ទីក្រុងបាងកក ៖ អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកំណត់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ពន្ធនាគាររយៈ៨ខែ ក្រោយតុលាការសម្រេចថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ ដើម្បីគេចពីការជាប់ពន្ធនាគារ។ នេះបើតាមប្រភពពី Reuters និង CNA បានចេញផ្សាយ។
មហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ បានដើរចេញពីពន្ធនាគារនៅវេលាម៉ោងប្រហែល ៧:៤០ព្រឹក (ម៉ោងក្នុងស្រុក) ដោយទទួលបានការស្វាគមន៍ពីសមាជិកគ្រួសារ ដោយមានទាំងវត្តមានលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ដែលជាកូនស្រី និងជាអតីតនាយករដ្ឋមន្ត្រីថៃ រួមទាំងអ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារខ្លងប្រេមក្នុងទីក្រុងបាងកកផងដែរ។
គួររំលឹកថា លោក ថាក់ស៊ីន បានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ២០២៣ បន្ទាប់ពីការនិរទេសខ្លួនអស់រយៈពេល១៥ឆ្នាំ ដើម្បីមកអនុវត្តទោសជាប់ពន្ធនាគារសរុប៨ឆ្នាំ លើបទចោទប្រកាន់ពីបទទំនាស់ផលប្រយោជន៍ និងការរំលោភអំណាច អំឡុងពេលកាន់តំណែងពីឆ្នាំ ២០០១ ដល់ ២០០៦ ប៉ុន្តែក្រោយមក ព្រះមហាក្សត្រថៃបានសម្រាលទោសមកត្រឹម១ឆ្នាំ។ ទោះយ៉ាងណាក៏ដោយ លោកបានជាប់ពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់មកបានចំណាយពេល៦ខែ នៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយដោយសារបញ្ហាសុខភាព។
នៅខែកញ្ញា ឆ្នាំ ២០២៥ លោកត្រូវបានបង្គាប់ឱ្យចូលខ្លួនបំពេញទោសនៅក្នុងពន្ធនាគាររយៈពេល១ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា ការស្នាក់នៅមន្ទីរពេទ្យប៉ូលិស កាលពីមុននោះ គឺជាទង្វើខុសច្បាប់។
បើទោះជាត្រូវបានដោះលែងឱ្យមានសេរីភាពមុនកំណត់ក៏ពិតមែន ប៉ុន្តែលោក ថាក់ស៊ីន ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិចនៅនឹងកជើង (Electronic Ankle Monitor) អំឡុងពេលសាកល្បងរយៈពេល៤ខែ នៃការដោះលែងរបស់លោក៕

ចែករំលែកព័តមាននេះ