ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់​ចង់បាន​ឥទ្ធិពល ទិញ​ខោអាវ​ពី​ផ្សារ ប.ន្លំ​ធ្វើ​នគរបាល​ជាតិ ត្រូវបានឃាត់ខ្លួន

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ហេតុតែ​ចង់​បញ្ចេញ​ឥទ្ធិពល​ឲ្យ​អ្នក​ដទៃ​ខ្លាច និង​ដើម្បី​ទាញ​យក​ប្រយោជន៍​​ផ្សេង​ៗ​ពី​ឯកសណ្ឋាន​នេះ ណាមួយ​ចង់​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ​ផង​នោះ នាង​ពុំ​បាន​ទៅ​ដាក់​ពាក្យ​ប្រឡង​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​នាង​បែរជា​លេង​ផ្លូវ​កាត់​ដោយ​ចំណាយ​ប្រាក់​ជាង​១០០​ដុល្លារ​ទៅ​ទិញ​ឯកសណ្ឋាន​នគរបាល​ជាតិ​មាន​ឈុត​សម្លៀក​បំពាក់ ស័ក្ដិ ផ្លា​ក​ឈ្មោះ​ជាដើម…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ហេតុតែ​ចង់​បញ្ចេញ​ឥទ្ធិពល​ឲ្យ​អ្នក​ដទៃ​ខ្លាច និង​ដើម្បី​ទាញ​យក​ប្រយោជន៍​​ផ្សេង​ៗ​ពី​ឯកសណ្ឋាន​នេះ ណាមួយ​ចង់​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ​ផង​នោះ នាង​ពុំ​បាន​ទៅ​ដាក់​ពាក្យ​ប្រឡង​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ។

ផ្ទុយ​ទៅ​វិញ​នាង​បែរជា​លេង​ផ្លូវ​កាត់​ដោយ​ចំណាយ​ប្រាក់​ជាង​១០០​ដុល្លារ​ទៅ​ទិញ​ឯកសណ្ឋាន​នគរបាល​ជាតិ​មាន​ឈុត​សម្លៀក​បំពាក់ ស័ក្ដិ ផ្លា​ក​ឈ្មោះ​ជាដើម ពី​ផ្សារ​ទឹកថ្លា យក​មក​ស្លៀកពាក់​ហ៊ឺហា ព្រមទាំង​សៀត​កាំភ្លើងខ្លី​ជ័រ​១​ដើម​សម្ញែង​មហាជន​ទៀត​ផង ។ ដោយសារ​តែ​ដឹង​ច្បាស់​ថា នាង​ម្នាក់​នោះ​ពុំ​មែន​ជា​មន្ត្រី​ផង ប៉ុន្តែ​បែរជា​ស្លៀក​ឯកសណ្ឋាន​នគរបាល​បែប​នេះ ក៏​ត្រូវ​បាន​មហាជន​រាយការណ៍​ជូន​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ឲ្យ​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន រួច​នាំ​ទៅ​សា​ក​សួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ នៅ​ចំណុច​បុរី លី រ៉ា​នី ភូមិ​ព្រៃ​តាកែ សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ នារី​ម្នាក់​នោះ​ឈ្មោះ ង៉ែត ចាន់​យ៉ា អាយុ​២១​ឆ្នាំ គ្មាន​មុខរបរ​នោះ​ទេ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ទឹកនោម​រក​មិនឃើញ​មាន​សារធាតុ​ញៀន​ឡើយ​បច្ចុប្បន្ន​នាង​មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។ នគរបាល​បាន​កសាង​សំណុំរឿង​ចោទប្រកាន់​រូប​នាង​ពី​បទ​ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជា​អាទិ៍ ដែល​មាន​ភាព​ប្រហាក់ប្រហែល​គ្នា និង​នគរបាល ឬ​យោធា ។

ក្រោយ​ពេល​ឃាត់ខ្លួន​នគរបាល​ដកហូត​បាន​ឯកសណ្ឋាន​នគរបាល​ជាតិ​២​កំ​ប្លេ​រ ចំណែកឯ​កាំភ្លើងខ្លី​ជ័រ​ដែល​មហាជន​អះអាង​ថា​បានឃើញ​នាង​សៀត​នៅ​ចង្កេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​រក​មិនឃើញ​នោះ​ឡើយ​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​នគរបាល​ខណ្ឌ​កំ​បូល ។

មន្ត្រី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក នាង​ម្នាក់​នោះ​បាន​ទៅ​ផ្សារ​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួច​បាន​ទិញ​ឯកសណ្ឋាន​នគរបាល​ជាតិ​ពណ៌​ទឹកដោះគោ (​ខោអាវ​ការងារ​) ១​កំ​ប្លេ ពាក់​អត្តលេខ​៨៨០០៧ អត្តលេខ​នេះ​បាន​ជាន់​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ ។ ស័ក្ដិ​៥១​គូ និង​ឯកសណ្ឋាន​នគរបាល​ប្រយុទ្ធ ១​កំ​ប្លេ​រ ប៉ាក់​ផ្លា​ក​ឈ្មោះ ង៉ែត ច​ន្យា អត្តលេខ​៨៨០០៧ ក្នុង​តម្លៃ​១០៥​ដុល្លា​អា​មេ​រិ​ក បន្ទាប់​មក​បាន​យក​មក​ស្លៀកពាក់ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​មហាជន​ក៏​បានឃើញ​នាង​សៀត​កាំភ្លើងខ្លី​ជ័រ​១​ដើម​នៅ​នឹង​ចង្កេះ​ទៀត​ផង សម្ញែង​ដាក់​គេឯង​គ្រប់​គ្នា​ធ្វើ​ដូច​ខ្លូ​ន​ឯង​ជា​មន្ត្រី​នគរបាល​ពិត​ៗ​អុ​ី​ចឹ​ង ដោយ​នាង​ស្មានថា​ការ​ក្លែងខ្លួន​ជា​មន្ត្រី​នគរបាល​បែប​នេះ​គ្មាន​អ្នកដឹង ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ មហាជន​ក៏​បាន​រាយការណ៍​ប្រាប់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ធំ​និង​នគរបាល​ខណ្ឌ​កំ​បូល​បានដឹង ហើយ​នគរបាល​ខាងលើ​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​នារី​ម្នាក់​នោះ​នាំ​ទៅ​ធ្វើការ​សួរនាំ​នៅ​ប៉ុស្ដិ៍ ។ ពេល​នោះ​នាង​បាន​និយាយ​ថា ព្រោះតែ​ចង់បាន​ឥទ្ធិពល​ឲ្យ​គេ​ខ្លាចញញើត និង​ដើម្បី​ទាញ​យក​ប្រយោជន៍​ផ្សេង​ៗ​ពី​ឯកសណ្ឋាន​នគរបាល​ជាតិ​នេះ (​ប៉ុន្តែ​នាង​ពុំ​បាន​បញ្ជាក់​ប្រយោជន៍​អ្វីខ្លះ​ទេ​) ទើប​នាង​ចំណាយ​ប្រាក់​ទៅ​ទិញ​វា​ពី​ផ្សារ​ទឹកថ្លា យក​មក​ស្លៀក​បែប​នេះ​តែ​ម្ដង ។

នគរបាល​ដដែល​បាន​បញ្ជាក់​ប្រាប់​ថា ស្ត្រី​រូប​នេះ​ចង់​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ ប៉ុន្តែ​កន្លង​មក​នាង​ពុំដែល​មាន​ប្រវត្តិ​ទៅ​ដាក់​ពាក្យ​ធ្វើ​ជា​នគរបាល​ឡើយ ហើយ​ក្នុង​ពេល​ក្លែងបន្លំ​ជា​នគរបាល​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ នាង​ពុំ​ទាន់​បាន​យក​ឥទ្ធិពល​ទៅ​ដើរ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​នៅឡើយ​ទេ ។
ប៉ុន្តែ​ការ​គ្រង​ឯកសណ្ឋាន​នគរបាល​ជាតិ ទាំង​ខ្លួន​ពុំ​មែន​ជា​នគរបាល​បែប​នេះ គឺជា​ទ​ង្វើ​ខុសច្បាប់ ហើយ​ក្រោយ​ពេល​ឃាត់ខ្លួន​នគរបាល​ក៏​បាន​រង់ចាំ​មើល​ក្រែង​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចាញ់បោក​នាង​ទៅ​ដាក់​ពាក្យ​ប្ដឹង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែឧសភា​នេះ​ពុំ​ទាន់​ឃើញ​មាន​អ្នក​ទៅ​ប្ដឹង​ទេ ។

បច្ចុប្បន្ន​ស្ត្រី​ក្លែងខ្លួន​ជា​នគរបាល​រូប​នោះ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ