អយ្យការចោទប្រកាន់ឈ្មួញ៤នាក់ នាំចូលសាច់បង្កករាប់សិបតោនដោយគ្មានការអនុញ្ញាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ បានប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ ជាឈ្មួញនាំចូលប្រហិត សាច់បង្កក និងសរសៃកែងមាន់ពីប្រទេសថៃ ដោយពុំមានការអនុញ្ញាត ។

ទាក់ទិននឹងឈ្មួញទាំង៤នាក់នេះ គឺកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជា មួយកម្លាំងសមត្តកិច្ចចម្រុះ ព្រមទាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជាក់ ស្តែងនៅទីតាំង២កន្លែង ៖

ទី១-ផ្ទះគ្មានលេខ ផ្លូវគ្មានលេខ ភូមិធ្លកសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ៖
១-ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ៤៦ឆ្នាំ ។
២-ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ២៣ឆ្នាំ ។
៣-ឈ្មោះ ញិន គឹមសួរ ភេទស្រី អាយុ៣៩ឆ្នាំ ។

ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាង សរសៃកែងមាន់ សាច់បង្កកមួយចំនួន ដែលនាំចូលមកពីប្រទេសថៃ ដោយគ្មានការអនុញ្ញាត និងបង់ពន្ធត្រឹមត្រូវ ។
ទី២-ផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ និងដកហូតវត្ថុតាងប្រហិតសាច់បង្កករាប់សិបតោន ដែលនាំចូលមកពីប្រទេសថៃ។

បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៤នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។

ក្រោយពីបានទទួលនិងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនទាំង៤នាក់ និងបក្ខពួក ពីបទ«ការធ្វើពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ ដែលមានសភាពប្រែប្រួល ខូចគុណភាព មានជាតិពុល ឬផលិតផលមិនស្របនឹងលក្ខណវិនិច្ច័យគុណភាពផ្នែកគតិសុខុមជីវិសាស្ត្រ ឬអនាម័យ» បទ«ក្លែងបន្លំដើមកំណើតទំនិញ» និងបទ«ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅទីតាំងផ្ទះគ្មានលេខផ្លូវគ្មានលេខ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងនៅទីតាំងផ្ទះគ្មានលេខ ផ្លូវលេខ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា១៨ និងមាត្រា៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល ទំនិញ និងសេវា មាត្រា ៣១ នៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងមាត្រា៧៥ នៃច្បាប់ស្តីពីពីន័យ ។

ក្រោយពីបញ្ចប់ការសាកសួរលើសំណុំរឿងទាំងពីរខាងលើ តំណាងអយ្យការបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនឈ្មួញទាំង៤នាក់ ដែលនាំចូលប្រហិត សាច់បង្កក និងសរសៃកែងមាន់ពីប្រទេសថៃរាប់សិបតោន ដោយ
ពុំមានការអនុញ្ញាត ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ បើតាមប្រភពពីអាជ្ញាធររាជធានីភ្នំពេញ ការឃាត់ខ្លួនមានរហូតដល់៨នាក់ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ។ ដូច្នេះ ប្រហែលជាមានឈ្មួញច្រើននាក់ទៀតនឹងត្រូវចោទប្រកាន់តាមផ្លូវច្បាប់ ៕










ចែករំលែកព័តមាននេះ