ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​កា​រ៉េ​មម្នាក់​ នៅ​តំបន់​អង្គរ លក់ក្នុង ១ចាន តម្លៃ ៥​ដុល្លារ ត្រូវ​សមត្ថកិច្ចកោះ​ហៅមក​​ធ្វើកិច្ចសន្យា​

37 វិនាទី មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​អ្នកលក់​កា​រ៉េ​ម​ម្នាក់​លក់​ក្នុង​តម្លៃ​ខ្ពស់​ហួសហេតុ​រហូត​ដល់ ៥​ដុល្លារ (ឬស្មើនឹង​២​ម៉ឺន​រៀល​) ក្នុង​មួយ​ចាន ទៅឱ្យភ្ញៀវទេសចរ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ក្រុង​សៀមរាប ធ្វើការ​កោះហៅ​មក​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​លក់ដូរ​ក្នុង​តម្លៃ​នេះ​តទៅ​ទៀត​។​

​ការកោះហៅបុរសជាអ្នកលក់ការ៉េមមកណែនាំ និងធ្វើកិច្ចសន្យា​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៥ល្ងាច ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦​។

បុរស​ជា​អ្នកលក់​កា​រ៉េ​ម​ខាងលើ​ឈ្មោះ ស៊ឺ អាង អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​។​

​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក តាម​រយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ នេះ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​សាកសួរ បុរស​ឈ្មោះ ស៊ឺ អាង បាន​សារភាព និង​ទទួលស្គាល់​កំហុស​ថា រូប​គាត់​​បាន​លក់​កា​រ៉េ​ម​មួយ​ចាន​ក្នុង​តម្លៃ ៥​ដុល្លារ (ឬស្មើ២​ម៉ឺន​រៀល) ទៅ​ឱ្យ​ភ្ញៀវ​ទេសចរ​ពិតប្រាកដ​មែន​។​

​ក្រោយ​ពី​បាន​ស្តាប់​ការ​សារភាពរួច​ សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ឱ្យ​បុរស​រូប​នេះ​ធ្វើ​កិច្ចសន្យា​​បញ្ឈប់ការ​​លក់​កា​រ៉េ​ម​ ក្នុងតម្លៃថ្លៃបែបនេះ​ទៅឱ្យភ្ញៀវទេសចរ តទៅ​ទៀត​។ បន្ទាប់​ពី​ធ្វើ​ការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួចរាល់ សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឱ្យ​បុរស​រូប​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕