ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ​៖ ការអប់រំ TVET ត្រូវយកគ្រូច្បាស់លាស់មកបង្រៀនសិស្សមិនត្រូវយកគ្រូមិនច្បាស់លាស់មកបង្រៀនឡើយ

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ហៅ​កាត់​ថា (TVET) មិន​ត្រូវ​យក​គ្រូ ដែល​មិន​ច្បាស់លាស់​មក​បង្រៀន​សិស្ស​នោះ​ឡើយ ខណៈ​សម្ដេច​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​គុណភាព ក្នុង​ការ​បណ្តុះបណ្តាល​ផង​ដែរ ។

ការ​បញ្ជាក់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៩ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ «TVET ផ្តល់​ជំនាញ ការងារ និង​ប្រាក់​ចំណូល​» នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ ។

ថ្លែង​ក្នុង​ឱកាស​នោះ​សម្ដេច​ធិ​បតី បានឱ្យ​ដឹង​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ​គ្រូ​ត្រូវ​ចេះ​ឱ្យ​ពិតប្រាកដ កុំ​ខ្វះ​គ្រូ ទៅ​យក​គ្រូ​ជំនាញ​អគ្គិសនី​មក​បង្រៀន​ឆុង​កាហ្វេ ។ ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ មុនគេ គឺ​ត្រូវ​ធានា​គុណភាព​គ្រូ បើសិនជា​គ្រូ​មិន​ប្រាកដ​ទេ សិស្ស​កាន់តែ​មិន​ប្រាកដ​ទៅ​ទៀត ។

លើស​ពី​នេះ សម្តេច​ធិ​បតី បាន​ណែនាំ​ដល់​ក្រសួង​ការងារ​ចំពោះ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ឱ្យ​មាន​ប្រសិទ្ធភាព ត្រូវ​ត្រៀមលក្ខណៈ​គ្រូ​ឱ្យ​ច្បាស់​ឱ្យ​ពិតប្រាកដ និង​មេរៀន​បង្រៀន​ឱ្យ​ចំ​គោលដៅ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ថា ធ្វើ​យ៉ាងម៉េច គិត​ផ្តួ​ត ផ្ដើម​ខ្ញុំ​គាំទ្រ តែ​សូម​ធានា​គុណភាព​ឱ្យ​បាន ព្រោះ​រៀន​ខុស​នេះ​គ្រោះថ្នាក់​ទៀត ព្រោះ​សិស្ស​ត្រូវ​ជឿ​គ្រូ ហើយ​គ្រូ​មិន​ច្បាស់ ទៅ​បង្រៀន​សិស្ស ហើយ​សិស្ស​រៀន​ដំបូង​គេ គឺ​យក​ក្បួន​ខុស​នឹង​គឺ​ពិបាក​ហើយ ។ ចឹ​ង​ធ្វើ​យ៉ាងម៉េច សូម​យកចិត្តទុកដាក់​លើ​ការ​បណ្ដុះបណ្ដាល​គ្រូ និង​រៀបចំ​មេរៀន​ឱ្យ​ត្រូវ​តែ​ម្ដង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី បាន​រំលឹក​ថា ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) មាន​តួនាទី​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ដោយ​ជួយ​ផ្ដល់​ឲ្យ​អ្នក​សិក្សា​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស សមត្ថភាព និង​ឥរិយា​បទ​ការងារ ដើម្បី​ក្លាយ​ខ្លួន​ជា​កម្លាំង​ពលកម្ម​ជំនាញ អ្នកបច្ចេកទេស និង​ចូលរួម​កាត់​បន្ថយ​គម្លាត​ជំនាញ នៅ​ក្នុង​ទីផ្សារ​ការងារ ។ គិត​នៅ​ត្រឹម​ខែឧសភា ឆ្នាំ​២០២៦​នេះ មាន​គ្រឹះស្ថាន TVET ក្រោម​ឱវាទ​ក្រសួង​សរុប​ចំនួន ២៦២​គ្រឹះស្ថាន​៕