ទីក្រុងមូស្គូ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២៥ ខែមិថុនានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនៅតែបើកចំហ និងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពលើបញ្ហាអ៊ុយក្រែននៅគ្រប់ពេលវេលា ហើយដំណោះស្រាយនយោបាយ-ការទូតនៅតែអាចទៅរួច។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា នៅពេលអង្គុយលើតុចរចា ទោះបីជាមានគំនិត សំណើល្អៗ ឬមានមនុស្សត្រឹមត្រូវពីភាគីម្ខាងទៀតក៏ដោយ ក៏រុស្ស៊ីដាច់ខាតមិនជឿជាក់លើការសន្យាតាមសម្ដីទទេៗនោះឡើយ ពោលគឺត្រូវមានការធានាច្បាស់លាស់។
ដើម្បីឱ្យកិច្ចចរចាមានប្រសិទ្ធភាព រុស្ស៊ីបានស្នើឱ្យអ៊ុយក្រែនដំឡើងឋានៈប្រធានដឹកនាំប្រតិភូរបស់ខ្លួនឱ្យខ្ពស់ជាងមុន ព្រមទាំងបង្កើតក្រុមការងារចំនួន ៣ បន្ថែមទៀត ដែលគ្របដណ្តប់លើបញ្ហាមនុស្សធម៌ នយោបាយ និងយោធា។ ស្របពេលជាមួយគ្នានេះ លោក Lavrov បានបង្ហើបថា ទីក្រុងមូស្គូកំពុងបន្តពិភាក្សាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចរបស់លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ រួមទាំងកូនប្រសាររបស់លោក គឺលោក Jared Kushner ផងដែរ ដោយរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីស្ដាប់រាល់សំណើរបស់ពួកគេ ប៉ុន្តែបានដាក់លក្ខខណ្ឌដាច់ខាតថា បណ្តាប្រទេសលោកខាងលិចត្រូវតែគោរពផលប្រយោជន៍ជាតិដ៏សំខាន់របស់រុស្ស៊ីជាមុនសិន៕
ចែករំលែកព័តមាននេះ