រាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋ មួយគ្រឿងបានបើកបត់ត្រឡប់ក្រោយ ហើយទាញចង្កូតគេចរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់ចាក់ឥដ្ឋចោលរាយប៉ាយពេញផ្លូវ ទៅលើរថយន្តម៉ាក Lexus LX ៥៧០ មួយគ្រឿងនិងម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៤នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៦ នៅតាមផ្លូវជាតិលេខ ៦A ត្រង់ចំណុចស្ពានលេខ៨ស្ថិតនៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
រថយន្តដឹកឥដ្ឋដែលកើតមានគ្រោះថ្នាក់នោះម៉ាក ហ៊ីយ៉ាន់ដា ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3839អ្នកបើកបរដោយបុរសម្នាក់បានរត់គេចបាត់។ ចំណែកអ្នករងរបួសត្រូវបានគេដឹងថា ជាស្ត្រីជាម្តាយ និងកូនតូចៗ ប្រុសស្រីចំនួន ៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GO-6547 ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋបានធ្វើដំណើរតាមផ្លូវជាតិ លេខ ៦Aក្នុងទិសដៅពីកើតទៅលិចចូលរាជធានីភ្នំពេញ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង ត្រឡប់ក្រោយវិញ ។ ខណៈនោះមានរថយន្តដឹកខ្សាច់មួយគ្រឿង បានបត់កាត់មុខធ្វើឲ្យអ្នកបើកបររថយន្តដឹកឥដ្ឋក៏បានទាញចង្កូតគេច បណ្ដាលឲ្យក្រឡាប់ចាក់ឥដ្ឋទៅលើរថយន្តម៉ាកឡិចស៊ីLX៥៧០មួយគ្រឿង និងសង្កត់ទៅលើម៉ូតូមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅពីរលិចទៅកើតចេញពីរាជធានីភ្នំពេញបណ្ដាឲ្យស្ត្រីជាម្ដាយនិងកូនប្រុស២នាក់អាយុទើបតែ២ឆ្នាំ,និង៥ឆ្នាំនិងកូនស្រីអាយុ១០ឆ្នាំបានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។
តាមសាក្សីបានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នេះឥដ្ឋ បានចាក់រាយប៉ាយពេញដងផ្លូវបោកទៅលើរថយន្តនិងម៉ូតូបណ្ដាឲ្យអ្នកជិះម៉ូតូចំនួន៤ នាក់បានរងរបួស។
តាមក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយបានដឹកកូនតូចៗចំនួន ៣៣នាក់បានធ្វើដំណើរចេញពីខណ្ឌព្រែកព្នៅគោលបំណងទៅស្រុកកំណើតនៅពេលធ្វើដំណើរតាមផ្លូវក៏បានជួបគ្រោះដោយសាររថយន្តដឹកឥតក្រឡាប់ចាក់ឥដ្ឋលើតែម្តង។
បន្ទាប់ពីកើតមានគ្រោះថ្នាក់ខាងលើ អ្នកបើកបររថយន្តដឹកឥដ្ឋក៏បានស្រវ៉ាបើកទ្វារចេញរួចគេចខ្លួនបាត់។
ក្រោយកើតមានគ្រោះថ្នាក់ខាងលើ នគរបាលមូលដ្ឋានបានចុះទៅសម្រួលចរាចរណ៍រួចទាក់ទងហៅរថយន្តបញ្ជូនជនរងគ្រោះទៅសង្គ្រោះនិងទាក់ទងហៅនគរបាលចរាចរណ៍ចុះមកវាស់វែងរួចនាំយករថយន្តម៉ូតូទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយតាមច្បាប់ ៕






ចែករំលែកព័តមាននេះ