ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី និង​ត្រាំ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​អំពី​ការ​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​រហូត​ដល់​មាន​សន្តិ​ភាព

3 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រធានា​ធិបតី​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី ថ្លែង​ថា​លោក​បាន​និយាយ​ទូរ​ស័ព្ទ​ទៅ​លោក​ដូណាល់​ត្រាំ​ និង​ពិភាក្សា​គ្នា​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​បិទ​បញ្ចប់​សង្គ្រាម​រយៈ​ពេល​ជាង​៤​ឆ្នាំ​។ ការ​សន្ទនា​គ្នា​លើក​នេះ​ធ្វើ​ឡើង​មុន​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​ជី​ប្រាំ​ពីរ​នៅ​ប្រទេស​បារាំង​នា​សប្ដាហ៍​នេះ​។ លោក​ហ្សេឡិនស្គី​បាន​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​លោក​ប្រាថ្នា​ចង់​ជួប​គ្នា​ជា​មួយ​លោក​ត្រាំ​ដើម្បី​ជូន​ពរ​ថ្ងៃ​ខួប​កំណើត​គម្រប់​៨០​ឆ្នាំ​ និង​ក៏​អរ​គុណ​គាត់​ដែល​តែង​តែ​ជួយ​ជ្រោម​ជ្រែង​អ៊ុយ​ក្រែន​ដើម្បី​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។

លោក​ថា​លោក​សូម​ជូន​ពរ​លោក​ត្រាំ​ឱ្យ​មាន​ជោគ​ជ័យ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​កិច្ច​ខិត​ខំ​របស់​លោក​ក្នុង​ការ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​សូម​ឱ្យ​បាន​ជោគ​ជ័យ​ដូច​បំណង​។ មុន​ពេល​មាន​កិច្ច​ប្រជុំ​កំពូល​ជី​ប្រាំ​ពីរ​នៅ​បារាំង លោក​ហ្សេឡិនស្គី​ថ្លែង​ថា​លោក​បាន​ពិគ្រោះ​គ្នា​ជា​មួយ​លោក​ត្រាំ​ដើម្បីចង់​ដឹង​គោល​ជំហរ​របស់​ក្រុម​ប្រទេស​ជា​ដៃ​គូ។ លោក​ថា​យើង​ជជែក​គ្នា​អំពី​ការ​ជួយ​អ្វី​ខ្លះ​ដើម្បី​នាំ​យក​សន្តិ​ភាព​ ហើយ​លោក​ក៏​បាន​ជម្រាប​ជូន​លោក​ត្រាំ​អំពី​សភាព​ការណ៍​វិវត្ត​ថ្មី​ៗ​នៅ​លើ​សមរភូមិ​យោធា​ និង​ការ​ពង្រឹង​កម្លាំង​ទ័ព​របស់​អ៊ុយ​ក្រែន​ផង​ដែរ​។

ក្រោយ​មក​ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​លោក​ និ​ងលោក​ត្រាំ​បាន​ឯក​ភាព​គ្នា​ថា​នឹង​ជួប​គ្នា​ទ្វេ​ភាគី​នៅ​ពេល​លោក​ទាំង​២​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជី​ប្រាំ​ពីរ​។ លោក​ថ្លែង​ថា​វា​ជា​រឿង​សំខាន់​ដែល​អាមេរិក​ត្រូវ​ធានា​ថា​ខ្លួន​នៅ​តែ​បន្ត​គាំ​ទ្រ​អ៊ុយ​ក្រែន​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។ ការ​ជួយ​ជ្រោម​ជ្រែង​នេះ​គឺ​ធ្វើ​ឡើង​ទន្ទឹម​​គ្នា​ជា​មួយ​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​។ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​ទាំង​អស់​គ្នា​ប្រាថ្នា​ចង់​បាន​ ហើយ​វា​ជា​រឿង​សំខាន់​ដែល​សង្គម​អាមេរិកាំង​គាំទ្រ​អ៊ុយ​ក្រែន​យ៉ាង​ពេញ​ទំហឹង​៕ ប្រភព៖ Reuters​