ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ធិ​បតី​៖ អត្ថន័យ នៃ​ការ​អប់រំ ជា​ទ្រព្យ​ដែល​មិន​អាច​បាត់បង់

2 ម៉ោង មុន

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ (University of South-East Asia) ខេត្តសៀមរាប ​។

ថ្លែង​ក្នុង​ពិធី​នោះ​ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សាកលវិទ្យាល័យ ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ដើម្បី​កសាង​មូលធន​មនុស្ស​។
សម្ដេច​ធិ​បតី ​បាន​បញ្ជាក់​ថា អត្ថន័យ​នៃ​ការ​អប់រំ ជា​ទ្រព្យ​ដែល​មិន​អាច​បាត់បង់​បាន ហើយ​សមិទ្ធផល​នា​ថ្ងៃនេះ ជា​ផ្លែផ្កា​រួម​គ្នា​រវាង​និស្សិត​ អាណាព្យាបាល​ សាស្ត្រាចារ្យ និង​គណៈ​គ្រប់គ្រង​សាលា ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណវុឌ្ឍិ សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព ក៏​ដូច​ជា​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​បរិបទ​សាកល​ភាវូបនីយកម្ម និងបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)​ ។

រាជរដ្ឋាភិបាល ​តែងតែ​ចាត់​ទុក «​មនុស្ស​» ជា​ធនធាន​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ដោយ​បាន​ខិតខំ​កែ​ច្នៃ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស យុវជន និង កុមារ ឱ្យ​មានចំណេះ​ដឹង​ទូលំទូលាយ ជាមួយ​ជំនាញ​ពិតប្រាកដ​ សីលធម៌ និងវិន័យ​, ក៏​ដូច​ជា សុខភាព​ផ្លូវ​កាយ និងផ្លូវ​ចិត្តរឹង​មាំ សំដៅ​ឆ្លើយ​តប​បាន​កាន់តែ​ប្រសើរ និងទាន់​ពេល ទៅ​នឹង​តម្រូវការ​ នៃ​ការ​អភិវឌ្ឍ​ជាតិ​, ទីផ្សារ​ការងារ និងកិច្ច​ការពារ​ជាតិ​។ ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា នឹង​ព​ន្លឿ​ន​ការ​កែទម្រង់​វិស័យ​អប់រំ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ភាព​ស័ក្តិ​សិទ្ធ និង សមធម៌ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ និងកម្ម​វី​ធី​កែទម្រង់​ស៊ីជម្រៅ​តាម​គ្រប់​រូបភាព​សំដៅ​ទាញ​យក​ឱ្យ​អស់ ​នូវ​សក្តានុពល​នៃ «​ផល​លាភ​ប្រជាសាស្ត្រ​» ដែល​កម្ពុជា​កំពុង​តែ​មាន ។

រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​វិនិយោគ​លើ​វិស័យ​សង្គមកិច្ច ដោយ​ផ្តោត​លើ​គោលដៅ​សំខាន់​៣ ៖ (១) ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​, (២) មានចំណេះ​ដឹង និង​បំ​ណិ​ន​, និង​(៣) ​មានឱកាស​ការងារ ដើម្បី​មាន​ឯករាជ្យ​ភាព និង​ម្ចាស់​ការ​លើ​ខ្លួនឯង​ ។ ជាមួយ​គ្នា​នេះ​ សម្ដេច​ធិ​បតី​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ថា សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៧-២០២៩ កំណើន​នៃ​កា​រវិ​ភាជន៍​ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល នឹង​មានការ​កើនឡើង ដោយ​ពុំ​មានការ​កាត់​បន្ថយ​ថវិកា​លើ​វិស័យ​ទាំង​ពីរ​នេះ​ទេ ហើ​យ​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​ក៏​ត្រូវ បាន​ដំឡើង​ដូច​គ្នា​ផង​ដែរ​។ បន្ថែម​ពី​នេះ​ ទោះបីជា​ស្ថិត​ក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​កំពុង​ជួប​ការ​ប្រឈម​ រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​យ៉ាងច្រើន​ ដើម្បី​ទប់ទល់​នឹង​អតិផរណា និង​ជួយ​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ តាម​រយៈ​ការ​កាត់​បន្ថយពន្ធ​លើ​ប្រេងឥន្ធនៈ និង​សម្ភារ​អគ្គិសនី និង​វិធានការ​ផ្សេង​ៗ​ទៀត ​។

សម្ដេច​ធិ​បតី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​លើកកម្ពស់​វិស័យ​អប់រំ ចាប់តាំងពី​ថ្នាក់បឋមសិក្សា រហូត​ដល់​ឧត្តម​សិក្សា និង​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ​។
រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​បើកចំហ និង​ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​វិនិយោគ និង​ការ​ចូលរួម​ពី​វិស័យ​ឯកជន ទាំង​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ដោយ​កិច្ចសហការ​រវាង​សាលា​ឯកជន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ជួយ​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​យុវជន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ធានា​បាន​នូវ​គុណភាព​អប់​រំជា​ចម្បង​ ។

ក្នុង​ឱកាស​នោះ​ដែរ​ សម្ដេច​ធិ​បតី​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ជីវិត និង​គុណ​តម្លៃ​សំខាន់​ៗ​ នៃ​ការ​សិក្សា និង​ការងារ ដោយ​បាន​លើក​ឡើង​ថា ទោះបីជា​ខ្លឹមសារ​មេរៀន​មួយ​ចំនួន​អាច​នឹង​ភ្លេច ប៉ុន្តែ​អ្វី​ដែល​ស្ថិតស្ថេរ​គឺ “​ផ្នត់គំនិត​” និង “​ឥរិយាបថ​”​។ សម្ដេច​ធិ​បតី​បាន​រំលេច​ថា ជោគជ័យ​ធំ កើត​ចេញពី​ការ​ផ្គុំ​ចូល​គ្នា​ នៃ​ជោគជ័យ​តូច​ៗ (Think big, act small) ហើយ​ភាព​ជោគជ័យ​ទាមទារ​ពេលវេលា​យូរអង្វែង​ ភាព​អំណត់ និង​ភាព​ច្នៃប្រឌិត ឬភាព​បត់បែន​។ សញ្ញាបត្រ​តែ​មួយ​មុខ​មិន​អាច​ធានា​ជោគជ័យ​បាន​ឡើយ ប្រសិនបើ​គ្មាន​ឥរិយាបថ​ការងារ​រស់​រវើក ប្រកបដោយ​ភាព​បត់បែន និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ព្រោះ​ការ​ផ្តល់​គុណ​តម្លៃ គឺ​ផ្អែក​លើ​លទ្ធផល​ការងារ​ជាក់ស្តែង ​។

ជា​ចុង​ក្រោយ​ សម្ដេច​ធិ​បតី​បាន​ផ្ដាំផ្ញើ​ដល់​ជ័យ​លា​ភី​ទាំងអស់ ឱ្យ​មាន​ម​ហិ​ច្ឆិ​តា​អភិវឌ្ឍ​ខ្លួន​ក្នុង​ផ្លូវ​វិជ្ជមាន ប្រកបដោយ​ភាព​រាបសារ (be humble) និង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ប៉ុន្តែ​មិន​ត្រូវ​មាន​អំនួត ឬ​មើលងាយ​អ្នក​ដទៃ​ឡើយ​។ សម្ដេច​ធិ​បតី​បាន​បញ្ជាក់​ថា អ្នកចេះ​ដឹង​ត្រូវ​មាន​ភាពរឹងមាំ តែ​មិន​រឹងរូស​ ត្រូវ​វិភាគ​បញ្ហា​ដោយ​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​មិន​ត្រូវ​វិភាគ​តាម​បែប​ស៊ី​អារម្មណ៍​នោះ​ទេ​។ គុណធម៌​ ឥរិយាបថ និង​ចរិយា​ធម៌ របស់​អ្នកចេះ​ដឹង គឺជា​កត្តា​កំណត់​ពិតប្រាកដ ​នៃ​ភាព​ជោគជ័យ ​៕