស់​អ្នក​រស់នៅ​តំបន់​អង្គរ​ឱ្យ​នៅ​យូ​អ​ង្វេ​ង​តទៅ​ទៀត និង​បានឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត​បាន​ឈ្វេងយល់ និង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត​។

សូម​បញ្ជាក់​ថា មាន​មនុស្ស​ច្រើន​ណាស់ ពុំ​ទាន់​យល់​ពី​អត្ថន័យ​នៃ​ពិធីបុណ្យ​ឆ្លង​ចេត្រ​នេះ តែង​ឆ្ងល់​ថា ឆ្លង​យ៉ាងម៉េច​ទៀត បើ​ទើបនឹង​ឆ្លង​ឆ្នាំ​ហើយ​ថ្មី​ៗ​។

តាម​ពិត​ទៅ បើ​បាន​ទៅ​មើល​ពិធី​នេះ​នៅ​ភូមិ​ណាមួយ​តែ​ម្តង ក៏​នឹង​យល់​ថា​។ ឆ្នាំ​មួយ​នោះ​គឺ​ឆ្នាំ​នៃ​ប្រតិទិន ពោល​គឺ​ឆ្នាំ​ដែល​មាន​ពេល​ចប់​ឆ្នាំ​ចាស់ ចូល​ឆ្នាំ​ថ្មី​ច្បាស់លាស់​ដូច​គ្នា​ជា​ទូទៅ​ក្នុង​ប្រទេស មិន​ត្រឹមតែ​ប៉ុណ្ណោះ ដូច​គ្នា​នឹង​ប្រទេស​ដទៃ​ទៀត​មួយ​ចំនួន ផង​។ រីឯ​ឆ្នាំ​ដែល​ទាក់ទង​នឹង​រឿង​ឆ្លង​ចេត្រ​នេះ បើ​និយាយ​ឱ្យ​ចំ​ជាង​នេះ គឺ «​វដ្ត​ស្រូវ​» ឬថា «​រដូវ​» ធ្វើស្រែ​ក៏​បាន​។ ដូច្នេះ​ហើយ​បានជា​ថ្ងៃ​ដែល​រើស​យក មក​ធ្វើបុណ្យ​ឆ្លង​ចេត្រ​នោះ​តែងតែ​ខុស​គ្នា​បន្តិច បន្តួច​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ក្នុង​តំបន់​អង្គរ​ជាមួយ​គ្នា ដ្បិត​វេលា​ក្នុង​រដូវ​មិន​តម្រូវ​ពេល​ណា ថ្ងៃ​ណា​ដាច់​ណាត់ ខុស​មួយ​ថ្ងៃ​ក៏​ពុំ​បាន​នោះ​ឡើយ​។ «​ឆ្លង​ចេត្រ​» នៅ​ទី​នេះ​គ្រាន់តែ​មាន​ន័យ​ថា ឆ្លង​ផុត​ពី​ខែចេត្រ​ចូល​ទៅ​ខែ​ពិសាខ ដែល​ជា​ខែ​ចាប់ផ្តើម​ធ្លាក់​ភ្លៀង ពោល​គឺ​ខែ​ដែល​គេ​ចាប់ផ្តើម​ដាស់ដី​ភ្ជួរ​រាស់​ជាដើម​។

បើ​គិត​តាម​ប្រតិទិន​ឱ្យ​មែនទែន​នោះ មិនមែន​មាន​ន័យ​ថា ធ្វើ​នៅ​ដាច់​ខែចេត្រ ចូល​ទៅ​ថ្ងៃមួយ​កើត​ខែ​ពិសាខ​នោះ​ឡើយ ធ្វើ​ខុស​ពី​ពេល​នោះ​មួយ​អាទិត្យ ពីរ​អាទិត្យ​ក៏​បាន ដ្បិត​ន័យ​ពិតប្រាកដ គឺ​ចប់​រដូវ​ធ្វើស្រែ​មួយ​ជា ស្ថាពរ​ហើយ ហើយ​ចូល​ទៅ​រដូវ​ធ្វើស្រែ​មួយ​ថ្មី​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ