ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី ហេង សួរ​ ៖ កម្ពុជា​មាន​ភាព​ម្ចាស់​ការ​លើ​ការ​បណ្ដុះបណ្ដាល និង​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ផ្នែក​យានយន្ត​គ្រប់​ប្រភេទ​ចាប់ពី​ចុងឆ្នាំ ២០២៧ ​ខាង​មុខ​នេះ

1 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជា​សេនាធិការ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ម្ចាស់​ការ​លើ​ការ​បណ្ដុះបណ្ដាល និង​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ផ្នែក​យានយន្ត​គ្រប់​ប្រភេទ​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ​ ២០២៧​ នេះ​តទៅ ដើម្បី​ធ្វើ​យ៉ាងណា ធានា​លើ​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ឱ្យ​បាន​គ្រប់គ្រាន់ ស្រប​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង និង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុងស្រុក ​។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី ​៩ ឆ្នាំ ​២០២៦ នា​ព្រឹក​ថ្ងៃ​ទី ​១៥ ខែមិថុនា​នេះ​ថា តាម​រយៈ​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា​ (ACE-C) ដោយ​បាន​សហការ​ជាមួយ​វិទ្យាស្ថាន Bendigo Kangan Institute (BKI)​ នៃ​ប្រទេស​អូស្ត្រាលី និង​ក្រុមហ៊ុន RMA Cambodia បាន​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ដល់​ប្រជាជន​កម្ពុជា​ក្លាយជា​អ្នកជំនាញ​ផ្នែក​យានយន្ត មេកានិច និង​ជួសជុល​ដែល​មាន​សមត្ថភាព​ខ្ពស់​ ។

ឯកឧត្តម​បន្ត​ថា ​៖ «​តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ម​ញ្ឍ​មណ្ឌល​យានយន្ត​ទាំងនេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ម្ចាស់​ការ​លើ​ការ​បណ្ដុះបណ្ដាល និង​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​កម្ពុជា ផ្នែក​យានយន្ត​គ្រប់​ប្រភេទ​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ ​២០២៧​ នេះ​តទៅ ដែល​នេះ គឺជា​មោទនា​ភាព​មួយ​របស់​កម្ពុជា​របស់​យើង ហើយ​ក្រសួង នឹង​ខិតខំ​សហការ​ជាមួយ​ដៃគូ ហើយនឹង​ក្រុមហ៊ុន​ឯកជន​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ធានា​ម្ចាស់​ការ និង​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម ឱ្យ​ស្រប​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង ខ្សែ​សង្វា​ក់​ផលិតកម្ម​មួយ​» ​។

លើស​ពី​នេះ ក្នុង​ឆ្នាំ​ ២០២៧​ ខាង​មុខ​នេះ ក្រសួង​ការងារ​ក៏​ទទួល​បានការ​គាំទ្រ​ពី​ធនាគា​អភិវឌ្ឍ​អាស៊ី ក្នុង​ការ​បំពាក់​ឧបករណ៍ សម្ភារៈ​សិក្សា​នៅ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​ខេត្តកំពង់ធំ ដើម្បី​ជំនាញ​មួយ​ដែល​ពាក់ព័ន្ធ​ផលិតកម្ម​ផលិតផល​ស្វាយចន្ទី ដែល​អាច​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​ស្វាយចន្ទី​នៅ​កម្ពុជា ដែល​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ និង​លើកកម្ពស់​ផលិតកម្ម​ស្វាយចន្ទី​នៅ​កម្ពុជា​ ៕ អត្ថបទសហការ