ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ ជួប​បណ្ឌិត ញិ​ល រ​ដ្ឋា ពិភាក្សា​ពី​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បានឱ្យ​ដឹង​ថា សម្តេច​បាន​ជួប​លោក​បណ្ឌិត​ ញិ​ល រ​ដ្ឋា ដែល​ជា​បញ្ញវន្ត ​ខាង​វិភាគ​ស្ថានការណ៍​ទូទៅ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​២០ ខែកក្កដា ឆ្នាំ​២០២៦ ដើម្បី​ពិភាក្សា​តែ​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​ តែ​ប៉ុណ្ណោះ មិន​បាន​សម្ដៅទៅ​លើ​អ្វី ​ដែល​លោក​បណ្ឌិត ​បាន​បញ្ចេញមតិ​នៅ​ក្នុង​វេទិកា​របស់​រាជបណ្ឌិត្យសភា ​កាលពី​ពេល​ថ្មី​ៗ​នេះ នោះ​ទេ ។

ការ​ទម្លាយ​នូវ​ការ​ជួប​ជាមួយ​លោក​បណ្ឌិត ​ញិ​ល រ​ដ្ឋា ​របស់​សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី​ បែប​នេះ ក្នុង​គ្រា​ដែល​លោក​បណ្ឌិត​ កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ នៅ​ពេល​ដែល​លោក​បណ្ឌិត​ បាន​វិភាគ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ​ដែល​រៀបចំ​ឡើង​ដោយ​រាជបណ្ឌិត្យសភា កាលពី​ពេល​ថ្មី​ៗ​មកនេះ​ ។

ក្នុង​ឱកាស​អញ្ជើញ​ ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ នៅ​ខេត្ត​សៀម​រាប នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើងជា​ច្រើន​ចំពោះ​បុគ្គល​មួយ​ចំនួន​តាំងខ្លួន​ជា​អ្នកវិភាគ​ ដែល​អ្នកខ្លះ​កំពុង​រស់នៅ​ក្រៅប្រទេស និង​បាន​រិះគន់​រាជរដ្ឋាភិបាល ព្រមទាំង​បាន​តាំងខ្លួន​ដឹង​គ្រប់​រឿង រួម​ទាំង​ករណី​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ផង​ដែរ ​។

សម្តេច​ធិ​បតី​ នាយក​រដ្ឋមន្ត្រី ​បាន​លើក​ឡើង​ថា​ នៅ​ពេល​សម្តេច​ ជួប​ជាមួយ​លោក​បណ្ឌិត ញ៉ិល រ​ដ្ឋា សម្តេច​ក៏​បាន​ផ្តោត​លើ​អត្ថបទ​មួយ​ ដែល​សម្តេច​បាន​បង្ហាញ​ក្នុង​ហ្វេ​ស​ប៊ុ​ក ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​អំពី​បណ្ឌិត និង​អ្នក​ចែវ​ទូក ​ដែល​អ្នកខ្លះ​បាន​ទាញ​ភ្ជាប់​ខ្លឹមសារ​នេះ​ជាមួយ​លោក​បណ្ឌិត ញិ​ល រ​ដ្ឋា ។ ប៉ុន្តែ​ចំពោះ​ការ​ទាញ​ភ្ជាប់​នេះ​ គឺ​សម្តេច​មិន​បាន​ផ្តោត​ទៅ​លើ​រឿង​បណ្ឌិត និង​អ្នក​ចែវ​ទូក ឬ​ក៏​វិភាគ​ព្រំដែន​ដែរ​ ។

ចំពោះ​ការ​បញ្ចេញមតិ​រិះគន់​ផង​ និង​លើកទឹកចិត្ត​ដល់​បណ្ឌិត​ ញិ​ល រ​ដ្ឋា ​នោះត្រូវ​បាន​សម្តេច​មាន​ប្រសាសន៍​អះអាង​ថា ការ​ជួប​លោក​បណ្ឌិត​នោះ មិនមែន​ផោ្ត​តទៅ​លើ​អត្ថន័យ​របស់​លោក​បណ្ឌិត ​ទាក់ទង​ទៅ​នឹង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ឬ​បណ្ឌិត​ចែវ ទូក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សម្តេច​ចាប់អារម្មណ៍ ​គឺ​បណ្ឌិត ញិ​ល រ​ដ្ឋា បាន​វិភាគ​ទៅ​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs) និង SDI ប៉ុណ្ណោះ ព្រោះ​សម្តេច​ចង់​ដឹង​ពី​បញ្ហា​ប្រឈម​អ្វីខ្លះ ដើម្បី​រក​ដំណោះស្រាយ​រវាង​វិស័យ​រដ្ឋ ​និង​ឯកជន ដោយសារ​មាន​ភាព​ប្រទាក់ក្រឡា​ជាមួយ SMEs ។

សម្តេច​ធិ​បតី ​នាយក​រដ្ឋមន្ត្រី​ ក៏​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ៖ “​អីចឹង​ជជែក​គ្នា​រឿង​ហ្នឹងហើយ ក៏​ទៅ​ដល់​ក៏​សួរ​រឿង​ហ្នឹង ​(​វិភាគ​ពាក់ព័ន្ធ​ព្រំដែន​)​ តាម​ពិត​យើង​ជជែក​រឿង​នោះ ហើយ​ខ្ញុំ​សួរ​ថា ថា​ឯង​ដឹង​ទេថា​បង​ហៅ​មក​មានរឿង​អី គាត់​ថា ខ្ញុំ​មក​ប្រហែល​តែ​ជា​រឿង​ហ្នុង​ហើយ ដល់​ចឹ​ង ​ខ្ញុំ​អត់​បាន​ត្រៀម​សំណួរ​បង​ឯង​រឿង SMEs និង SDI ។ ខ្ញុំ​ក៏​បាន​សួរ​រឿង​ហ្នឹង​ថា (​ព្រំដែន​) ​គាត់​មិន​បាន​ថា គាត់​វិភាគ​ខុស ​ឬ​ត្រូវ​នោះ​ទេ ជា​រឿង​របស់​គាត់ ខ្ញុំ​បាន​សួរ​គាត់​ថា ក្នុង​នាម​ជា​អ្នក​សិក្សា​ដូច​គ្នា​ប្អូន​ឯង​ផ្អែក​ទៅ​លើ​សូចនាករ​អ្វី​” ​។

ចំពោះ​វិភាគ​ពាក់ព័ន្ធ​ព្រំដែន​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ស្នើ​ឱ្យ​បញ្ចប់​ នូវ​ការ​វែកញែក​លើ​បណ្តាញ​សង្គម​ទៅ ព្រោះ​គាត់​វិភាគ​ផ្អែក​ទៅ​លើ​ទិន្នន័យ​វិទ្យា​សា ស្ត្រ​របស់​គាត់ ​ដែល​បាន​ស្រាវជ្រាវ​រក​ឃើញ និង​សូចនាករ​ដោយ​មិន​បាន​ទៅ​បំផុសបំផុល​ចលនា​អ្វី​នោះ​ទេ​។

សម្តេច​ធិ​បតី ​ក៏​បាន​លើក​ឡើង​ថា​នៅ​ក្នុង​ជំនួប​លោក​បណ្ឌិត​ មិន​បាន​តបត​ជាមួយ​អ្នក​រិះគន់​ចំពោះ​អ្វី​ដែល​លោក​បណ្ឌិត​លើក​ឡើង​នោះ​ទេ ៕