ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! កម្ពុជា​មាន​ផ្គត់ផ្គង់​អគ្គិសនី​ចល័ត​លើ​រថយន្ត​ធំ​ជា​លើក​ដំបូង អាច​ដាក់​ពង្រាយ​ដោះស្រាយ​បញ្ហា​បាន​លឿន​ទាន់ចិត្ត

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ អគ្គិសនី​កម្ពុជា បាន​បញ្ចប់​ការ​ធ្វើតេស្ត សាកល្បង​ដោយ​ជោគជ័យ និង​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ដាក់​ឱ្យ​ដំណើរការ​នូវ​អនុ​ស្ថានីយ​ចល័ត ដាក់​លើ​រថយន្ត​ធំ (Mobile Substation) តង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និង​អានុភាព ៣០ MVA លើក​ទី​១ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឃុំ​រក្សា ស្រុក​រវៀង ខេត្តព្រះវិហារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​បន្ទាន់​ចំពោះ​មុខ ជា​ពិសេស​តំបន់ឧស្សាហកម្ម នេះបើយោងតាមអគ្គិសនី​កម្ពុជា​-EDC បាន​បង្ហាញ​នៅថ្ងៃទី២៥ មិថុនានេះ ។

អគ្គិសនី​កម្ពុជា​-EDC បាន​បង្ហាញ​​ថា អនុ​ស្ថានីយ​ចល័ត​នេះ អាច​បើកបរ​ពី​ទីតាំង​មួយ​ទៅ​មួយ​បាន ហើយ​អាច​ភ្ជាប់​ទៅ​នឹង​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​បាន​លឿន ដើម្បី​ជួយ​បង្កើន​លទ្ធភាព និង​ប្រសិទ្ធភាព នៃ​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ដែល​មាន​តម្រូវការ​បន្ទាន់​។ អនុ​ស្ថានីយ​ចល័ត​នេះ​ត្រូវ បាន​ដាក់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ហើយនឹង​ចល័ត​ទៅ​ប្រើ​នៅ​ទីតាំង​ផ្សេង នៅ​ពេល​ដែល​អគ្គិសនី​កម្ពុជា​កំពុង​សាងសង់ អនុ​ស្ថានីយ​អគ្គិសនី​អចិន្ត្រៃយ៍ ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២៦ នេះ​ផង​ដែរ ។

អគ្គិសនី​កម្ពុជា​-EDC បញ្ជាក់​ថា គម្រោង​នេះ នឹង​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុងស្រុក​រវៀង និង​តំបន់​ជុំវិញ ដែល​កន្លង​មក​យក​ប្រភព​ផ្គត់ផ្គង់​ពី​អនុ​ស្ថានីយ ជ័យ​សែន​តាម​រយៈ​ខ្សែបណ្តាញ​តង់ស្យុង​មធ្យម ដែល​មាន​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ទៅ​ប្រមាណ​ជាង ៧០​គីឡូម៉ែត្រ ដែល​អាច​បណ្តាល​ឱ្យ​មានការ​រអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​មិន​អាច​ប្រើប្រាស់​បាន​ក្នុង​លក្ខណៈ​ឧស្សាហកម្ម ។

EDC បញ្ជាក់​បន្ថែម​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ប្រើប្រាស់​អគ្គិសនី​យ៉ាង​គំហុក នៅ​តាម​បណ្តា​រោងចក្រ​ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច ពិសេស​នានា រហូត​ដល់​ចុងឆ្នាំ​២០២៦​នេះ អគ្គិសនី​កម្ពុជា នឹង​ដាក់​បន្ថែម​អនុ​ស្ថានីយ​ចល័ត​ចំនួន ៧​គ្រឿង​ទៀត នៅ​តាម​ទីតាំង​មួយ​ចំនួន​រួម​មាន ៖ ស្រុក​បារាយណ៍ ស្រុក​ស្ទោង ស្រុក​ជីក្រែង ខេត្តកំពង់ធំ និង​ខាងត្បូង​ខេត្តសៀមរាប ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និង​ខេត្ត​ត្បូងឃ្មុំ​។ លក្ខណៈ​ពិសេស​របស់​អនុ​ស្ថានីយ​ចល័ត​នេះ គឺ​យក​ទៅ​ប្រើប្រាស់​បន្ទាន់​បាន​លឿន សម្រាប់​ទីតាំង​ថ្មី ត្រូវការ​ពេល​ប្រមាណ ២​ស​ប្តា​ហ៍ នឹង​សម្រាប់​ជំនួស​អនុ​ស្ថានីយ ដែល​មាន​បញ្ហា​តែ​ក្នុង​រយៈពេល​ប្រមាណ ២​ថ្ងៃ​ប៉ុណ្ណោះ ៕