រាជធានីភ្នំពេញ ៖ កម្ពុជានឹងរងការវាយប្រហារដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្រោមឥទ្ធិពលព្យុះទី៥ ឈ្មោះហាហ្គូពីត (Hagupit) T2605 ចាប់ពីថ្ងៃនេះតទៅដល់ថ្ងៃទី១៣ ទៀត ។
ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មានព្យុះទី៥ ឈ្មោះហាហ្គូពីត (Hagupit) T2605 នៅតែមានឧទ្ធិពលលើរបបខ្យល់មូសុង នីរតីដែលបក់លើឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាក្រកម្ពុជាពុំស្ថិតលើគន្លងផ្លូវដើររបស់ព្យុះនេះទេ ។
ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១១ ខែថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៖
១.តំបន់វាលទំនាប ៖ សីតុណ្ហភាពធម្យមអប្បបរមា ២៥°C និងអតិបរមាធម្យម ៣៦°C ។ ខ្យល់បក់មកពីទិសបូព៌ា និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ បណ្តាខេត្តដូចជា បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥% ។
២.តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពធម្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ា មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។
៣.តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពធម្យមអប្បបរមា ២៥°C និងអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២៥%។ ចំពឡស្ថានភាពសមុទ្រ ៖ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងអតិបរមា ១,០០ ម៉ែត្រ ៕
ចែករំលែកព័តមាននេះ