ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្តេញ​ជនបរទេស​ខុសច្បាប់ ៩៣២​នាក់ ២៣​សញ្ជាតិ​ ពាក់ព័ន្ធ​បទល្មើស​បច្ចេកវិទ្យា​

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេស​ន៍ បណ្ដេញ​ជនបរទេស​ខុសច្បាប់ ៩៣២​នាក់ ចេញពី​ប្រទេស ក្នុង​នោះ​មាន ២៣​សញ្ជាតិ និង​ពាក់ព័ន្ធ​បទល្មើស​បច្ចេកវិទ្យា Online Scams ចេញពី​ប្រទេស​កម្ពុជា​ ទៅ​ស្រុក​វិញ ​។

អាជ្ញាធរ​កម្ពុជា បាន​សម្រេច​បណ្ដេញ​ជនបរទេស​ខុសច្បាប់ ​សរុប​ចំនួន ៩៣២​នាក់ (​ស្រី១៤៧​នាក់​) មាន២៣​សញ្ជាតិ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ​។

អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​របស់ ឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចាត់តាំង​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​អនុវត្ត​នីតិវិធី​បណ្ដេញចេញ​ នូវ​ក្រុម​ជនបរទេស​ទាំងនោះ​ជា​បន្ត​បន្ទា​ប់ ​។

ប្រភព​បាន​លើក​ឡើង​ថា ​ជនបរទេស​ទាំង ២៣​សញ្ជាតិ រួម​មាន ​៖ ចិន​, អ៊ូ​ហ្គ​ង់​ដា​, បង់​ក្លា​ដេ​ស​, ប៉ា​គី​ស្ថាន​, ថៃ​, ចិនតៃវ៉ាន់​, នេ​ប៉ា​ល់​, ឥណ្ឌូ​នេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, ឥណ្ឌា​, មី​យ៉ា​ន់​ម៉ា​, កូរ៉េ​, វៀតណាម​, នី​ហ្សេ​រី​យ៉ា​, ជប៉ុន​, ឡាវ​, អង់គ្លេស​, លី​ប៊េ​រី​យ៉ា​, រុ​ស្ស៊ី​, ស្រី​លង្កា​, សិង្ហ​បុរី​, នូ​វែ​ល​ហ្សេ​ឡង់ និង​អ៊ូ​ស្បេ​គី​ស្ថាន​ ។

ក្នុង​ចំណោម​នោះ មាន​ករណី​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) រួម​មាន ​៖
ជនជាតិ​ចិន ១៦២​នាក់ (​ស្រី ០២​នាក់​): ត្រូវ​បាន​បណ្ដេញចេញ​តាម​យន្តហោះ​ពិសេស តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។
ជនជាតិ​វៀតណាម ១៩​នាក់ (​ស្រី ០៨​នាក់​) ៖ ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី (​ខេត្តព្រៃវែង​)​។
ជនជាតិ​ថៃ ១៧​នាក់ (​ស្រី ០៨​នាក់​) ៖ ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម (​ខេត្តកោះកុង​)​។
ចំណែក​ជនបរទេស​ផ្សេង​ទៀត ត្រូវ​បាន​បណ្ដេញចេញ​តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដោយសារ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ដូច​ជា​៖ ការ​លួច​ឆ្លង​ដែន​, បន្លំ​ឯកសារ​, ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន​, ចាប់​ជំ​រិ​ទទារ​ប្រាក់​, ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ (QR Code ក្លែងក្លាយ​), ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​, ធ្វើ​ការងារ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​ ។

ប្រភព​បាន​លើក​ឡើង​ថា​ ប្រតិបត្តិការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខុសច្បាប់​នេះ គឺជា​ការ​អនុវត្ត​តាម​បទបញ្ជា និង​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​កន្លង​មក សម្តេច​ធិ​បតី ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ៗ​ថា​ ៖ «​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬ​ជន​ខុសច្បាប់​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំងធ្វើ​សកម្មភាព​ឆបោក ឬ​ប្រព្រឹត្ត​បទល្មើស​បង្ក​អសន្តិសុខ​ដល់​តំបន់ និង​ពិភពលោក​ឡើយ​។ អាជ្ញាធរ​ត្រូវ​តែ​បន្ត​បោសសម្អាត បង្ក្រាប និង​បណ្ដេញចេញ​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​ការពារ​កិត្តិយស និង​សន្តិសុខ​ជាតិ​»​ ។

ផ្អែក​លើ​ស្មារតី​នេះ និង​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​ដោយ​ផ្ទាល់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រាវជ្រាវ​បង្ក្រាប​ដល់​មេខ្លោង និង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ ដែល​ត្រូវ​គេ​បោក​បញ្ឆោត ឱ្យ​ទទួល​បាន​សេរីភាព និង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព​៕