សង្គ្រាមអ៊ុយក្រែន ៖ តាមអាជ្ញាធរមូលដ្ឋានថា ការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តបឺសមួយគ្រឿងនៅរុស្ស៊ី កាលពីថ្ងៃទី២០ កក្កដា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៥នាក់ ក្នុងនោះ មានកុមារម្នាក់ ចំណែកមនុស្សយ៉ាងតិច៨នាក់ បានត្រូវស្លាប់នៅអ៊ុយក្រែនដោយសារការវាយប្រហារជាច្រើនរបស់រុស្ស៊ី ។

នៅតំបន់បែលហ្គោរ៉ូដ ជាប់ព្រំដែនអ៊ុយក្រែន ជនស៊ីវិលស្លូតត្រង់៥នាក់បានស្លាប់ ក្នុងការវាយប្រហារដោយដ្រូនអ៊ុយក្រែនលើរថយន្តបឺសមួយគ្រឿង។ នេះជាការអះអាងរបស់លោកអាឡិចសាន់ដ្រ៍ស៊ូម៉ាអ៊ីយេវ ក្នុងសារតាមតេឡេក្រាមមួយ។ កាលពីយប់ថ្ងៃទី១៩ មក ២០ កក្កដា រដ្ឋធានីមូស្គូនិងតំបន់ក្រុងនោះ រងការវាយប្រហារដោយដ្រូនអ៊ុយក្រែនទ្រង់ទ្រាយធំ បណ្ដាលឲ្យមនុស្ស១០នាក់រងរបួស ក្នុងនោះ មានជនជាតិចិន៣នាក់ ។ រួចកាលពីថ្ងៃទី១៨ កក្កដា មជ្ឈមណ្ឌលភស្ដុភារ២កន្លែងរបស់ក្រុមហ៊ុនរុស្ស៊ីធំមួយរងការវាយប្រហារ ដោយដ្រូនអ៊ុយក្រែន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៨នាក់។
នៅអ៊ុយក្រែន កាលពីថ្ងៃទី២០ កក្កដា ការវាយប្រហាររបស់រុស្ស៊ី បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៨នាក់ និងប្រមាណ៤០នាក់រងរបួស ក្នុងតំបន់ជាច្រើន។ នៅក្រុងអូដេសាការវាយប្រហាររបស់រុស្ស៊ីសំដៅលើសហគ្រាសស៊ីវិលមួយ បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៣នាក់និងរបួស៦នាក់។ នៅក្រុងប៉ាវឡូក្រាដតំបន់ឌីនីប្រូប៉េត្រូវស្ក៍មនុស្ស២នាក់ស្លាប់និង១៥នាក់រងរបួស។ នៅតំបន់ក្រុងហ្សាប៉ូរីហ្ស៊ីយ៉ាមនុស្សម្នាក់ស្លាប់ និង៩នាក់រងរបួស។
នៅក្រុងក្រាម៉ាទ័រស្ក៍ជាទីក្រុងធំមួយក្នុងចំណោមទីក្រុង២ នៅតំបន់ដូណេតស្ក៍ ស្ថិតក្រោមការកាន់កាប់របស់អ៊ុនក្រែន មនុស្ស២នាក់ស្លាប់ និង៤០នាក់រងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ី ។ មនុស្ស៧នាក់ ក៏រងរបួសដែរ ក្នុងការវាយប្រហារលើក្រុងឃ័រសុន។ មុននេះរុស្ស៊ីវាយប្រហារខ្លាំងក្លាលើក្រុងគៀវដោយមីស៊ីលបាលីស្ទិកច្រើនគ្រាប់ ៕

ចែករំលែកព័តមាននេះ