ត្រីជាប្រភពអាហារប្រូតេអ៊ីនដ៏សំខាន់របស់ពលរដ្ឋខ្មែរ ខណៈរដ្ឋបាលខេត្តមណ្ឌលគិរី លែងកូនត្រីពូជចម្រុះ ជិត៣ម៉ឺនក្បាល ចូលក្នុងទំនប់អូរតេធិបតី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ បរិភោគត្រីជាមធ្យមប្រមាណ ៥២.៤ គីឡូក្រាមក្នុងមួយឆ្នាំ ហើយត្រីបានផ្តល់ជាប្រភពប្រូតេអ៊ីនរហូតដល់ ៨១.៥ ភាគរយ នៃប្រូតេអ៊ីនសាច់ដែលប្រជាពលរដ្ឋទទួលទានសព្វថ្ងៃ។ តួលេខនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ត្រី និងវារីសត្វទឹកសាប គឺជាប្រភពអាហារយុទ្ធសាស្ត្រយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា បន្ទាប់ពីស្រូវអង្ករ ខណៈមនុស្សប្រមាណ ៦ លាននាក់កំពុងអាស្រ័យផល និងមានមុខរបរពាក់ព័ន្ធក្នុងវិស័យជលផលនេះ។
ថ្លែងនៅក្នុង «ពិធីលែងកូនត្រីនៅទំនប់អូរតេធិបតី» ស្ថិតក្នុងភូមិពូរ៉ាង ឃុំមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានគូសបញ្ជាក់យ៉ាងច្បាស់ពីតម្លៃ និងសារៈសំខាន់ដ៏មហាសាលនៃវិស័យជលផល ក្នុងការទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលក្នុងនោះការកែទម្រង់វិស័យជលផល និងព្រៃឈើ គឺជាកិច្ចការស្នូល។ ឯកឧត្តមបានផ្តាំផ្ញើថា ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ត្រូវតែដើរទឹមគ្នារវាងការទាញយកផល ការអភិរក្ស និងការការពារបរិស្ថានជលផល ដើម្បីធានាតុល្យភាពរវាងតម្រូវការអាហារដែលកើនឡើង និងកំណើនប្រជាជន។
ទន្ទឹមនឹងនេះ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រារព្ធពិធីលែងកូនត្រីនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងបំផុសចលនាប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យចូលរួមថែរក្សាការពារពូជត្រីនៅក្នុងដែនទឹកធម្មជាតិ និងបង្កើនផលស្តុកត្រីឱ្យសម្បូរឡើងវិញនៅតាមវាលស្រែ និងវាលទំនាប។
លោកបណ្ឌិត សុង ឃាង បានបញ្ជាក់ថា មន្ទីរកសិកម្មបានរៀបចំលែងកូនត្រីពូជក្នុងស្រុកចម្រុះរួមមាន៖ ត្រីក្រាញ់ ត្រីឆ្ពិន ត្រីប្រា និងត្រីកាហែ សរុបចំនួន ២៨,០០០ ក្បាល ចូលទៅក្នុងអាងស្តុកទឹកទំនប់អូរតេធិបតី ដែលមានទំហំ ២៤.៤ ហិកតា និងមានសមត្ថភាពស្តុកទឹកបាន ១២,០០០,០០០ ម៉ែត្រគូប។ អាងស្តុកទឹកនេះ មិនត្រឹមតែដើរតួនាទីជាប្រភពទឹកសម្រាប់ធ្វើកសិកម្ម និងជាជម្រកត្រីមេពូជបង្កបង្កើតកូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពស្បៀង បង្កើនប្រាក់ចំណូល និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តមណ្ឌលគិរីផងដែរ៕









ចែករំលែកព័តមាននេះ