ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាវ​វាយកម្ទេចបណ្ដាញឆបោកអនឡាញទូទាំងប្រទេស ឃាត់ខ្លួនមនុស្សជិត ៩០០នាក់ ក្នុងរយៈពេលមិនដល់មួយខែ

1 ម៉ោង មុន

ទីក្រុងវៀងចន្ទន៍៖អាជ្ញាធរប្រទេសឡាវបានពង្រឹងយុទ្ធនាការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញយ៉ាងចាស់ដៃពីភាគខាងជើងដល់ភាគខាងត្បូង ដោយបានចាប់ខ្លួនមនុស្សសរុបជិត ៩០០ នាក់ គិតចាប់តាំងពីថ្ងៃទី១ ខែមិថុនា មក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times នៅថ្ងៃទី២៥ ខែមិថុនានេះ។

នៅក្នុងចំណាត់ការចុងក្រោយបង្អស់កាលពីថ្ងៃទី២៤ ខែមិថុនា ប៉ូលិសឡាវបានធ្វើការប្រគល់ខ្លួនជនសង្ស័យជាតិចិនចំនួន ១៧០ នាក់ ដែលលួចលាក់រស់នៅខុសច្បាប់ និងបើកបណ្ដាញឆបោកនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ខេត្តបលីខាំសៃ និងខេត្តចំប៉ាសាក់ ទៅឱ្យអាជ្ញាធរចិនវិញតាមច្រកព្រំដែនអន្តរជាតិបូតេន ​ដើម្បីប្រឈមមុខនឹងការកាត់ទោសតាមច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ច ក្នុងប្រតិបត្តិការឆ្មក់ចូលបង្ក្រាបស្ទើរតែរាល់ថ្ងៃទូទាំងប្រទេសនេះ អាជ្ញាធរបានរកឃើញការលួចលាក់បើកបណ្ដាញឆបោកជាច្រើនទម្រង់ រួមទាំងការបោកប្រាស់ស្នេហ៍តាមអនឡាញ​និងបណ្ដាញបោកប្រាស់ឆ្លងដែន ដោយឃាត់ខ្លួនបានជនសង្ស័យចម្រុះជាតិសាសន៍ជាច្រើន មានដូចជា ជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន តៃវ៉ាន់ ភូមា អេត្យូពី និងអ៊ុយក្រែន ជាដើម។

បច្ចុប្បន្ន ជនសង្ស័យភាគច្រើនដែលមានសញ្ជាតិចិន ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញជាបន្តបន្ទាប់ ចំណែកឯជនសង្ស័យដែលមានសញ្ជាតិដទៃទៀត ត្រូវបន្តឃាត់ខ្លួននៅក្នុងប្រទេសឡាវ ដើម្បីឱ្យអាជ្ញាធរបើកការស៊ើបអង្កេត និងចាត់ការទៅតាមនីតិវិធីច្បាប់ក្នុងស្រុក៕