ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ឃ្លុំ​បណ្តោះអាសន្ន​ ! រក​ឃើញ​ទំនិញ​ចំនួន​១៧​មុខ នាំ​មក​ពី​ថៃ នៅ​ខណ្ឌ​ច្បារ​អំពៅ និង​រក​ឃើញ​ទំនិញ​ហួស​សុពលភាព

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ​បាន​ឆែកឆេរ​ឃ្លាំង​ចំនួន​១២​កន្លែង ដោយ​ក្នុង​នោះ​បាន​រក​ឃើញ​ឃ្លាំង​មួយ នៅ​ខណ្ឌ​ច្បារ​អំពៅ ស្តុក​ទំនិញ​នាំចូលពីថៃ​ចំនួន​១៧​មុខ និង​មាន​ទំនិញ​ហួស​សុពលភាព (​ទឹកតែ​អូ​អ៊ិ​ឈិ និង​ទឹក​វីតាមីន Blue) ដែល​ឈាន​ទៅ​ដល់​ការ​បិទ​ឃ្លុំ​ទីតាំង​បណ្តោះអាសន្ន ។

ជាក់ស្តែង រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៦ ក្រោម​ការ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​កម្លាំង​ចម្រុះ​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អគ្គនាយកដ្ឋាន ក​.​ប​.​ប ដោយ​មានការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ឃ្លាំង​តូច ធំ ក្នុង​មូលដ្ឋាន​សរុប​ចំនួន ១២​កន្លែង ដែល​សង្ស័យ​មាន​នាំ​ចូល​ស្តុក​ទុក ចរាចរ និង​ចែកចាយ​ផលិតផល​បង្កក​មាន​ប្រភព​ពី​ប្រទេស​ថៃ ។

តាម​រយៈ​ប្រតិបតិការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ​ទីតាំង​ចំនួន​១ ស្ថិត​នៅផ្ទះ​លេខ​៣៥២ ផ្លូវ​៣៥១ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​ឃ្លាំង​ស្តុក​ទំនិញ​ប្រភេទ​គ្រឿងទេស ភេសជ្ជៈ និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ប្រភេទ​សរុប​ចំនួន​១.៦៤៧​កេស ស្មើនឹង​១៤.៦៣៨,៥​គីឡូក្រាម នាំ​ចូល​ពី​បរទេស ក្នុង​នោះ​ការិយាល័យ ក​.​ប​.​ប រាជធានី​ភ្នំពេញ បាន​រក​ឃើញ​ទំនិញ​ចំនួន​១៧​មុខ ជា​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ថៃ និង​មាន​ទំនិញ​ចំនួន​២​មុខ គឺ​ទឹកតែ​អូ​អ៊ិ​ឈិ ចំនួន​៣៤​កេស និង​ទឹក​វីតាមីន Blue ចំនួន ៤​កេស ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ។

ក្រោយ​ការ​ត្រួតពិនិត្យ ក្រោម​ការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​រង កម្លាំង​ចម្រុះ​បាន​សម្រេច​បិទ​ឃ្លុំ​ទីតាំង​នេះ​បណ្តោះអាសន្ន ដើម្បី​បន្ត​នីតិវិធី ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ក៏​បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូរ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន ៨៨​ទីតាំង ដោយ​មិន​មាន​រក​ឃើញ​បទល្មើស​អ្វី​នោះ​ទេ ៕