ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានហើយព្យាយាមរត់គេច ក៏ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យបាក់ជើងខាងស្ដាំរងរបួសធ្ងន់ធ្ងរ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយដឹងថា ដោយអនុវត្ដតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចសហការឃាត់បានជនសង្ស័យម្នាក់ករណីចោរកម្មលួចម៉ូតូមួយគ្រឿងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។
នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមជាមួយម៉ូតូមួយគ្រឿង ម៉ាកហុងហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង1N-9476 នៅចំណុចភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឈ្មោះ ម៉ា នាង ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុំឥដ្ឋ ឃុំព្រៃក្រពើក ស្រុកគីរីវង្ស ខេត្តតាកែវ (ម៉ូតូខាងលើរបស់ជនរងគ្រោះ ឈ្មោះ ហ៊ន់ សុខជា ភេទប្រុសរស់នៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបញ្ឍរទុកក្បែរកន្លែងលក់ដូរនៅលើផ្លូវជាតិលេខ៣)។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថាក្រោយទទួលព័ត៌មានករណីចោលួចម៉ូតូ លោកបានបញ្ជាឱ្យគ្រប់បណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាលដែលនៅជិតកន្លែងកើតហេតុសហការបន្ទាន់និងរាយការណ៍បន្ដសុំកិច្ចសហការពីស្រុកជាប់ព្រំប្រទល់ពិនិត្យលើភិនភាគជនសង្ស័យដែលបានប្រព្រឹត្ដបទល្មើស និងមធ្យោបាយដែលបានបាត់ពីជនរងគ្រោះដើម្បីស្នើសហការចាប់ ទើបទទួលបានលទ្ធផលដូចពេលនេះ ។
លោកអធិការនគរបាលស្រុកគងពិសីបានបញ្ជាក់ដឹងថា ករណីខាងលើសមត្ថកិច្ចបាននាំយកជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសីសួរនាំនិងកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ