ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​ស្ទុះ​ឡើង ក្រោយ​លោក ត្រាំ បដិសេធ​ការ​ឆ្លើយ​តប​របស់​អ៊ី​រ៉​ង់​ចំពោះ​ផែនការ​សន្តិភាព

2 ម៉ោង មុន

អន្តរជាតិ ៖ ការ​បដិសេធ​យ៉ាង​លឿន​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ចំពោះ​ការ​ឆ្លើយ​តប​របស់​អ៊ី​រ៉​ង់​​ ជុំវិញផែនការ​សន្តិភាព​របស់​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ហក់​ឡើង…

អន្តរជាតិ ៖ ការ​បដិសេធ​យ៉ាង​លឿន​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) ចំពោះ​ការ​ឆ្លើយ​តប​របស់​អ៊ី​រ៉​ង់​​ ជុំវិញផែនការ​សន្តិភាព​របស់​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ហក់​ឡើង នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ចំ​ពេល​មានការ​បារម្ភ​ថា ជម្លោះ​១០​ស​ប្តា​ហ៍នឹង​អូស​បន្លាយ ដែល​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ជាប់​គាំង​បន្ត​ទៀត​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អា​មេ​រិ​ក​ដាក់​សំណើ​មួយ​ដោយ​សង្ឃឹមថា នឹង​បើក​ការ​ចរចា​ឡើង​វិញ​នោះ អ៊ី​រ៉​ង់​កាលពី​អាទិត្យ​បាន​ចេញផ្សាយ​ការ​ឆ្លើយ​តប​ដែល​ផ្តោត​លើ​ការ​បញ្ចប់សង្គ្រាម​នៅ​គ្រប់​ទិស​ទី ជា​ពិសេស​ប្រទេស​លី​បង់ ដែល​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក គឺ​អ៊ី​ស្រា​អែ​ល កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ហេ​ស​បូ​ឡា (Hezbollah) ដែល​គាំទ្រ​ដោយ​អ៊ី​រ៉​ង់​។

ទូរទស្សន៍​រដ្ឋ​អ៊ី​រ៉​ង់​ផ្សាយ​ថា ទីក្រុង​តេ​អេ​រ៉​ង់​ក៏​បាន​រួម​បញ្ចូល​ការ​ទាមទារ​សំណង​សម្រាប់​ការ​ខូចខាត​ដោយសារ​សង្គ្រាម និង​បាន​សង្កត់ធ្ងន់​លើ​អធិបតេយ្យភាព​របស់​អ៊ី​រ៉​ង់​លើ​ច្រក ហ័​រ​មូស ក៏​ជា​អំពាវនាវ​ឱ្យ​អា​មេ​រិ​ក​បញ្ចប់​ការ​បិទផ្លូវ​កងទ័ពជើងទឹក​របស់​ខ្លួន ធានា​ថា មិន​មានការ​វាយប្រហារ​បន្ថែម​ទៀត ក៏​ដូច​ជា​ទណ្ឌកម្ម និង​បញ្ចប់​ការ​ហាមឃាត់​របស់​លើ​ការ​លក់​ប្រេង​របស់​អ៊ី​រ៉​ង់​។

ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក លោក ត្រាំ បាន​ច្រានចោល​សំណើ​អ៊ី​រ៉​ង់ ជាមួយនឹង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Truth Social ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ដូច្នេះ​ថា «​ខ្ញុំ​មិន​ចូល​ចិត្ត​វា​ទេ មិន​អាច​ទទួលយក​បាន​ទាំងស្រុង​»​។ ដ្បិត​សហរដ្ឋអាមេរិក​បាន​ស្នើ​ឱ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា មុន​ពេល​ចាប់ផ្តើម​ការ​ចរចា​លើ​បញ្ហា​ចម្រូងចម្រាស​ជា​ច្រើន រួម​ទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់​ផង​ដែរ​។

ក្រឡេក​ទៅ​មើល​តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដា​ពិភពលោក​បាន​កើនឡើង ៤,០៤ ដុល្លារ​អា​មេ​រិ​ក ឬ ៣,៩៩% ដល់​តម្លៃ ១០៥,៣៣ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១:១៤ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​)​។ រីឯ​ប្រេង​ឆៅ​ស្តង់​សហរដ្ឋ​ដា​អា​មេ​រិ​ក (WTI) មាន​តម្លៃ ៩៩,៨៥ ដុល្លារ​ក្នុង​១​បារ៉ែល កើនឡើង ៤,៤៣ ដុល្លារ ឬ ៤,៦៤%​។

លោកស្រី Priyanka Sachdeva អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Phillip Nova បាន​និយាយ​ថា តម្លៃ​ប្រេង​ឆៅ​មិនសូវ​ផ្អែក​លើ​តម្រូវការ ឬ​ការ​ផ្គត់ផ្គង់​ជាក់ស្តែង​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បែរជា​ហក់​ឡើង ឬ​ចុះ​យ៉ាង​គំហុក ទៅ​តាម​ពាក្យ​សម្តី ការ​បដិសេធ ឬ​ការ​ព្រមាន​ដែល​ចេញ​មក​ពី​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ