ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ ឯ​មាស​ហក់​ឡើង​ខ្ពស់ ក្រោយ​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់​ត្រូវរ៉ូវ​គ្នា​បញ្ចប់សង្គ្រាម និង​បើក​ច្រក​ហ័​រ​មូស

3 ម៉ោង មុន

អន្តរជាតិ ៖ មន្ត្រី​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​បាន​ប្រកាស​ថា ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ ដើម្បី​បញ្ចប់សង្គ្រាម ក៏​ដូច​ជា​បើក​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ឡើង​វិញ​។ កិច្ចព្រមព្រៀង​ជំហាន​បឋម​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ប៉ុន្តែ​បន្សល់​ទុក​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ី​រ៉​ង់​ទៅ​ចរចា​នៅ​ពេល​ក្រោយ​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦​។

បើ​ទោះបី​គ្រាន់តែ​ជា​ក្របខ័ណ្ឌ​ការងារ​ក្តី ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​ជា​ជំហាន​ដ៏​សំខាន់​បំផុត នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​ធ្វើ​ឱ្យ​កក្រើក​ទីផ្សារ​ថាមពល​ពិភពលោក ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង តាម​រយៈ​ការ​វាយប្រហារ​រួម​គ្នា​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​លើ​អ៊ី​រ៉​ង់ កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​សរសេរ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម Truth Social កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា កន្លង​ទៅ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) ថា កិច្ចព្រមព្រៀង​ជាមួយ​អ៊ី​រ៉​ង់​នៅ​ពេល​នេះ បាន​សម្រេច​ជា​ស្ថាពរ​ហើយ​។

ការ​បង្ហោះ​សារ​របស់​លោក​បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Shehbaz Sharif ដែល​ដើរតួ​ជា​អ្នកសម្របសម្រួល​ក្នុង​ជម្លោះ​នេះ បាន​ប្រកាស​ថា កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ ខែមិថុនា (​ម៉ោង​ក្នុង​តំបន់​)​។ ប៉ុន្តែ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) គ្រោង​នឹង​ត្រូវ​ចុះហត្ថលេខា​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ នៅ​ក្នុង​ប្រទេស​ស្វី​ស ហើយ​លក្ខខណ្ឌ​លម្អិត​ច្បាស់លាស់​មិន​ទាន់​ត្រូវ​បានដឹង​ភ្លាម​ៗ​នៅឡើយ​ទេ​។ លោក Sharif បាន​បញ្ជាក់​តាម​ការ​បង្ហោះ​សា​រលើ​បណ្តាញ
សង្គម X ថា កិច្ចព្រមព្រៀង​នេះ ក៏​បាន​អំពាវនាវ​ឱ្យ​មានការ​បញ្ឈប់​ជា​បន្ទាន់ និង​ជា​អចិន្ត្រៃយ៍​នូវ​ប្រតិបត្តិការ​យោធា​នៅ​គ្រប់មុខ​ព្រួញ​ទាំងអស់ រួម​ទាំង​នៅ​ក្នុង​ប្រទេស​លី​បង់​ផង​ដែរ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក​ប្រធានាធិបតី ត្រាំ ក៏​បាន​ប្រកាស​ដែរ​ថា ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​សម្រាប់​លំហូរ​ប្រេង និង​ហ្គា​ស​ពិភពលោក ដែល​ភាគី​អ៊ី​រ៉​ង់​បាន​បិទ​ខ្ទប់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ នឹង​បើក​ដំណើរការ​ឡើង​វិញ នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ ហើយ​លោក​ក៏​បាន​បញ្ជា​ឱ្យ​បញ្ចប់​ការ​បិទ​ខ្ទប់​របស់​សហរដ្ឋអាមេរិក​លើ​កំពង់​ផែ​អ៊ី​រ៉​ង់​ផង​ដែរ​។

ជាមួយ​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ដាំ​ក្បាល​ចុះ​ភ្លាម​ៗ បន្ទាប់​ពី​ព័ត៌មាន​នៃ​កិច្ចព្រមព្រៀង​ត្រូវ​បាន​ចេញផ្សាយ​។ តម្លៃ​ប្រេង​ឆៅ Brent ដែល​ជា​ស្តង់​ពិភពលោក​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៤% ក្នុង​ការ​ជួញដូរ​ដំបូង​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ហើយ​បាន​រក្សា​តម្លៃ​នៅ​ត្រឹម ៨៣,៥១ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ១២ និង ៥០ នាទី​ថ្ងៃត្រង់ (​ម៉ោង​នៅ​កម្ពុជា​)​។ ចំណែក​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក​ជួញដូរ​នៅ​ក្នុង​តម្លៃ ៨០,៧២ ដុល្លារ​ក្នុង​១​បារ៉ែល​។

ក្រឡេក​ទៅ​តម្លៃ​មាស​អន្តរជាតិ​ឯណោះ​វិញ បាន​កើនឡើង​ជាង ២% នៅ​ថ្ងៃ​ទី​១៥ មិថុនា បន្ទាប់​ពី​កិច្ចព្រមព្រៀង​ជំហាន​ដំបូង​របស់​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​ត្រូវ​បាន​ប្រកាស ដើម្បី​បញ្ចប់សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​បន្ធូរបន្ថយ​ការ​បារម្ភ​អំពី​អតិផរណា និង​អត្រា​ការ​ប្រាក់​ខ្ពស់​ផង​ដែរ​។

តម្លៃ​មាស​ភ្លាម​ៗ​បាន​កើនឡើង ២,៥% ដល់ ៤ ៣២៣ ដុល្លារ​ក្នុង​១​អោន ឬ ៥ ២០៨ ដុល្លារ​ក្នុង​១​តម្លឹង ដែល​ជា​ការ​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​៩ មិថុនា និង​បន្ត​កើនឡើង​បន្ថែម​ទៀត​។

តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ប្រហែល ២០% តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម​រវាង​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​ប្រឆាំង​នឹង​អ៊ី​រ៉​ង់​កាលពី​ចុងខែ​កុម្ភៈ​។ ការ​បិទ​ច្រក​ហ័​រមូ​សបាន​នាំ​ឱ្យ​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ប្រេង​ឆៅ​សកល បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​អំពី​អតិផរណា និង​បង្កើន​ការ​រំពឹង​ទុក​ថា អត្រា​ការ​ប្រាក់​នឹង​រក្សា​នៅ​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​យូរ ដូច្នេះ​ទើប​បានជា​មាស​ដុំ​បាត់បង់​ភាព​ទាក់ទាញ​នៅ​ពេល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​៕