ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងថាសង្គ្រាមអ៊ុយក្រែនសឹងតែឈានចូលទៅដល់ទីបញ្ចប់ទៅហើយ។ លោកក៏ឆ្លៀតឱកាសនេះរិះគន់ក្រុមបស្ចិមប្រទេសដែលគាំទ្រអ៊ុយក្រែន។ លោកថ្លែងដូច្នេះនៅពេលអនុវត្តបទឈប់បាញ់ថ្ងៃទី១នៃបទឈប់បាញ់រយៈពេលខ្លីបីថ្ងៃដែលសម្របសម្រួលដោយលោកដូណាល់ត្រាំ។ ប៉ុន្តែបទឈប់បាញ់នេះក៏មានបញ្ហាខ្លះៗផងដែរដោយសារភាគីទាំង២ចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភបំពានបទឈប់បាញ់។

បន្ទាប់ពីថ្លែងទៅកាន់កងទ័ពនៅឯពិធីហែក្បួនព្យុហយាត្រាខ្នាតតូចជាងមុន លោកពូទីនថ្លែងថាពួកគេកំពុងប្រយុទ្ធប្រឆាំងក្រុមឈ្លានពាននៅប្រទេសអ៊ុយក្រែនដែលមានអង្គការណាតូឈរនៅពីក្រោយខ្នង។ លោកពូទីនចាត់ទុកថាគោលដៅនៃសង្គ្រាមដែលលោកជាអ្នកផ្ដួចផ្ដើមឡើងនោះជារឿងត្រឹមត្រូវសមហេតុផល។ ជានិច្ចកាល រុស្ស៊ីរៀបចំពិធីរំលឹកខួបជ័យជម្នះលើពួកណាហ្សាអាល្លឺម៉ង់យ៉ាងហ៊ឹកហ៊ាក់។ ប៉ុន្តែបន្ទាប់ពីរងការវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែញឹកញាប់ពីសំណាក់យោធាអ៊ុយក្រែនប៉ុន្មានអាទិត្យចុងក្រោយនេះ វិមានក្រឹមឡាំងចាប់ផ្ដើមពង្រឹងសន្តិសុខយ៉ាងខ្លាំង និងបង្រួមពិធីរៀបចំមកនៅតូចជាងមុន។

ចំពោះសំណួរថាតើជំនួយយោធាដែលបស្ចិមប្រទេសផ្ដល់ទៅឱ្យអ៊ុយក្រែននោះហាក់ដូចជាលេងធ្ងន់ដៃបន្តិចហើយតើមែនទេ? លោកពូទីនឆ្លើយតបថាពួកគេជាអ្នកចាប់ផ្ដើមបង្កការប្រឈមមុខគ្នាជាមួយរុស្ស៊ីមុន ហើយបញ្ហានេះបន្តកើតមានរហូតមកទល់នឹងពេលបច្ចុប្បន្ន។ លោកយល់ថាសង្គ្រាមនេះកំពុងឈានដល់ដំណាក់កាលនៃទីបញ្ចប់ហើយ។ ប៉ុន្តែវានៅតែជាបញ្ហាដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ជានិច្ច។

លោកពូទីនថ្លែងបន្តទៀតថាក្រុមបស្ចិមប្រទេសចំណាយពេលរាប់ខែរង់ចាំមើលរុស្ស៊ីទទួលបរាជ័យ និងដើម្បីឱ្យរបបដឹកនាំនៅរុស្ស៊ីដួលរលំ។ ប៉ុន្តែផែនការរបស់ពួកគេមិនបានជោគជ័យទេ។ ហើយបន្ទាប់មក ពួកគេបែរជាផុងខ្លួននៅក្នុងសង្គ្រាមនេះរហូតដល់ថ្នាក់រកច្រកចេញទៅវិញមិនបាន។ លោកពូទីនបញ្ជាក់ថាលោកក៏ត្រៀមខ្លួនជួបមុខគ្នាដោយផ្ទាល់ផងដែរជាមួយលោកហ្សេឡិនស្គីនៅក្នុងប្រទេសទីបី។ សំខាន់ត្រូវតែដោះស្រាយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពឱ្យបានរួចរាល់ជាមុនសិន៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ