ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការខ្ពស់! កសិករខេត្តមណ្ឌលគិរីជោគជ័យលើការដាំ«ល្ហុងហូឡង់» ផ្គត់ផ្គង់ទីផ្សារភ្នំពេញ និងផ្សារទំនើបធំៗ

1 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​ដែល​តម្រូវការ​កសិផល​ធម្មជាតិ​នៅ​ក្នុងស្រុក​កំពុង​មានការ​កើនឡើង​ខ្លាំង ចំការ​ល្ហុង​ពួ​ជ​ហូ​លេ​ន​ដ៏​ធំ​មួយ​ស្ថិត​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​បំពេញតម្រូវការ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើប​ធំ​ៗ​មួយ​ចំនួន ។ លោក ម៉ុ​យ រ៉ា​ដូ…

ខេត្តមណ្ឌលគិរី ៖ ខណៈ​ដែល​តម្រូវការ​កសិផល​ធម្មជាតិ​នៅ​ក្នុងស្រុក​កំពុង​មានការ​កើនឡើង​ខ្លាំង ចំការ​ល្ហុង​ពួ​ជ​ហូ​លេ​ន​ដ៏​ធំ​មួយ​ស្ថិត​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​បំពេញតម្រូវការ​ទីផ្សារ​រាជធានី​ភ្នំពេញ និង​ផ្សារ​ទំនើប​ធំ​ៗ​មួយ​ចំនួន ។ លោក ម៉ុ​យ រ៉ា​ដូ ម្ចាស់​ចំការ ដែល​បាន​យកចិត្តទុកដាក់​លើ​គុណភាព​ជា​ចម្បង បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កសិផល​ខ្មែរ​ពិតជា​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រកួតប្រជែង បើ​ទោះបីជា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ផ្នែក​បច្ចេកទេស និង​ថ្លៃដើម​យ៉ាងណា​ក៏​ដោយ​។​»

លោក ម៉ុ​យ រ៉ា​ដូ បាន​រៀបរាប់​ថា ចំការ​របស់​លោក​បច្ចុប្បន្ន​មាន​ដើម​ល្ហុង​ហូ​លេ​ន​សរុប​ប្រមាណ ៦,០០០​ដើម​។ លក្ខណៈ​ពិសេស​នៃ​ល្ហុង​ប្រភេទ​នេះ គឺ​ប្រើ​រយៈពេល​ត្រឹមតែ ៨​ខែ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃ​ដាំ​ដុះ រហូត​ដល់​អាច​ប្រមូល​ផល​បាន​។ ដោយសារ​គុណភាព និង​រសជាតិ​ផ្អែម​ឆ្ងាញ់​ប្លែក​ពី​ល្ហុង​តំបន់​ផ្សេង ល្ហុង​ហូ​លេ​ន​ក្នុង​ចំការ​របស់​លោក ត្រូវ​បាន​ទទួលស្គាល់ ជា​ផលិតផល​ក្នុង​យុទ្ធនាការ «​ភូមិ​មួយ ផលិតផល​មួយ​» ដែល​ជា​មោទនភាព​សម្រាប់​ស្រុក​ពេ​ជ្រា​ដា​ទាំងមូល​។

ទាក់ទង​នឹង​ទិន្នផល លោក​បាន​បញ្ជាក់​ថា បើ​ទោះបីជា​បច្ចុប្បន្ន​ការ​ផ្ដល់​ផល​ទើបតែ​សម្រេច​បាន​ប្រមាណ ៣០​ភាគរយ​នៃ​ផ្ទៃដី​សរុប​ក៏​ដោយ ប៉ុន្តែ​លោក​អាច​បេះ​ល្ហុង​លក់​បាន​ក្នុង​ចន្លោះ​ពី ១​តោន ទៅ​១​តោន​កន្លះ ក្នុង​មួយ​ថ្ងៃ (​បេះ​មួយ​ថ្ងៃ​ខាន​មួយ​ថ្ងៃ​) ។

បញ្ហា​ទីផ្សារ​ដែល​កសិករ​ភាគច្រើន​ធ្លាប់​ព្រួយបារម្ភ ហាក់​មិនមែន​ជា​ឧបសគ្គ​សម្រាប់​លោក ម៉ុ​យ រ៉ា​ដូ ឡើយ​។ លោក​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ល្អ តាម​រយៈ​ការ​ផ្គត់ផ្គង់​ដោយ​ផ្ទាល់​ទៅ​កាន់​រាជធានី​ភ្នំពេញ ។ លោក​មាន​ប្អូនស្រី​ឈ្មោះ ម៉ុ​យ វ​លក្ខណ៍ ដែល​ជា​ម្ចាស់​ហាង «​ពិភព​បន្លែ​ផ្លែ​ឈើ​» ចំនួន ៥​សាខា​នៅ​ភ្នំពេញ ចាំ​ទទួល​ទិញ​បោះ​ដុំ និង​ចែកចាយ​បន្ត ដោយ​ទទួល​បាន​ថ្លៃ​ចាប់ពី​ប្រាំ​ពាន់​រៀល ទៅ​ប្រាំមួយ​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម ។ ហើយ​មានការ​បញ្ជា​ទិញ​យ៉ាងច្រើន​ពី​សំណាក់​អាជីវករ​ក្នុង​ក្រុង​សែន​មនោ​រម្យ អាជីវករ​មក​ពី​ខេត្តក្រចេះ និង​ផ្សារ​ទំនើប​មួយ​ចំនួន ។​លោក​បាន​អះអាង​ថា តម្រូវការ​បច្ចុប្បន្ន​គឺ​លើស​ពី​សមត្ថភាព​ផ្គត់ផ្គង់ ដែល​នេះ​ជា​កម្លាំងចិត្ត​ឱ្យ​លោក មាន​ផែនការ​ពង្រីក​ការ​ដាំ​ដុះ​បន្ថែមចំនួន ៣,០០០​ដើម (​ប្រមាណ ៣​ហិ​កតា​) ក្នុង​មួយ​ឆ្នាំ​។

នៅ​ពីក្រោយ​ជោគជ័យ​នេះ លោក ម៉ុ​យ រ៉ា​ដូ ក៏​បាន​បង្ហើប​ពី​ការ​លំបាក​លើ​បញ្ហា​ថ្លៃដើម និង​បច្ចេកទេស​ផង​ដែរ​។ ការ​ដាំ​ល្ហុង​ហូ​ឡង់​ទាមទារ​ការ​វិនិយោគ​ខ្ពស់​លើ​ប្រព័ន្ធ​ទឹក ដែល​ក្នុង​មួយ​ហិ​កតា​ត្រូវ​ចំណាយ​ប្រមាណ ៦,០០០​ដុល្លារ​។ លោក​បាន​បញ្ជាក់​ថា កសិដ្ឋាន​នៅ​ខ្វះខាត​មធ្យោបាយ​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​ប្រព័ន្ធ​ស្រោចស្រព​ឱ្យ​បាន​គ្រប់គ្រាន់​។

ក្នុង​នាម​ជា​កសិករ​គំរូ លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍​លើ​ផ្នែក​អគ្គិសនី ឬ​ជួយ​សម្រួល​ដល់​ការ​ដំឡើង​អណ្តូងទឹក​ប្រើប្រាស់​ថាមពល​សូ​ឡា ដើម្បី​ជួយ​កាត់​បន្ថយ​ចំណាយ និង​ព​ន្លឿ​ន​ការ​ដាំ​ដុះ​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ​ដែល​កំពុង​ហក់​ឡើង​ខ្លាំង​។

មិន​ត្រឹមតែ​ដាំ​ល្ហុង​ប៉ុណ្ណោះ​ទេ លោក ម៉ុ​យ រ៉ា​ដូ កំពុង​ប្រែក្លាយ​កសិដ្ឋាន​នេះ​ឱ្យទៅ​ជា​តំបន់កសិកម្ម​ចម្រុះ ដែល​មាន​ចិញ្ចឹម​មាន់ ព្រាប និង​មាន​ផែនការ​ចិញ្ចឹម​ត្រី​អណ្ដែង បង្កង និង​ត្រី​ចម្រុះ​ផ្សេង​ៗ​ទៀត​។ បច្ចុប្បន្ន លោក​បាន​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ចំនួន ១២​នាក់ (​ស្រី ៦​នាក់ និង​ប្រុស ៦​នាក់​) ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​បាន​មួយ​ចំណែក​។

លោក រ៉ា​ដូ បាន​ស្នើរ​ដល់​មហាជន​ថា «​ខ្ញុំ​សូម​សំណូមពរ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ សូម​ងាក​មក​គាំទ្រ​កសិផល​ក្នុងស្រុក ដើម្បី​លើកទឹកចិត្ត​កសិករ​យើង ឱ្យ​ពួក​គាត់​មាន​ចំណូល និង​មាន​លទ្ធភាព​ពង្រីក​ការ​ដាំ​ដុះ ដែល​ជា​ចំណែក​មួយ​ជួយ​ទប់ស្កាត់​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ